ចេញ​ហើយប្លង់​គម្រោង​អភិវឌ្ឍន៍​​ឆ្នេរខ្សាច់ខេត្តកែប ពេល​ធ្វើរួច​អាចស៊ីដាច់​ឆ្នេរ​ទាំងអស់នៅកម្ពុជា

  • 2024-01-09 07:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹក​ថ្ងៃទី៨ ខែមករា ឆ្នាំ​២០២៤ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បើកកិច្ចប្រជុំ​ពិភាក្សាស្តីពីផែនការ​អភិវឌ្ឍន៍​ឆ្នេរ និងផ្លូវជិះកង់ទេសចរណ៍​តំបន់ឆ្នេរសមុទ្រ​កម្ពុជា។

ក្នុងកិច្ចប្រជុំ​នេះ បាន​ពិគ្រោះយោបល់​លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង២៧០០​ម៉ែត្រនៅខេត្តកែប។ លើសពីនេះ អង្គប្រជុំ​ក៏បាន​បង្ហាញ​ចេញ​ប្លង់​នៃគម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់ផងដែរ ដែលមើលទិដ្ឋភាពពីលើអាកាសឃើញ​ថា ឆ្នេរខ្សាច់​ត្រូវបាន​រៀបលយចូលសមុទ្រ​ ចេញ​ជាកំពូលស្រួច៤ ដ៏គួរឱ្យទាក់ទាញ​ចិត្ត​បំផុត។

សូម​រំលឹក​ថា កាលពីខែសីហា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​ អនុវត្ត​គម្រោង​កែលម្អឆ្នេរភក់​ ទៅជា​ឆ្នេរខ្សាច់កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម​ទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្តកែប។

ឆ្នេរខ្សាច់នេះ ​នឹងត្រូវរៀបចំ​កែលម្អដែលមានទទឹងយ៉ាងតិច ៣០ម៉ែត្រ បណ្តោយ ២ ៧០០ម៉ែត្រ ដោយ​ការរៀបចំ​គ្រឹះ និងចាក់ខ្សាច់​សល្អសម្រាប់ឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈ។ ជាមួយ​គ្នានេះ ក៏នឹងមានការ​រៀបចំ​សួនច្បារសាធារណៈ និងដាំដើមឈើ​នៅលើដីចំណីឆ្នេរសមុទ្រ​ដែលមានទទឹង ៥០ម៉ែត្រ និងបណ្តោយ ២ ៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ដីមានជីជាតិ​ល្អសម្រាប់​សួនច្បារ និងការដាំដើមឈើ។

គម្រោងនេះ នឹងពង្រីក​ឆ្នេរខ្សាច់កាន់តែធំទូលាយ​បន្តពីសួនច្បារ សំដៅលើកកម្ពស់សោភណ្ឌភាព​ និងបរិស្ថាន ប្រែក្លាយពីតំបន់​ដែលមិនមានការអភិវឌ្ឍ ទៅជាតំបន់ទេសចរណ៍ពិសិដ្ឋ មានវិសាលភាពធំទូលាយ ទាក់ទាញភ្ញៀវទេសចរ បង្កើត​មុខរបរជូនប្រជាពលរដ្ឋ​នៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និងរួមចំណែក​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់​ក៏ដូចជាសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី