KK Running Club៖​ យើង​រួម​គ្នា​រត់​បែប​សប្បុរសធម៌​ដើម្បី​ស្នាម​ញញឹម​កុមារ​​ និង​សំណូមពរ​មហាជន​បរិច្ចាគ​

  • 2024-01-22 08:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ក្រុម​ KK Running Club​ មួយ​រូប​ថា​សកម្មភាព​រត់​បែប​សប្បុរសធម៌​របស់​សមាជិក​ក្រុម​ទាំង​ ១៦៦​នាក់​នេះ​ធ្វើ​ឡើង​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​សម្រាល​បន្ទុក​ដល់ ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដើម្បី​ស្នាម​ញញឹម​កុមារ​ដែល​មក​សម្រាក​ព្យាបាល។​

ឯកឧត្ដម​ បួនហ៊ីង​ សុធីយ៉ា​

ឯកឧត្ដម​ បួនហ៊ីង​ សុធីយ៉ា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី២៧​ ខែ​មករា​ ឆ្នាំ​២០២៤​ នេះ​ក្រុម​រត់​ប្រណាំង​ KK Running Club​ នឹង​ចូលរួម​រត់​ចម្ងាយ​ឆ្ងាយ​ Ultra Trail Angkor ​នៅ​ខេត្ត​សៀមរាប។​ គោលបំណង​ធំ​នៃ​ការ​ចូលរួម​គឺ​ដើម្បី​រៃអង្គាស​ថវិកា​ឲ្យ​បាន​ ៨,០០០​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដើម្បី​សម្រាល​បន្ទុក​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​កុមារ​គ្មាន​លទ្ធភាព​ដែល​មក​ទីនោះ។​

​មន្ទីរពេទ្យ​កុមារ​អង្គរ​​ព្យាបាល​កុមារ​ដោយ​មិន​គិត​ប្រាក់​ ខណៈ​ការ​ជួយ​ឧបត្ថម្ភ​ក៏​មិន​សូវ​មាន​ ដូច្នេះ​ហើយ​ទើប​ក្រុម​ KK Running Club ​ព្យាយាម​កៀរគរ​ដល់​សមាជិក​ និង​មហាជន​ឲ្យ​ចូលរួម​ទាំង​អស់​គ្នា។​ ឯកឧត្ដម​សំណូមពរ​ដល់​មហាជន​ទាំង​អស់​គ្នា​ចូលរួម​ជួយ​សង្គម​គ្រប់​រូបភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដូច​ជា​ការ​បរិច្ចាគ​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ​ជា​ដើម​ដើម្បី​បង្កើត​ស្នាម​ញញឹម​ដល់​ពួកគេ​ ព្រោះ​ថវិកា​របស់​សប្បុរសជន​នានា​បាន​ជួយ​ដល់​ការ​ចំណាយ​ព្យាបាល​របស់​មន្ទីរពេទ្យ​ដែល​មន្ទីរពេទ្យ​ផ្ទាល់​ព្យាបាល​កុមារ​គ្រប់ទិសទី​ដោយ​មិន​យក​ថវិកា​នោះ​ទេ។​

រូបភាពរត់កាលពីឆ្នាំមុន

ឯកឧត្ដម​ បួនហ៊ីង​ សុធីយ៉ា​ ដែល​ជា​អ្នក​ចូលចិត្ត​កីឡា​ និង​ជា​ថ្នាក់ដឹកនាំ​របស់​តេក្វាន់ដូ​ ITF​ ខាង​លើ​នេះ​ទទួល​ស្វាគមន៍​ជា​និច្ច​ចំពោះ​មហាជន​ដែល​ចង់​ចូលរួម​រត់​ប្រណាំង​ Ultra Trail Angkor​ និង​មាន​បំណង​ចង់​បរិច្ចាគ​ថវិកា​មិន​ថា​ តិច​ ឬ​ច្រើន​ក្ដី ​គឺ​អាច​ SCAN QR​ ដែល​មាន​ស្រាប់​នេះ​ផ្ទាល់​ទៅ​គណនេយ្យ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ ឬ​ទំនាក់ទំនង​ទៅ​កាន់​ហ្វេសបុក​ផេក​ KK Running Club។​

QR មន្ទីរពេទ្យកុមារអង្គរ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ Ultra Trail Angkor 2024 ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧​ ខែ​មករា​ ក្នុង​ខេត្ត​សៀមរាប។​ វិញ្ញាសា​សរុប​រួម​មាន៦​ ទី១​ ចម្ងាយ​ ៨ ​Km ទី២​ ចម្ងាយ​ ១៨ Km ទី៣​ ចម្ងាយ​ ៣២ Km ទី៤​ ចម្ងាយ​ ៤២ Km ទី៥​ ចម្ងាយ​ ៦៤ ​Km ទី៦​ ចម្ងាយ​ ១០០​Km៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម