អាងទឹកដងកាំបិត នៅខេត្តកំពង់ធំ ដែលខ្នង​ទំនប់មានកម្ពស់ ៤០ម៉ែត្រ ពេលសង់រួចនឹង​បម្រើ​ឱ្យប្រជាកសិករ​ជាង ៨ម៉ឺននាក់

  • 2024-02-01 08:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​អភិវឌ្ឍន៍​អាងទឹក​ដងកាំបិត​ ស្ថិត​ក្នុង​ភូមិ​ស្រែខ្សាច់​ ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​ ត្រូវបានបើកការដ្ឋាន​សាងសង់ហើយ​ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី​ក្រសួងធនធានទឹក និងឧតុនិយម និងមានការចូលរួម​ពី​ឯកឧត្តម​ ងួន រតនៈ​ អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​កំពង់ធំ​ លោកស្រី Zhong Jie ទី​ប្រឹក្សា​នៃ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​ ឯកឧត្តម​ លោក​ជំទាវ លោក លោកស្រី​ ភ្ញៀវជាតិ​ និង​អន្តរជាតិ​ រួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​ជា​ច្រើននាក់។​

គម្រោង​នេះទទួលបាន​​​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ​ អាហរ័ណ​ នីហរ័ណ​ចិន​ (EXIMBANK​)​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវ​ត្ថុកម្ពុជា។​

ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ ការសាងសង់​ និង​អភិវឌ្ឍន៍អាងទឹក​ដងកាំបិត​នាពេលនេះ​បានបង្ហាញ​ពីការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រងទឹក បញ្ជាទឹក ដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម បង្កើនផលិតកម្មស្បៀង ព្រមទាំងធានាទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងផ្នែកឧស្សាហកម្ម កសិកម្ម ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាកសិករដែលរស់នៅក្នុងតំបន់គម្រោង សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងនានា ដើម្បីឱ្យការអនុវត្តគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ បានបញ្ចប់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតត្រូវប្រើរយៈពេល ៤៨ខែ​ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះមានការសាងសង់ខ្នងទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ដែលរួមមានទំនប់​ដី​ខាងឆ្វេង​ប្រវែង​ ១ ១៣៦ម៉ែត្រ​ ទំនប់​បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់​បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១ ១៨៨ម៉ែត្រ ខ្នង​ទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ ក្រោយការ​សាង​សង់​រួចប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ស្មើនឹង ៨៥ ៣០០នាក់ ក្នុង​ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និង​ស្រុក​ប្រាសាទសំបូរ​ នៃ​ខេត្ត​កំពង់ធំ​នឹងបានទទួលផលពីការអភិវឌ្ឍ​អាង​នេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទថ្មី