គ្រូបាល់ទះវិសាខា គាំ ស៊ាងហ៊ីន សរសើរអង្គរក្សថាមានបច្ចេកទេសថ្មីៗប្លែក

  • 2024-02-17 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុជុំទី២នៃពានរង្វាន់ «តេជោលីគ» កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ រវាងក្រុមសមាគមន៍បាល់ទះវិសាខា និងក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ពិតជាមានភាពស្វិតស្វាញខ្លាំង និងបានអូសបន្លាយចំនួនប្រកួតរហូតដល់ទៅ៥សិត ដោយក្រសោបបានអ្នកទស្សនាផ្ទាល់ និងអ្នកទស្សនាច្រើនតាម ការផ្សាយបន្តផ្ទាល់ (Online) យ៉ាងច្រើនកុះករ។

លោកគ្រូ គាំ ស៊ាងហ៊ីន

ចុងក្រោយក្រុមខ្លាំងវិសាខា បានយកឈ្នះបញ្ជាការដ្ឋានអង្គរក្ស ៣សិតទល់នឹង២សិត ចំណែកអង្គរក្សជាក្រុមតែមួយគត់បញ្ចប់កំណត់ត្រាមិនដែលចាញ់សោះ (ចាញ់ក្នុងសិត) របស់វិសាខា។

ជាមួយនឹងលទ្ធផលនេះលោក គាំ ស៊ាងហ៊ីន គ្រូបង្គោលរបស់ក្លឹបបាល់ទះវិសាខា បានកោតសរសើរដល់ក្រុមបញ្ជាការដ្ឋានអង្គរក្សថាពិតជាសិក្សាពីក្រុមខ្លួនបានល្អ ហើយថែមទាំងមានបច្ចេកទេសថ្មីប្លែកតាមមិនទាន់។

លោកគ្រូបានបញ្ជាក់យ៉ាងដូច្នេះ៖ «ដោយសារក្រុមអង្គរក្សគាត់បានលេងជាមួយក្រុមវិសាខាគឺគាត់បានសិក្សាពីការលេងរបស់វិសាខា គាត់បានកែប្រែការហ្វឹកហាត់ការលេងរបស់គាត់គឺឃើញមានប្រសិទ្ធភាពល្អ ចឹងធ្វើឲ្យវិសាខាយើងរៀងពិបាកតាមបច្ចេកទេសថ្មីរបស់គាត់»។

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការប្រកួតដណ្ដើមពានរង្វាន់តេជោលីគរដូវកាលទី១ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយដោយក្រុមចំណាត់ថ្នាក់លេខ១វិសាខាជួបជាមួយក្រុមចំណាត់ថ្នាក់លេខ៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈក្រុមលេខ២ បញ្ជាការដ្ឋានបញ្ជាការដ្ឋានត្រូវជួបជាមួយក្រុមខ្លាំងក្រសួងមហាផ្ទៃ ចាប់ពីម៉ោង៣រសៀលតទៅ។

ឡើងមកដល់វគ្គនេះលោកគ្រូ គាំ ស៊ាងហ៊ីន បានចាត់ទុកថាក្រុមមួយណាក៏ជាឧបសគ្គធំរបស់វិសាខាដែរ ដោយលោកមិនបានមើលស្រាលក្រុមណាមួយឡើយ លោកត្រូវប្រុងប្រយ័ត្នគ្រប់ពេល និងត្រូវរៀបចំក្បួនដើម្បីយកឈ្នះគ្រប់ការប្រកួត៕

អត្ថបទ៖ Um Sopheak