ដើម្បី​តម្លាភាព​តេក្វាន់ដូ​ ITF​ ឲ្យ​សិស្ស​ប្រកួត​ជាក់ស្ដែង​អ្នក​ឈ្នះ​ជាប់​ជម្រើស​ជាតិ​ ចាញ់​ធ្លាក់​ចេញ​

  • 2024-03-04 07:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ឲ្យ​មាន​តម្លាភាព​ទាំង​អស់​គ្នា​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ កែវ​ រ៉េមី​ ម្សិលមិញ​នេះ​ឲ្យ​សិស្ស​ៗ​ប្រកួត​តេស្ត​សមត្ថភាព​គ្នា​អ្នក​ឈ្នះ​បាន​ជាប់​ជា​កីឡាករជម្រើស​ជាតិ​ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​ផ្សេងៗ។​

ទិដ្ឋភាពពេលធ្វើតេស្ត

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​ឆ្នាំ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឲ្យ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ត្រូវ​កាត់បន្ថយ​ចំនួន​ក្រុម​ជម្រើស​ជាតិ​ពី​ ២៨​នាក់​មក​ត្រឹម​ ១៣​នាក់​វិញ។​ ដូច្នេះ​ដើម្បី​មាន​តម្លាភាព​ក្នុង​ការ​ជ្រើសរើសកីឡាករ​ កីឡា​ការិនី​ទាំង​ ១៣​នាក់​នេះ​សហព័ន្ធ​ក៏​សម្រេច​ចិត្ត​ឲ្យ​មាន​ការ​ប្រកួត​ជាក់ស្ដែង​តេស្ត​សមត្ថភាព​អ្នក​ដែល​ឈ្នះ​ត្រូវ​ជាប់​ជា​ជម្រើស​ជាតិ។​

ឯកឧត្ដម​ កែវ​ រ៉េមី​

ថ្នាក់ដឹកនាំ​ឆ្នើម​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ មែនទែន​ទៅ​សហព័ន្ធ​គឺ​មិន​ចង់​ជម្រុះ​កីឡាករ​ កីឡា​ការិនី​ចេញ​នោះ​ទេ​ ប៉ុន្តែ​នេះ​ជា​គោលការណ៍​ក្រសួង​ដាក់​មក។​ យ៉ាងណា​ឯកឧត្ដម​បញ្ជាក់​ទៀត​ថា​ ក្រុម​តេក្វាន់ដូ​ ITF​ គឺ​មាន​បេះដូង​តែ​មួយ​ ពោល​ចេះ​ជួយ​យក​អាសាគ្នា​ ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មិន​បោះបង់​គ្នា​ក្នុង​គ្រា​លំបាក​ ដូច្នេះ​ហើយ​សហព័ន្ធ​សម្រេច​ជ្រើសរើស​អ្នក​ល្អ​មួយ​ចំនួន​ទៀត​ចូល​ជា​កីឡាករ​បម្រុង​ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​គ្នា​បាន​មក​ពី​ការ​ចែករំលែក​ពី​ក្រុម​ជម្រើស​ជាតិ​ទាំង​១៣​នាក់។​

ទិដ្ឋភាពពេលធ្វើតេស្ត

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​តេស្ត​សមត្ថភាព​ដើម្បី​ជាប់​ជា​ក្រុម​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ ឆ្នាំ​២០២៤​ នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​សាល​ហ្វឹកហាត់​ជាតិ​ទី៤​ នៃ​អគារ​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋានជាតិ។​ សម្រាប់​ប្រភេទ​កីឡា​តេក្វាន់ដូ​ ITF​ ឆ្នាំ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្ដុំ​កីឡាករ​ កីឡា​ការិនី​ ១៣នាក់​ និង​មាន​គ្រូ​ ២នាក់​ប៉ុណ្ណោះ៕

ទិដ្ឋភាពពេលធ្វើតេស្ត

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម