ស្វាគមន៍ ទិវាមួយម៉ោងសម្រាប់ភពផែនដី វិលមកវិញជាផ្លូវការហើយ!

  • 2024-03-21 03:17:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីជោគជ័យនៅឆ្នាំកន្លងមក ពេលនេះ «ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី» ក៏បានវិលមកវិញជាផ្លូវការ នៅក្នុងឆ្នាំ​ ២០២៤ ដោយ​​​ផ្តោត​លើ​ប្រធាន​បទ “​សុខដុមរមនានៃមនុស្ស អាហារ និរន្តរភាព និងធម្មជាតិ សម្រាប់ភពផែនដី”

ជាក់ស្ដែង សម្រាប់ កម្មវិធីផ្លូវការនឹងប្រារព្ធឡើងនាថ្ងៃទី២៣ ខែមីនា ខាងមុខនេះនៅផ្សារទំនើប Aeon Mall Phnom Penh ចាប់ពីម៉ោង ៩ព្រឹក​ ដល់ម៉ោង៩យប់។ ផ្អែកតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Earth Hour Cambodia បាន​ឲ្យដឹងផងដែរថា សកម្មភាពសំខាន់ៗក្នុងកម្មវិធីឆ្នាំនេះរួមមាន ការតាំងពិព័រសមិទ្ធផលការងារ និងផលិតផលបរិស្ថាន វេទិកាពិភាក្សាសាធារណៈ កម្មវិធីសិល្បៈ និងកម្មវិធីសំខាន់ៗជាច្រើន។

ចូលរួមជាមួយនឹងប្រជាជនកម្ពុជា និងមនុស្សរាប់លាននាក់ទៀតនៅទូទាំងពិភពលោក ដោយបិទភ្លើងរយៈពេលមួយម៉ោងនៅវេលាម៉ោង ៨:៣០នាទី នៅថ្ងៃនោះ ដើម្បីបង្ហាញឆន្ទៈក្នុងការការពារបរិស្ថាន និងពិភពលោករបស់យើង។ ទាំងអស់គ្នាដើម្បីភាពសុខដុមរមនារវាងមនុស្ស អាហារ និរន្តរភាព និងធម្មជាតិ សម្រាប់ភពផែនដីយើង។

ទិវា Earth Hour ចាប់ផ្តើមដំបូងនៅទីក្រុងស៊ីដនីក្នុងឆ្នាំ ២០០៧ និងបានរីកដុះដាល ក្លាយជាចលនាដ៏ធំបំផុតមួយរបស់ពិភពលោក រៀបចំឡើងដើម្បីបរិស្ថាន ដែលបំផុសគំនិត និងផ្តល់អំណាចដល់បុគ្គល សហគមន៍ អាជីវកម្ម និងអង្គការនានាក្នុង ១៩០ ប្រទេស និងដែនដីដើម្បីធ្វើសកម្មភាពណាមួយ ទប់ស្កាត់ការប្រែប្រួលខ្លាំងនៃអាកាសធាតុ ការផ្លាស់ប្តូរ និងការបាត់បង់ធម្មជាតិ។ ជាមួយគ្នានោះ កម្ពុជា​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​សាកល​នេះ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

ចាប់តាំងពីឆ្នាំ ២០១០ មក Earth Hour Cambodia បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ពេញនិយមមួយ ដែលបំផុសការចូលរួមពីមហាជនទូទាំងប្រទេស ជាពិសេសយុវជនរហូតមកដល់បច្ចុប្បន្ន។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយ ក្រសួងបរិស្ថាន WWF-កម្ពុជា ក្រុមយុវជន ដោយមានការគាំទ្រពីដៃគូពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ។

"សុខដុមរមនារវាងមនុស្ស អាហារ និរន្តរភាព និងធម្មជាតិចិញ្ចឹមភពផែនដីរបស់យើង" គឺជាប្រធានបទសម្រាប់ Earth Hour Cambodia ឆ្នាំ ២០២៤។

គោលបំណងក្នុងការលើកប្រធានបទ៖ "សុខដុមរមនានៃមនុស្ស អាហារ និរន្តរភាព និងធម្មជាតិ សម្រាប់ភពផែនដី" នេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យកាន់តែច្រើនអំពីសារសំខាន់នៃសកម្មភាពវិជ្ជមានដែលមនុស្សអាចធ្វើបានរួមគ្នា ដើម្បីការពារផ្ទះយើងរួមគ្នា ផែនដី ពិសេសក៏ដើម្បីលើកទឹកចិត្តដល់សកម្មភាពរួម និងទាក់ទាញមនុស្សឱ្យមករួមគ្នាស្រឡាញ់បរិស្ថាន និងបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការជម្រុញបន្ថែមនូវសកម្មភាពគាំទ្រណាមួយ សម្រាប់ការកសាងសង្គមប្រកបដោយចីរភាព។

ទិវានេះដែរ ក៏មានការចូលរួមគាំទ្រពីរដ្ឋាភិបាល រួមមាន៖ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ថែមពីលើនេះក៏មាន ដៃគូសហការមកពីវិស័យឯកជនដូចជា៖ Smart Axiata, Aeon Mall, Foodpanda, Coca Cola និងប្រព័ន្ធផ្សព្វផ្សាយរួមមាន ភ្នំពេញប៉ុស្តិ៍, Sabay, Fresh News, បណ្ដាស្ថាប័នផ្សេងៗទៀត, ស្ថានទូត, អង្គការ, តារាល្បីៗ ក្រុមយុវជន ក៏ដូចជាបុគ្គលឥទ្ធិពលក្នុងប្រទេសជាច្រើនរូប។

សូមចូលរួមឲ្យបាន​ច្រើនកុះករទាំងអស់គ្នា ដើម្បីសុខដុមរមនារវាងមនុស្ស អាហារ និរន្តរភាព និងធម្មជាតិ សម្រាប់ភពផែនដី៕