ក្រសួង​សាធារណការ បង្កើត​ក្រុមការងារ​បច្ចេកទេសចម្រុះ ដើម្បី​សិក្សា​ជ្រើស​រើស​វិធីសាស្រ្ត​សង់ផ្លូវ ត្រពាំងរពៅ-វាលរេញ

  • 2024-03-25 02:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការចំពោះកិច្ច កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សាផ្ទៀងផ្ទាត់ គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ)។

អង្គប្រជុំ​បានជជែកពិភាក្សា​យ៉ាងផុលផុស ជុំវិញការងារបច្ចេកទេសនៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលមានប្រវែងជាង ២០គីឡូម៉ែត្រនេះ។ បន្ទាប់ពីការពិភាក្សា លោកជំទាវរដ្ឋលេខាធិការប្រចាំការប្រធានអង្គប្រជុំ បានធ្វើការណែនាំឱ្យ​រៀបចំបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយ និងរៀបចំគម្រោងផែនការនៃការសិក្សាលើការងារបច្ចេកទេសទាំងនោះ ឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រមូលធាតុចូលយកមកពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផលដែលធ្លាប់បានសិក្សាដោយផ្នែកឯកជននាពេលកន្លងមក មុននឹងឈានដល់ការសម្រេចជ្រើសយកវិធីសាស្រ្តបច្ចេកទេសណាមួយមកអនុវត្តក្នុងគម្រោងការងារនេះ។

លោកជំទាវរដ្ឋលេខាធិការប្រចាំ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាបំពេញការងារនេះឱ្យអស់ពីសមត្ថភាព ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការសិក្សាលើការងារបច្ចេកទេសដើម្បីប្រមូលធាតុចូលយកមកពិនិត្យផ្ទៀងផ្ទាត់ ប្រព្រឹត្តទៅបានដោយរលូន និងទាន់ពេលវេលាក្នុងរដូវប្រាំងនេះ។

លោកជំទាវបន្ថែមថា យើងត្រូវពួតដៃគ្នាធ្វើយ៉ាងណា ឱ្យគម្រោងស្តារកំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅ ទៅដល់វាលរេញ នេះទទួលបានជោគជ័យ ដើម្បីដោះស្រាយបញ្ហាលំបាកក្នុងធ្វើដំណើរ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតំបន់នោះ។

សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ ដោយឡែក កំណាត់ផ្លូវពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសាងសង់ និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។ កំណាត់ផ្លូវនេះ តែងតែឆាប់ឆាប់ខូចទៅវិញ បន្ទាប់ពីជួសជុលហើយ ដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅអតិបរមាប្រមាណជិត ១៨ម៉ែត្រ (ដោយកន្លែង)។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។

​រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​ស្វែងរក​ថវិកា​ប្រមាណ ៦០លានដុល្លារ ដើម្បី​សាងសង់​តាមស្តង់ដារ និងរឹងមាំបានយូរ។ តាមរយៈ​ការសិក្សា​បានបង្ហាញថា គម្រោងអាចធ្វើការបែងចែកកំណាត់ផ្លូវ២០គីឡូម៉ែត្រជាពីរ៖

-ផ្នែកទី១: ផ្អែកលើការសិក្សា ស្រទាប់គ្រឹះផ្លូវ និងស្ថានភាពភូមិសាស្រ្ត ផ្នែក១៥គីឡូម៉ែត្រមានស្ថានភាព គ្រឹះផ្លូវ មានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលបាននឹងកំពុងធ្វើការសាងសង់។ ដូចនេះ អាចយកវិធីសាស្រ្ដសាងសង់ផ្លូវលេខ១៤៦B ដើម្បីធ្វើការសិក្សាលម្អិតបន្ថែមទៀតទៅលើបច្ចេកទេស និង តម្លៃសម្រាប់ផ្ទៃកម្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ។ (៣០លានដុល្លា ក្នុង១៥គីឡូម៉ែត)

-ផ្នែកទី២: ផ្នែក៥គីឡូម៉ែត្រមានស្ថានភាពដីស្អុយផ្នែកខាងក្រោមមានជម្រៅពី១១ម៉ែត្រ ទៅ ១៧ ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ។ (៣០លានដុល្លា ក្នុង៥គីឡូម៉ែត)៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម