ម៉ូដែលជើងចាស់ គង់ ផល្លា ប្រឹងជំរុញកូនស្រីទាំង ២ ឱ្យស្រលាញ់សិល្បៈ និងផ្សព្វផ្សាយទៅឆាកអន្តរជាតិ

  • 2024-03-26 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាម៉ូដែលជើងចាស់ គង់ ផល្លា បានវិលត្រឡប់មករកវិស័យសិល្បៈវិញបណ្តើរៗហើយ ក្រោយសម្រេចចិត្តត្រឡប់មករស់នៅទឹកដីកំណើតវិញ ជាមួយកូនៗនិងស្វាមីជនជាតិអង់គ្លេស។ អ្នកនាង បានបង្ហាញខ្លួនចូលរួមកម្មវិធីសិល្បៈផ្សេងៗជាហូរហែរ និងបានចូលរួមដើរបង្ហាញម៉ូដសម្លៀកបំពាក់ឱ្យ លោក អូលីវ៉ា គង់ ជារឿយៗផងដែរ។

ត្រឡប់មករស់នៅកម្ពុជាវិញលើកនេះ តារាម៉ូដែល គង់ ផល្លា បានបញ្ជូនកូនស្រីបណ្តូលចិត្តទាំងពីរ គឺ ស៊ុយតុន ហ្ល្ររែនផានីតា និង ស៊ុយតុន វីនីច័ន្ទលីណា ឱ្យហាត់រៀនដើរម៉ូដជាមួយអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ដោយគិតមកទល់ពេលនេះ កូនស្រីទាំង ២ ចេះដើរម៉ូដយ៉ាងស្ទាត់ជំនាញ ថែមទាំងពូកែកាច់ស្ទីល៍ថតរូបមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ។

ដោយមើលឃើញថា ផានីតា និង លីណា មានដុងទេពកោសល្យសិល្បៈដូចខ្លួនឯង អ្នកម្តាយ គង់ ផល្លា បានជំរុញលើកទឹកចិត្តកូនស្រីឱ្យធ្វើនូវអ្វីដែលពួកគេស្រលាញ់ពេញចិត្ត ថែមទាំងបើកឱកាសឱ្យអ្នកទាំងពីរបានរៀនសូត្រជំនាញសិល្បៈថ្មីៗតាមដែលពួកគេត្រូវការ។ មិនតែប៉ុណ្ណោះ ម៉ូដែលជើងចាស់រូបនេះ ក៏ជំរុញកូនស្រីឱ្យចូលរួមស្ម័គ្រចិត្តដើរម៉ូដក្នុងព្រឹត្តិការណ៍ជាតិធំៗផងដែរ ដើម្បីជាការតបស្នងប្រទេសជាតិ និងជាចំណែកចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

អាយុទើបតែជាង១០ឆ្នាំប៉ុណ្ណោះ តារាម៉ូដែលវ័យក្មេងកូនកាត់ខ្មែរ-អង់គ្លេស ទាំង ២ រូបបានធ្វើឱ្យឪពុក និងអ្នកម្តាយ គង់ ផល្លា មានមោទនភាពជាខ្លាំង ដោយអ្នកទាំងពីរមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដកម្មវិធី fashion show ក្នុងស្រុក និងក្រៅស្រុកជាបន្តបន្ទាប់។ ក្រៅពីដើរម៉ូដ ផានីតា និង លីណា ក៏មានទេពកោសល្យសម្តែងល្អផងដែរ ដោយបានចូលរួមថតស៉្បតពាណិជ្ជកម្មឱ្យក្រុមហ៊ុនឯកជនទៀតផង។

ទន្ទឹមការជំរុញកូនស្រីឱ្យដើរលើវិថីសិល្បៈ តារាម៉ូដែលជើងចាស់ គង់ ផល្លា ក៏មិនភ្លេចការសិក្សារបស់កូនៗឡើយ ដោយសព្វថ្ងៃកូនស្រីទាំង ២ កំពុងសិក្សានៅសាលា South Bridge International School ថែមទាំងទទួលលទ្ធផលការសិក្សាល្អទៀតផង។ អ្នកនាង បានព្យាយាមថ្លឹងថ្លែងពេលវេលាច្បាស់លាស់ ហើយបែកចែកឱ្យដាច់រវាងការសិក្សា និងការងារសិល្បៈ តែថ្ងៃក្រោយទៅជាយ៉ាងណាអាស្រ័យលើស្ថានភាពជាក់ស្តែង ព្រោះការសិក្សាជាអទិភាពចម្បងសម្រាប់កូនស្រី រីឯសិល្បៈក៏សំខាន់មិនអាចបោះបង់ចោលបាននោះឡើយ៕

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម