ផ្លាកសញ្ញាកំណត់ល្បឿននៅលើផ្លូវជាតិលេខ១ និងលេខ៦ នឹងត្រូវកែសម្រួល

  • 2024-03-27 02:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​បើកកិច្ចប្រជុំពិនិត្យ​ផ្ទៀងផ្ទាត់​បរិក្ខារចរាចរណ៍ និងការសិក្សវាយតម្លៃ​លើការកែសម្រួល​ផ្លាកសញ្ញាចរាចរណ៍​ និងផ្លាកសញ្ញា​កំណត់ល្បឿន​លើផ្លូវជាតិលេខ១ លេខ៦ និងលេខ៦១ ដែល​ប្រមូលរបាយការណ៍ និងសិក្សាវាយតម្លៃដោយក្រុមការងារបច្ចេកទេស។

កិច្ចប្រជុំនេះ ដឹកនាំ​ដោយ​​ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ធ្វើឡើង​កាលពីថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៤ ក្នុងគោលបំណង ដើម្បីពិភាក្សា និងផ្តល់ធាតុចូលបន្ថែម លើលទ្ធផលការងាររបស់ក្រុមការងារបច្ចេកទេស ដែលបានចុះយកទិន្នន័យ និងវិភាគលទ្ធផល លើការកំណត់ផ្លាកសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាកំណត់ល្បឿន លើផ្លូវជាតិលេខ១ លេខ៦ និងលេខ៦១។

ការសិក្សានេះ ក្នុងគោលដៅ​ចូលរួម​ចំណែកកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ ក៍ដូចជា​ការលើកកម្ពស់សោភ័ណភាពផ្លូវ ឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន នៃការបើកបរ និងស្ថានភាពផ្លូវដែលអាចឲ្យពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមលក្ខណៈបច្ចេកទេសផ្លូវ។

​គួរដឹងថា ក្រសួងសាធារណការ កំពុង​រៀបចំ​សេចក្តី​ព្រាងអនុក្រឹត្យ​ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្ត​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការ​ប្រើប្រាស់​ពេលវេលាធ្វើចរាចរណ៍​ឱ្យបានសមស្រប ក៏ដូចជាលើកកម្ពស់​សុវត្ថិភាព និងសណ្តាប់ធ្នាប់​ក្នុងការប្រើប្រាស់​ផ្លូវថ្នល់ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម