បន្ទាប់ពី ភីកអាប់អគ្គិសនី Isuzu D-Max ផលិតនៅថៃ! ស្រាប់តែ Toyota ក៏ប្រកាសដែរថា នឹងផលិត Hilux អគ្គិសនី នៅក្នុង​ប្រទេសនេះផងដែរ

  • 2024-04-02 04:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Reuter បានដកស្រង់​សម្តីរបស់លោក Noriaki Yamashita ប្រធាន​ក្រុមហ៊ុន Toyota ប្រចាំ​ប្រទេសថៃ ថា Toyota នឹងចាប់ផ្តើម​ផលិត​រថយន្ត​ភីកអាប់ដ៏ល្បីល្បាញ​របស់ខ្លួន​ជាប្រភេទអគ្គិសនី​ គឺម៉ូឌែល Hilux ក្នុងប្រទេសថៃ នៅឆ្នាំ​២០២៥។

ការផលិត​រថយន្ត EV ភីកអាប់​នេះ នឹងផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ការនាំចេញ​ផងដែរ។

លោក Noriaki Yamashita បាន​ថ្លែងទៅកាន់អ្នកកាសែត​ក្នុងអំឡុង​ពិព័រណ៍យានយន្ត​អន្តរជាតិ​ក្រុងបាងកក​ កាលពីចុងខែមីនាកន្លងទៅថា រថយន្ត Hilux ស៊េរីថ្មី​នឹងត្រៀមខ្លួនបញ្ចេញ​ត្រឹមចុងឆ្នាំក្រោយ។ ជាមួយគ្នានេះ​ Toyota រំពឹងថា នឹង​អាចលក់​រថយន្ត ២៥ម៉ឺនគ្រឿង​ក្នុងប្រទេសថៃ នៅឆ្នាំ​២០២៤នេះ។

បើតាមការចេញផ្សាយរបស់ Reuter ឱ្យដឹងទៀតថា រថយន្តអគ្គិសនី Hilux នឹង​ត្រូវធ្វើតេស្តបើកបរ​ក្នុងក្រុងប៉ាតាយ៉ា ដើម្បីកំណត់​ពីសមត្ថភាព​របស់វា មុន​ចូលការផលិតជាទ្រង់ទ្រាយធំ​សម្រាប់​ទីផ្សារសាកល។

គួរកត់សម្គាល់ដែរថា កាលពីខែមុន ក្រុមហ៊ុន Isuzu បាន​បញ្ចេញ​គំរូភីកអាប់​រថយន្តអគ្គិសនីថ្មី​របស់​ខ្លួនជាលើកដំបូង គឺ​រថយន្ត Isuzu D-Max EV Concept ដែល​គ្រោង​នឹងផលិត​នៅក្នុងប្រទេសថៃ ឆ្នាំ​២០២៥​ផងដែរ។

ក្រុមហ៊ុន Isuzu ប្រចាំ​ប្រទេសថៃ បានលើកឡើងថា បច្ចុប្បន្ន ថៃ​គឺ​មូលដ្ឋាន​ផលិតយានយន្ត​ដ៏សំខាន់មួយ​ក្នុងពិភពលោក នូវចំនួន​ដ៏ច្រើន​ដែល​ផលិត​ក្នុង១ឆ្នាំ។ ក្នុងនោះ ថៃផលិតបាន ១,៨ ទៅ ១,៩លានគ្រឿង ដែល​ជាចំនួនខ្ពស់​ជាងគេនៅអាស៊ាន និងស្ថិតនៅលេខលំដាប់ទី១០ ក្នុងពិភពលោក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី