ដឹងទេ! ស្ពានមួយឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ ភ្ជាប់ទៅកំពង់ធំ កំពុងសាងសង់យ៉ាងលឿន អាចនឹងបញ្ចប់​មុនផែនការ

  • 2024-04-04 07:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចបាន ៣២% ហើយ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ​២០២៣។

កាលពីល្ងាច​ថ្ងៃ​ទី០២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដោយមានការចូលរួមផងដែរពី តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២%។ តួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។ គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុននាល្ងាចនេះ ការសាងសង់នឹងបញ្ចប់មុនផែនការ។

បើទោះជាយ៉ាងនេះក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ ជំរុញការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាអំណោយផលដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ គឺ មានប្រវែង ១៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង០,៥ម៉ែត្រ។

ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែង ២៦,៦៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ ១៩,៥ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ចំនួន ៤គន្លង(២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង(១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង ៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងគ្រោង​បញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម