ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ពេញចិត្ដប្រឡូកក្នុងទីផ្សារប្រកួតប្រជែងខ្លាំងក្លា ដើម្បីគុណភាពទឹកដោះគោ នៅកម្ពុជា

  • 2024-04-12 02:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរបបទីផ្សារសេរី ហើយមានការប្រកួតប្រជែងខ្លាំងក្លា គេមិនអាចបង្ខំ ឬដាក់សម្ពាធឲ្យអតិថិជនទិញផលិតផលណាមួយទៅប្រើប្រាស់ ដោយពុំមានគុណភាព ឬដឹងប្រភពដើមច្បាស់លាស់ដូចការអនុវត្ដរបបទីផ្សារផែនការឡើយ។ ដូច្នេះការពង្រីកខ្លួន និងការគិតគូពីគុណភាព ឲ្យឆ្លើយតបទៅនឹងទីផ្សារប្រកួតប្រជែងខ្លាំងក្លា គឺជារឿងចាំបាច់ដែលប្រតិបត្ដិករនីមួយៗត្រូវអនុវត្ដ។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រីក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២៤។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រកួតប្រជែងគ្នាក្នុងស្ថានភាពទីផ្សារខ្លាំងក្លា អាចធ្វើឲ្យប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់មានជម្រើសច្រើន ហើយម្ចាស់សហគ្រាសក៏ត្រូវផ្ចិតផ្ចង់ផលិតផលរបស់ខ្លួនឲ្យកាន់តែប្រសើរដែរ។ សម្ដេចនាយករដ្ឋមន្ដ្រី បានកត់សម្គាល់ឃើញថា ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល គឺជាក្រុមហ៊ុនធំមួយក្នុងចំណោម ៤ដែលកំពុងប្រកួតប្រជែងខ្លាំងលើផលិតទឹកដោះគោស្រស់មានគុណភាព នៅកម្ពុជា។

ទាក់ទងនឹងការប្រកួតប្រជែងទីផ្សារនេះ នាយកប្រតិបត្ដិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល លោក ឈរ រិទ្ធី បញ្ជាក់ថា ក្រុមហ៊ុនបានបើកដំណើរការដំបូងក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ និងស្ថានភាពវិបត្ដិសេដ្ឋកិច្ចសកលតាំងពីឆ្នាំ២០២០ ប៉ុន្ដែក្រុមហ៊ុនបានជម្នះឧបសគ្គ រហូតទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន។ ក្រុមហ៊ុនបានផ្ដោតលើគុណភាព ដោយអនុវត្ដតាមស្ដង់ដារផលិតកម្រិតអន្ដរជាតិ ដើម្បីធ្វើឲ្យគុណភាពទឹកដោះគោកាន់តែប្រសើរ និងមានផលិតផលកាន់តែច្រើនជម្រើសដូចជាទឹកដោះគោស្រស់ និងយ៉ាអ៊ួជាដើម សម្រាប់អតិថិជន។

បើតាមលោក ឈរ រិទ្ធី បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌មានគោជិត ១,000 ក្បាល ក្នុងនោះមាន ៥០០ក្បាល កំពុងយកទឹកដោះ។ ចាប់ផ្ដើមផលិត និងចេញលក់នៅលើទីផ្សារដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុនមានលទ្ធភាពផលិតចន្លោះពី២,០០០លីត្រ ទៅ៣,០០០លីត្រ ប៉ុណ្ណោះក្នុង១ថ្ងៃ ប៉ុន្ដែបច្ចុប្បន្នក្រុមហ៊ុនមានលទ្ធភាពផលិតបានប្រមាណ ១៣,០០០លីត្រ ក្នុង១ថ្ងៃ។ លោកថា ក្រុមហ៊ុនពេញចិត្ដនឹងប្រឡូកក្នុងទីផ្សារប្រកួតប្រជែងខ្លាំងក្លា ដើម្បីផ្ដល់ជម្រើសកាន់តែប្រសើរសម្រាប់អតិថិជន។

យោងតាមការសិក្សាស្រាវជ្រាវកម្រិតអន្ដរជាតិមួយកាលពីឆ្នាំ២០១៨ បង្ហាញថា ប្រជាជនកម្ពុជាម្នាក់ទទួលបានទឹកដោះគោស្រស់ ឬទឹកដោះគោដែលជួយដល់សុខភាពរាងកាយ និងស្មារតីតែ ៥លីត្រប៉ុណ្ណោះក្នុង១ឆ្នាំ។ ដើម្បីបង្កើតការទទួលបានអាហារូបត្ថម្ភ ជាពិសេសទឹកដោះគោដែលមានគុណភាពសម្រាប់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងដៃគូអភិវឌ្ឍផ្នែកវិស័យឯកជន កំពុងបង្កើនការផលិត។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញដោយរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះខ្នាតធំចំនួន ៤ ដោយក្នុងនោះក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល គឺជាក្រុមហ៊ុនធំ និងឈានមុខគេក្នុងការផលិតទឹកដោះគោស្រស់។ របាយការណ៍ដដែលបញ្ជាក់ថា កសិដ្ឋានទាំង ៤ទីតាំងនោះ មានគោមេអាចប្រមូលទឹកដោះសរុប ១,១៧៦ក្បាល ដោយផលិតទឹកដោះបានជាង ១៣០,០០០លីត្រ ក្នុង១ថ្ងៃ ឬជាង ៥លានលីត្រក្នុង ១ឆ្នាំ។

កម្ពជា មានចក្ខុវិស័យពង្រីកការចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោស្រស់ ឬផលិតផលជាច្រើនមុខទៀតចេញពីទឹកដោះគោដែលមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ ក្រសួង និងដៃគូអភិវឌ្ឍន៍លើវិស័យទឹកដោះគោទាំងអស់នៅកម្ពុជា គ្រោងនឹងបង្កើនដាក់ចិញ្ចឹមមេគោអាចផលិតទឹកដោះប្រចាំថ្ងៃឲ្យបាន ៣,០០០ក្បាល ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ តាមរយៈការពង្រីកការផលិត ដើម្បីប្រកួតប្រជែងលើទីផ្សារទាំងគុណភាព និងតម្លៃនេះ ត្រូវបានគេជឿថា ប្រជាពលរដ្ឋ និងកុមារនៅតាមសាលាក៏អាចទទួលបានទឹកដោះគោដែលមានគុណភាពកាន់តែប្រសើរ ដើម្បីទ្រទ្រង់សុខភាពស្មារតី និងរាងកាយកាន់តែច្រើន៕

អត្តបទ៖ ជិន សុភ័ក្ត្រ

អត្ថបទពេញនិយម