តើពាក្យ «សិរីសួស្តី» ឬ «សិរីបីប្រការ» មានរឿងរ៉ាវពាក់ព័ន្ធនឹង​ពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងណាខ្លះ?

  • 2024-04-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរម្តងៗ គេ​ក៏តែងតែលើកឡើង​នូវពាក្យ «សិរីសួស្តី» ឬ «សិរីបីប្រការ» ដែលស្ថិតនៅ មុខ ទ្រូង និងជើង។ តើវាមានរឿងរ៉ាវពាក់ព័ន្ធយ៉ាងណាខ្លះ?

មានប្រវត្តិតំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាលកុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស បាន​​រៀនចេះចប់គម្ពីរ​ត្រីវេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ ធម្មបាលកុមារ ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំង​ឡាយ ។ ​

ធម្មបាល​កុមារ​ ចេះ​​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ព្រម​ទាំង​​អាច​ធ្វើ​​ជា​​អាចារ្យ​សម្ដែង​មង្គល​ផេ្សង​ៗ ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហាព្រហ្ម និង ​កបិលមហាព្រហ្ម ១ អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង ។ ពេល​នោះ​ កបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាលកុមារ ចំនួន ៣​ ប្រស្នា ដោយ​សន្យា​​ថា ប្រសិន​បើ​ ធម្មបាលកុមារ ​អាច​​ដោះ​ប្រស្នា​បាន កបិលមហាព្រហ្ម​ ​នឹង​កាត់ព្រះសិរសា​​ទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែ​ប្រសិន​បើ​ ធម្មបាលកុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​​រួច កបិលមហាព្រហ្ម​នឹង​​​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។

ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ ​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ ថ្ងៃ​ហើយ​ក៏​ធម្មបាល​កុមារ​​នៅ​តែ​គិត​មិន​ឃើញ​ និង​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ ។ ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ។ ទើប​ធម្មបាល​កុមារ​​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលា​យប់ សត្វ​​ឥន្ទ្រី​ញី​សួរ​សត្វ​​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅលើ​ផ្ទៃ​​មុខ ។ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ។ ប្រស្នា​ទី ២ ចោទ​​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង ។ ​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ​ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​ ។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។

លុះ​ព្រឹក​ឡើង ​កបិល​មហាព្រហ្ម​ ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ។ ធម្មបាល​កុមារ​ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​​មក ។ កបិលមហាព្រហ្ម ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​ សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ។

កបិលមហាព្រហ្ម ហៅ​ទេពធីតា​​ទាំង ៧​ អង្គ ​ដែលជា បាទ​បរិចាវិកា ​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរសា​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ នឹង​នាំ​ឲ្យ​រាំង​ភ្លៀង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​ អង្គ យកពាន​មក​ទទួលព្រះសិរសាបិតា ។ ពោល​រួច ​ព្រះអង្គក៏​កាត់ព្រះសិរសា​ហុចទៅ​ឲ្យព្រះនាង​ ទុង្ស ​ជា​កូន​ច្បង ។

ព្រះនាង​ ទុង្ស ក៏បាន​យក​ពានមក​ទទួលព្រះសិរ​សាបិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ ​នាទីទើប​យាង​​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី នា​ភ្នំកៃលាស និង​បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា "ភគវតីសភាសាលា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្តត ​នាង​ទេពធីតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ រួច​​ហើយ​យាង​​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។

ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអភរណៈ៖

១៖ បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម «ទុង្សទេវី» សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាជ ភក្សាហារផ្លែឧទុម្ពរ (ផ្លៃល្វា) អាវុធស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈជាសត្វគ្រុឌ។

២៖ បើថ្ងៃចន្ទ ទេពធីតាព្រះនាម «គោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវបុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។

៣៖ បើថ្ងៃអង្គារ ទេពធីតាព្រះនាម «គោរាក្សសាទេវី» សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។

៤៖ បើថ្ងៃពុធ ទេពធីតាព្រះនាម «មណ្ឌាទេវី» សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈសត្វលា។

៥៖ បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម «កិរិណីទេវី» សៀតផ្កាមណ្ឌា គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ (ដង្កាវដំរី) ឆ្វេងកាំភ្លើង ពាហនៈសត្វដំរី។

៦៖ បើថ្ងៃសុក្រ ទេពធីតាព្រះនាម «កិមិរាទេវី» សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈសត្វក្របី។

៧៖ បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម «មហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក។

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ