Nacho នៅ​តែ​រក្សា​ជំហរ​ នឹង​ចាកចេញ​ពី​ Real Madrid ជា​ Free Agent ក្រោយ​ចប់​រដូវកាល​នេះ​

  • 2024-05-09 11:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Nacho នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​ Real Madrid ក្នុង​នាម​ជា​ Free Agent ក្រោយ​ចប់​រដូវកាល​ឆ្នាំ​២០២៣/២៤ នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​គឺ​ជា​កីឡាករ​ដែល​បណ្ដុះបណ្ដាល​ដោយ​ក្លឹប​ Real Madrid ផ្ទាល់​ដោយ​កីឡាករ​នេះ​មក​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ក្រុម​ថ្នាល​យុវជន​ រហូត​ផ្លាស់​មក​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១០មក​។

ក្នុង​រយៈពេល​ជាង​១៤ឆ្នាំ​ជា​មួយ​ក្រុម​ឈុត​ធំ​ Real Madrid នេះ​ Nacho បាន​ចូល​លេង​ ៣៥៩ប្រកួត​ និង​ស៊ុត​ចូល​ ១៦គ្រាប់​។ កីឡាករ​នេះ​ឈ្នះ​ពាន​តូច​ធំ​ជា​ច្រើន​ឲ្យ​ក្លឹប​នេះ​ ជា​ពិសេស​គឺ​ធ្លាប់​ឈ្នះ​ពាន​ UEFA Champions League ៥ដង​ជា​មួយ​ក្លឹប​នេះ​ហើយ​រដូវកាល​នេះ​ក៏​ជា​រដូវកាល​ដែល​កីឡាករ​នេះ​អាច​ឈ្នះ​ពាន​ដ៏​អស្ចារ្យ​នេះ​ជា​មួយ​ក្លឹប​នេះ​ជា​លើក​ទី​៦ផង​ដែរ​។

បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប​ Real កីឡាករ​នេះ​កំពុង​តែ​គិត​គូរ​ជម្រើស​ដែល​ចង់​ទៅ​ ដែល​ក្នុង​នោះ​គឺ​មាន​ក្លឹប​នៅ​ MLS និង​ក្លឹប​នៅ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​។ Nacho មិន​មាន​បំណង​បន្ត​លេង​នៅ​អឺរ៉ុប​ទៀត​នោះ​ទេ​ ទោះ​ជា​ត្រូវ​បាន​ដឹង​ថា​ Inter Milan កំពុង​ទាក់ទង​ចង់​បាន​គេ​ក៏​ដោយ​៕

អត្ថបទ៖ សេរី មង្គល