រដ្ឋត្រៀមសង់ផ្លូវតភ្ជាប់ពី​ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ទៅកាន់ផ្លូវជាតិលេខ១​តែម្តង

  • 2024-05-10 02:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៤ បានដឹកនាំ​កិច្ចប្រជុំពិនិត្យការងារសិក្សាគម្រោងផ្លូវតភ្ជាប់ ផ្នែកខាងកើតនៃ​គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មកទល់នឹងផ្លូវជាតិលេខ១។

ក្នុងកិច្ចប្រជុំនេះ គឺធ្វើយ៉ាងណាឱ្យខ្សែផ្លូវថ្មីនេះមានផល​ប៉ះពាល់តិច ស្របតាមលក្ខណៈបច្ចេកទេស តែមានផលចំណេញខ្ពស់។ ជាលទ្ធផល កិច្ចប្រជុំសម្រេចដាក់ចេញកាលវិភាគការងារប្រជុំលើកក្រោយបន្តទៀត និងចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដើម្បីសម្រេចកំណត់ទីតាំងខ្សែផ្លូវជាក់លាក់មួយដែលជាជម្រើសដ៏ល្អប្រសើរដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

សូមជម្រាប​ថា  គិតត្រឹមពាក់កណ្តាលខែមេសា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជាង ៧,៥% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ស្ពាន​នេះ​ជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ គម្រោងនេះ ក៏រួមបញ្ចូលនូវការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាង ចំនួន ៤កំណាត់ ប្រវែងសរុប ១៥៤១ម៉ែត្រផងដែរ។

គម្រោងស្ពាន​នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ សំភី