សង្គ្រាម​ពាណិជ្ជកម្មរថយន្តអគ្គិសនី​រវាង​អាមេរិក និងចិន ផ្ទុះកក្រើកឡើង​ហើយ

  • 2024-05-15 03:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០២៤ បានប្រកាស​ដំឡើងពន្ធគយ ៤ដង លើការនាំចូលរថយន្ត​អគ្គិសនី​ចិន ពោលគឺដំឡើងពី ២៥% ដល់ ១០០%។

ការ​សម្រេចដំឡើងពន្ធគយដ៏សម្បើមនេះ គឺ​ជាការផ្ទុះ​ឡើង​នូវ​សង្គ្រាមពាណិជ្ជកម្ម​ថ្មីមួយទៀត រវាង​អាមេរិក និងចិន ដែល​ធ្វើឡើងដើម្បីការពារ​ក្រុមហ៊ុន​រថយន្តក្នុងស្រុក និង​រក្សាការងាររបស់​ប្រជាជន​អាមេរិក ដោយបារម្ភខ្លាច​រថយន្ត​ធូរថ្លៃរបស់ចិន គ្របដណ្តប់​នៅទីផ្សាររបស់ខ្លួន។

ក្រៅពីរថយន្តអគ្គិសនី រដ្ឋាភិបាល​អាមេរិក ក៏បាន​ដំឡើងពន្ធ​លើអាគុយលីចូម​របស់ចិន ពី ៧,៥% ដល់ ២៥%, រ៉ែសំខាន់ៗ ពី ០% ដល់ ២៥%, បន្ទះសូឡា ពី ២៥% ដល់ ៥០% និងបន្ទះឈីប ពី ២៥% ដល់ ៥០% ផងដែរ។

ចំពោះ​ការដំឡើងពន្ធរបស់ក្រុងវ៉ាស៊ីងតោនខាងលើនេះ ត្រូវបាន​រដ្ឋាភិបាល​ក្រសួងការបរទេសចិន បញ្ចេញប្រតិកម្មទៅវិញថា ប្រទេសខ្លួន​នឹង​ចាត់វិធានការចាំបាច់ពេញលេញ ដើម្បីរក្សាសិទ្ធិស្របច្បាប់ និងផលប្រយោជន៍។

ចំណែក​ក្រសួងពាណិជ្ជកម្ម​ចិន លើកឡើងថា ការ​សម្រេចចិត្តរបស់អាមេរិកនេះ នឹងប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការទ្វេភាគី ហើយ​បាន​ជំរុញឱ្យអាមេរិក កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន និងលុប​ការដំឡើងពន្ធនេះចោលវិញ៕

អត្ថបទ៖ សំភី