គម្រោងស្ពានវែងជាងគេស្រុកខ្មែរ ឆ្លងកាត់ទន្លេសាបនៅខេត្តកំពង់ឆ្នាំង និងផ្លូវភ្ជាប់ទៅកំពង់ធំ ឈានដល់ការបើកកិច្ចប្រជុំហើយ
- 2024-05-30 07:15:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងស្ពានវែងជាងគេស្រុកខ្មែរ ឆ្លងកាត់ទន្លេសាបនៅខេត្តកំពង់ឆ្នាំង និងផ្លូវភ្ជាប់ទៅកំពង់ធំ ឈានដល់ការបើកកិច្ចប្រជុំហើយ
ចន្លោះមិនឃើញ
នៅទីបំផុត គម្រោងស្ពានវែងជាងគេនៅកម្ពុជា គឺស្ពានឆ្លងកាត់ទន្លេសាប នៅខេត្តកំពង់ឆ្នាំង និងផ្លូវ ៥០C ភ្ជាប់ទៅខេត្តកំពង់ធំ ដែលជាផ្លូវចំកណ្តាលប្រទេស ត្រូវបានបង្ហាញលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម ក្នុងកិច្ចប្រជុំមួយ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួច ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យ ថ្នាក់ដឹកនាំទទួលបន្ទុកគម្រោងខាងលើ ដឹកនាំសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដោយមានការចូលរួមពី អគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីជជែកពិភាក្សា និងពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម។
បើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីឆ្នាំមុន ក្នុងពេលឯកឧត្តមកាន់តំណែងជារដ្ឋមន្រ្តីសាធារណការ បានឱ្យដឹងថា គម្រោងស្ពានឆ្លងកាត់ទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងនេះ គឺមានប្រវែង ៣,៣គីឡូម៉ែត្រ (សិក្សាលើកមុន ៣,៩គីឡូម៉ែត្រ) គ្រោងចំណាយ ១០០លានដុល្លារ ដោយពេលសង់រួច វានឹងក្លាយជាស្ពានវែងជាងគេនៅកម្ពុជា។ ចំណែកផ្លូវ ៥០C គ្រោងចំណាយការសាងសង់ ១៥០លានដុល្លារ។
សូមរំលឹកថា ក្នុងពិធីបុណ្យទន្លេ កាលពីខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចចិត្តឱ្យមានការសាងសង់ស្ពាន និងផ្លូវភ្ជាប់ពីខេត្តកំពងឆ្នាំង ទៅខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
សម្តេចបញ្ជាក់ថា ផ្លូវនេះ មានចម្ងាយជាង ៥៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ក្នុងនោះគឺត្រូវធ្វើស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជា ដែលឆ្លងដៃទន្លេទាំង៣ គឺ៖ ទន្លេផ្សារក្រោម, ទន្លេជល់មុខ និងទន្លេកំពង់ហាវ។
គួរដឹងថាបច្ចុប្បន្ន ស្ពានដែលវែងជាងគេនៅកម្ពុជា គឺស្ពាន «ត្សឹបាសា» ឬស្ពាន «អ្នកលឿង» ដែលមានប្រវែង២២១៥ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គក្រោម ភ្ជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង។ ស្ពាននេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០១៥៕