ក្រុមហ៊ុនមួយទៀតហើយ គ្រោងបើករោងចក្រ​ដំឡើង​រថយន្តនៅកម្ពុជា

  • 2024-05-31 02:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនចិន Jilin Jiqi Longshan Light Vehicle Co., Ltd បានបង្ហាញពីគោលបំណង​​វិនិយោគ​លើការដំឡើង​រថយន្តដឹកជញ្ជូនធុនតូច​នៅតំបន់​សេដ្ឋកិច្ច​ពិសេស​នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈាន​ដល់ការនាំចេញ​ថែមទៀត​នាពេលអនាគត។ គម្រោងនេះ​ត្រូវ​លើកឡើងដោយ​ប្រធានក្រុមហ៊ុន ក្នុងកិច្ចប្រជុំជាមួយ​លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២៤។

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការស្វែងយល់បន្ថែមលើនីតិវិធីក្នុងការស្នើសុំវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្ត ស្របទៅតាមច្បាប់វិនិយោគរបស់កម្ពុជា។

សូមជម្រាប​ថា បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រ​ដំឡើងរថយន្តចំនួន ៦ហើយ រួមមាន៖

១. រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។

២. រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។

៣. រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។

៤. រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។

៥. រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល។

៦. រោងចក្ររបស់​ក្រុមហ៊ុន Toyota Tsusho នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដំឡើងរថយន្ត Toyota Fortuner និង Hilux សម្ពោធជាផ្លូវការកាលពីដើមខែឧសភា ឆ្នាំ​២០២៤៕

អត្ថបទ៖ សំភី