ពេញលេងហើយ​ខេត្តកែប! ផ្លូវប្របមាត់សមុទ្រ សង់រួចស្អាតភ្លឹង ខណៈផ្លូវជាតិលេខ៣១ ក៏អ៊ុតកៅស៊ូស្ទើររួចរាល់ទាំងស្រុងដែរ

  • 2024-06-04 07:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកែប​ កាន់តែមានភាពលេចធ្លោខ្លាំងឡើងហើយ ដោយសារ​ទីតាំងនៅមិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ជាពិសេស​ ផ្លូវប្របមាត់សមុទ្រ ត្រូវបានសាងសង់រួចរាល់ ហើយជាមួយគ្នានោះ ផ្លូវជាតិលេខ៣១ ក៏ត្រូវបានអ៊ុតកៅស៊ូ​ស្ទើរតែរួចរាល់ទាំងស្រុងផងដែរ។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២៤កន្លងទៅ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យ ការងារ​ប្រគល់-ទទួលបច្ចេកទេស អនុគម្រោងសាងសង់ផ្លូវប្របឆ្នេរកែប និងអនុគម្រោង​សាងសង់​កំពង់ផែទេសចរណ៍កោះទន្សាយ។ អនុគម្រោងទាំងពីរ​ ត្រូវបានបញ្ចប់ការសាងសង់​កាលពីចុងខែកុម្ភៈ ឆ្នាំ​២០២៤។

ផ្លូវប្របមាត់សមុទ្រមួយខ្សែនេះ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែងសរុបជាង ១២គីឡូម៉ែត្រ ចាប់ពីផែកោះទន្សាយស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដល់ចំណុចប្រសព្វផ្លូវ១៣៣២ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចំណាយ​ថវិកាប្រមាណ ១០,៥លានដុល្លារ ក្រោមឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ផ្លូវនេះ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ។

ចំណែក​ផ្លូវជាតិលេខ៣១ ប្រវែងសរុបជាង ៥៣គីឡូម៉ែត្រ ចាប់ពី​បែកគុស ដល់​ទីរួមស្រុកកំពង់ត្រាច នឹង​អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់​ ១០០% នាពេលកណ្តាលខែមិថុនាខាងមុខ ហើយបើគ្មានការប្រែប្រួលទេ គម្រោងនេះ អាចនឹង​បញ្ចប់​ការសាងសង់​រួចរាល់មុនកិច្ចសន្យាមួយឆ្នាំ។ វាជាផ្លូវ​ឆ្លងកាត់ដ៏សំខាន់បំផុតមួយ​ សំដៅឆ្ពោះទៅកាន់ខេត្តកែប ដោយតភ្ជាប់​ជាមួយផ្លូវជាតិលេខ៣៣៕

អត្ថបទ៖ សំភី

អត្ថបទថ្មី