ក្រុមហ៊ុនរថយន្តខ្មែរ GTV ប្រកាសចេញភីកអាប់ខ្នាតធំថ្មីម៉ូឌែល គោព្រៃ-KOUPREY ប្រើម៉ាស៊ីន Hybrid តម្លៃជាង ៣ម៉ឺនដុល្លារ
- 2024-06-05 08:18:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនរថយន្តខ្មែរ GTV ប្រកាសចេញភីកអាប់ខ្នាតធំថ្មីម៉ូឌែល គោព្រៃ-KOUPREY ប្រើម៉ាស៊ីន Hybrid តម្លៃជាង ៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន GTV Motor Cambodia នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសចេញរថយន្តភីកអាប់ថ្មី គឺម៉ូឌែល គោព្រៃ ដែលរួមមាន KOUPREY និង KOUPREY PRO តម្លៃជាង ៣ម៉ឺនដុល្លារ។
ប្រេនរថយន្តខ្មែរមួយនេះ បានបង្ហោះនៅលើផេករបស់ខ្លួនថា រថយន្តដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន FOTON នេះ ជាត្រកូលរថយន្តភីកអាប់បែបប្រណិត ខ្នាតធំ ហាប់ណែន កម្លាំងខ្លាំង បំពាក់បច្ចេកវិទ្យាចុងក្រោយ ផ្តល់ទំនុកចិត្តលើការបើកបរគ្រប់ស្ថានភាពផ្លូវ។
រថយន្តភីកអាប់នេះ ប្រើម៉ាស៊ីនម៉ាស៊ូត Cummins ចំណុះ 2.0 ជាបច្ចេកវិទ្យាអាមេរិក ជំនួយដោយ Turbo និងប្រព័ន្ធហាយប្រ៊ីដ Bosch 48V-Hybrid ដែលជាបច្ចេកវិទ្យាអាល្លឺម៉ង់ និងដំណើរការជាមួយប្រអប់លេខ ZF ៨វគ្គអូតូ។
ទំហំរបស់រថយន្ត KOUPREY នេះ គឺ ៥៦១៧ x ២០៩០ x ១៩១០ ដោយតួរថយន្ត ត្រូវបានរចនាម៉ូឌបែបទំនើប ជាស្ថាបត្យកម្មដ៏ឆ្លាតវៃ ខណៈចង្កៀងមុខក្រោយ ជាប្រភេទ LED។ វាមានសមត្ថភាពដឹកបាន ៤,៥តោន និងកម្លាំងទាញសណ្តោងបាន ៣,៥តោន។ មិនតែប៉ុណ្ណោះ វាមានសមត្ថភាពទប់លំនឹង និងមានប្រព័ន្ធគ្រប់គ្រងដៃចង្កូតទន់រលូន ដោយប្រើប្រាស់ដៃចង្កូតអេឡិចត្រូនិក។
ម៉ូឌែលរថយន្តនេះ បំពាក់មកជាមួយប្រព័ន្ធជើងក្រោមដោយស្លាបប្រចៀនភ្លោះ និងប្រព័ន្ធបូមទប់លំនឹងចម្រុះជាច្រើន ហើយក៏មានជម្រើសបន្ថែមបូមខ្យល់មកជាមួយផងដែរ ដើម្បីជំរុញឱ្យតួរថយន្តមានលំនឹងពេលកំពុងបើកបរ។