ប្រព័ន្ធការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដែល​រំដោះទឹកបាន ៥១៥ម៉ែត្រគូប/វិនាទី សាងសង់ជិត​រួចរាល់ហើយ

  • 2024-06-13 08:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យដឹង​ថា ប្រព័ន្ធ​ស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្រេចវឌ្ឍនភាពគម្រោងបាន ៩៥%ហើយ។ ការជូនដំណឹងនេះ ធ្វើឡើង​ក្នុងពេល​ដែល​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន​ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២៤។

ប្រព័ន្ធនេះ មានសក្តានុពលដោះទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានប្រមាណ ៥១៥ ម៉ែត្រគូបក្នុង១វិនាទី។ ក្នុងនោះ ទៅតាមព្រែកយាយជា ២១៥ម៉ែត្រគូបក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ប្រមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី និងព្រែកថី ប្រមាណ ១០០ម៉ែត្រគូបក្នុង១វិនាទី។

សូមជម្រាប​ថា ការងារ​សាងសង់​ក្នុងប្រព័ន្ធ​នេះ រួមមាន៖ ១. ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ២. ស្តារព្រែកហូរប្រវែង ៣,៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ៣. ស្តារប្រឡាយព្រែកហូរប្រវែង ៣,៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និង៤.រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤,៥គីឡូម៉ែត្រ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០២៤ខាងមុខ។

គួរដឹងថា ក្រោយពេលសាងសង់រួច ប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោតដែលតែងតែយាយីដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីប្រមាណ ២៤៤ គីឡូម៉ែត្រក្រឡា បង្កើនលទ្ធភាពស្រោចស្រពដីស្រែបាន ១០១៥០ហិកតា នៅរដូវប្រាំង និង ១៧ ៧៣០ហិកតានៅរដូវវស្សា ចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ៕

អត្ថបទ៖ សំភី