លោក​ឧកញ៉ា​ សៅ​ សេងហាក់​ បន្តជាប់​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ អាណ្តិទី៨​

  • 2024-06-17 08:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ម្សិលមិញ​នេះ​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ និង​លើក​ទិសដៅ​ការងារ​អាណត្តិ​ថ្មី​ ខណៈ​លោក​ឧកញ៉ា​ សៅ​ សេងហាក់​ បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​ដឹកនាំ​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​ឆ្ពោះ​ទៅ​មុខ។​

លោក​ឧកញ៉ា​ សៅ សេងហាក់​

លោក​ឧកញ៉ា​ សៅ សេងហាក់​ បាន​លើក​ឡើង​ក្នុង​ថ្ងៃ​មហាសន្និបាត​ថា​ លោក​ពិត​ជា​មាន​កិត្តិយស​ដែល​គណៈកម្មាធិការប្រតិបត្តិ​ទាំង​អស់​បាន​ផ្ដល់​សេចក្ដី​ទុកចិត្ត​ និង​បោះឆ្នោត​ឲ្យ​បន្ត​ជា​ប្រធាន​ដឹកនាំ​សហព័ន្ធ​ក្នុង​អាណត្តិ​ថ្មី​ទៀត។​ ក្នុង​អាណត្តិ​ចាស់​កន្លង​ទៅ​សហព័ន្ធ​គឺ​ប្រឹងប្រែង​ជា​ខ្លាំង​ទាំង​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ និង​ពង្រីក​ចំណេះដឹង​ បច្ចេកទេស​ ដល់​គ្រូ​បង្វឹក​ អាជ្ញាកណ្ដាល​ ចៅក្រម​ និង​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ក្នុង​អាណត្តិ​ថ្មី​នេះ​លោក​ឧកញ៉ា​នឹង​ខំប្រឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ជាតិ​ឲ្យ​បាន​រៀងរាល់​ឆ្នាំ​ដើម្បី​ជំរុញ​លើ​ការ​អភិវឌ្ឍន៍​កីឡា​ហាប់គីដូ​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន​ទាំង​ថ្នាក់​ជាតិ​ និង​លើ​ឆាក​អន្តរជាតិ។​ សហព័ន្ធ​នឹង​បន្ត​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​ កីឡា​ការិនី​ បណ្ដុះបណ្ដាល​ទាំង​កិច្ចការ​រដ្ឋបាល​ និង​បង្កើន​ធនធាន​ឲ្យ​បាន​ច្រើន។​ ការ​ប្រកួត​អន្តរជាតិ​នានា​សហព័ន្ធ​នឹង​ជំរុញ​លើក​ទឹកចិត្ត​ និង​ព្យាយាម​បញ្ជូន​ក្រុមហាប់គីដូ​ឲ្យ​ទៅ​ចូលរួម​ប្រជែង​មេដាយ​ជូន​ជាតិ​មាតុភូមិ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ មហាសន្និបាត​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៦​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​អូឡាំពិក​កម្ពុជា​ (NOCC)។​ អាណ្តិទី៨​ ឆ្នាំ​២០២៤-២០២៨​ នេះ​លោក​ឧកញ៉ា​ សៅ​ សេងហាក់​ បន្ត​ជា​ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ជា​ បូរ៉ា​ អនុ​ ឧត្ដមសេនីយ៍ត្រី​ ផាត់​ សុភា​ អនុ​ ឧកញ៉ា​ គួច​ ហុងជៀក​ អនុ​ លោក​ ទេព​ វីរៈ​ អនុ​ លោក​ សែ​ តារា​ អនុ​ លោក​វរសេនីយ៍ឯក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​ ឧត្ដមសេនីយ៍ទោ​ សុយ​ សុខុម​ អគ្គហេរញ្ញិក៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​