អតីត​វីរបុរសវ័យក្មេង Smith Rowe លា​គ្នា​ជាមួយ Arsenal ហើយ

  • 2024-07-30 13:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Emile Smith Rowe ត្រៀម​ចែក​ផ្លូវ​ជាមួយ Arsenal ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Fulham។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Sky Sports កីឡាករ​វ័យ ២៤ ឆ្នាំ Smith Rowe បាន​ព្រម​ព្រៀង​ល័ក្ខខណ្ឌ​ផ្ទាល់​ខ្លួន ដើម្បី​ចូល​រួម​ជាមួយ​ក្លឹប​អង់គ្លេស​ Fulham ហើយ។ ឯ​ភាគី​ក្លឹប​កាំ​ភ្លើង​ធំ និង Fulham ក៏​ឯកភាព​គ្នា​រឿង​តម្លៃ​ផ្ទេរ​ដែរ គឺ​ស្ថិត​ក្នុង​រង្វង់​ ៤៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ តម្លៃ​នេះ គឺ​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Fulham។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ខ្សែ​បម្រើ​អង់គ្លេស​រូប​នេះ​នឹង​ចុះ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​ជាមួយ Fulham ក្នុង​សប្ដាហ៍​នេះ។

Smith Rowe គឺ​ជា​វីរបុរស​វ័យក្មេងរបស់​ Arsenal កាល​ពី​រដូវ​កាល ២០២០/២០២១ និង ២០២១/២០២២។​ កាល​នោះ ជា​ពិសេស​កាល​ពី​ដើម​រដូវ​កាល ២០២០/២០២១ ក្លឹប​កាំភ្លើង​មាន​បញ្ហា​ធ្លាក់​ទម្រង់​លេង​មែន​ទែន។ អ្នក​ចាត់​ការ​ក្លឹប Mikel Arteta ក៏​សាកល្បង​ដាក់​ឲ្យ​ចូល​លេង​ក្រុម​កីឡាករ​យុវជន​ល្អៗ​របស់​ក្លឹប ក្នុង​នោះ​ក៏​មាន Smith Rowe ផង​ដែរ។ Smith Rowe នៅ​ពេល​នោះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ជា​ពិសេស​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ រហូត​ទទួល​បាន​សេចក្ដី​ទុក​ចិត្ត​ពាក់​អាវ​លេខ ១០ របស់​ក្លឹប។

ទោះ​ជា​យ៉ាង​ណា ចាប់​ពី​រដូវ​កាល​ ២០២២/២០២៣ មក កីឡាករ​បាន​ជួប​ប្រទះ​បញ្ហា​របួស​ជា​ច្រើន ជា​ពិសេស​របួស​សរសៃ​គ្រលៀន និង​របួស​ជង្គង់ ដែល​ធ្វើ​ឲ្យ​កីឡាករ​ខកខាន​ការ​ប្រកួត​ជា​ច្រើន​លើក។ កត្តា​ផ្សេងៗ​ទៀត​ដូច​ជា ការ​ផ្លាស់​ប្ដូរ​ទម្រង់​លេង​របស់​ក្រុម និង​ការ​នាំ​ចូល​កីឡាករ​ល្អ​ៗ​ផ្សេង​ៗ​ទៀត​ធ្វើ​ឲ្យ​ពេល​វេលា​លេង​របស់​ Smith Rowe កាន់​តែ​តិច។ ឧទាហរណ៍​កាល​ពី​រដូវ​កាល​ ២០២២/២០២៣ កីឡាករ​លេង​បាន​តែ ១៤ ប្រកួត​ប៉ុណ្ណោះ ចំណែក​ឯ​រដូវ​កាល ២០២៣/២០២៤ ខ្សែ​បម្រើ​លេង​បាន​តែ ១៩ លើក​ ពេញ​មួយ​រដូវ​កាល​ ហើយ​ច្រើន​ជា​កីឡាករ​បម្រុង​ទៅ​ទៀត។

Smith Rowe គឺ​ជា​កីឡាករ​ថ្នាល​យុវជន​របស់​ Arsenal ហើយ​បាន​មក​លេង​ឈុត​ធំ​កាល​ពី​ឆ្នាំ ២០១៨។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ១១៥ ប្រកួត និង​ស៊ុត​ចូល ១៨ គ្រាប់៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី