ភាពយន្ត«ការណាត់ជួបជាមួយប៉ុល ពត» ត្រូវបានចាក់បញ្ចាំងនៅកម្ពុជាហើយ

  • 2024-08-08 13:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តក្រោមចំណងជើង​ថា «ការណាត់ជួបជាមួយប៉ុល ពត» គឺ​ជាស្នាដៃភាពយន្តថ្មីចុងក្រោយរបស់លោក រិទ្ធី ប៉ាន់។ ភាពយន្តនេះ​នឹងត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ តទៅ។

ខ្សែភាពយន្តនេះដកស្រង់មួយផ្នែកពីសៀវភៅ «When The War Was Over» ដោយអ្នកកាសែតល្បីឈ្មោះ Elizabeth Baker។ រឿងនេះរៀបរាប់ពីដំណើរទស្សនកិច្ចរបស់អ្នកកាសែតបារាំងបីនាក់ ដែលត្រូវបានខ្មែរក្រហមអញ្ជើញឱ្យធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយមេដឹកនាំរបស់ខ្លួនគឺលោក ប៉ុល ពត នាឆ្នាំ ១៩៧៨ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ្វីដែលរបបខ្មែរក្រហមផ្សព្វផ្សាយទៅពិភពខាងក្រៅហាក់បីដូចជា​ល្អណាស់ ក៏ប៉ុន្តែអ្វីៗខុសពីការពិត។ ខ្មែរក្រហមនាពេលនោះ កំពុងតែទន់ខ្សោយ ដោយមានសត្រូវទាំងក្នុងប្រទេស និងក្រៅប្រទេស។ ពួកខ្មែរក្រហមត្រូវការរកអ្នកទទួលខុសត្រូវចំពោះរាល់បញ្ហាដែលខ្លួនជួបប្រទះ ហើយក៏បានបើកយុទ្ធនាការប្រល័យពូជសាសន៍ទៅលើជាតិសាសន៍ឯង។ ដំណើរទស្សនកិច្ចរបស់អ្នកកាសែតទាំងបីរូបនោះ បានប្រែក្លាយពីរឿងសប្បាយរីករាយ ទៅជាសុបិន្តអាក្រក់។

មុនចាក់បញ្ចាំងនៅ​កម្ពុជា ភាពយន្តមួយ​នេះ ទទួល​បានការគាំទ្រ​យ៉ាងខ្លាំងនៅបណ្ដារោងភាពយន្តបារាំង ព្រមទាំង​ក្នុងព្រឹត្តិការណ៍ភាពយន្តអន្តរជាតិ Cannes។

ភាពយន្ត​របស់លោក រិទ្ធី ប៉ាន់ មួយ​នេះ ត្រូវបានផលិត​ដោយ​ផលិតកម្ម CDP (ប្រទេស​បារាំង) និង​ក្រុមហ៊ុនអនុភាព (កម្ពុជា) ហើយទទួលបាន​ការគាំទ្រពីក្រុមហ៊ុន Q.L. GROUP ធនាគារវីង ក្រុមហ៊ុន VATTANAC BREWERY, និង​ក្រុមហ៊ុនទឹកបរិសុទ្ធគូលែន។

ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងជាលើកដំបូង និងចែកចាយនៅក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) WESTEC MEDIA រោងភាពយន្ត LEGEND CINEMA រោងភាពយន្ត MAJOR CINEPLEX និងរោងភាពយន្ត FABLE CINEMA ។

ភាពយន្ត​នេះ​ត្រូវបានចាក់បញ្ចាំងនៅ​ទីក្រុង​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ជាមួយ​តម្លៃ​សំបុត្រ​ពិសេស ២ ដុល្លារ​ក្នុងមួយនាក់។

សូមចូលរួមទស្សនាភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះឲ្យបានច្រើនកុះករទាំងអស់គ្នា៕

អត្ថបទ៖ សេរី មង្គល