កូនកាត់ខ្មែរ-បារាំង ខេម៉ា ប៉ះកំលោះសង្ហាជនជាតិ Tajikistan ក្នុងរឿងខ្នាតធំ «សូម៉ា» របស់ Wonder Film
- 2024-09-18 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនកាត់ខ្មែរ-បារាំង ខេម៉ា ប៉ះកំលោះសង្ហាជនជាតិ Tajikistan ក្នុងរឿងខ្នាតធំ «សូម៉ា» របស់ Wonder Film
ចន្លោះមិនឃើញ
ផលិតកម្ម Wonder Film Entertainment ទើបតែជោគជ័យក្នុងការនាំយកភាពយន្តខ្នាតធំរបស់ខ្លួន រឿង «កំណើតអរូប» ទៅចាក់បញ្ចាំងលើទីផ្សារអន្តរជាតិប្រមាណ ២០ប្រទេស បង្កើតជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ភាពយន្តខ្មែរ ឱ្យចាប់ផ្ដើមមានមុខមាត់លើឆាកអន្តរជាតិ។ រឹតតែពិសេសខ្សែភាពយន្តរបស់ Wonder Film ក៏ត្រូវបានចាក់បញ្ចាំងលើទីផ្សារ Bollywood ដែលជាទីផ្សារភាពយន្តធំលំដាប់របស់ប្រទេសឥណ្ឌា ផងដែរ។
ក្រោយទទួលបានបទពិសោធន៍ពីការនាំភាពយន្តទៅបញ្ចាំងនៅទីផ្សារអន្តរជាតិ ផលិតកម្ម Wonder Film បានរិះរកគំនិតច្នៃប្រតិដ្ឋថ្មីមកបង្កើតសាច់រឿងថ្មីមួយ ចំណងជើងថា «សូម៉ា» ជាខ្សែភាពយន្តមួយដែលមានទម្រង់ថ្មីមិនធ្លាប់មាននៅក្នុងឧស្សាហកម្មភាពយន្តខ្មែរ។ នេះបើតាម ការបញ្ជាក់ពី លោក សែម វិសាល ប៉ុន្តែជាប្រភេទភាពយន្តបែបណានោះ លោកសុំឱ្យទស្សនិកជនរង់ចាំទស្សនាពេលភាពយន្តនេះចេញផ្សាយ trailer ឆាប់ៗនេះ។
ដើម្បីបង្កើតសាច់រឿងដ៏មានគុណភាពមួយសម្រាប់អ្នកទស្សនា ផលិតកម្ម Wonder Film បានដំណើរការថតឈុតមួយក្នុងរឿង «សូម៉ា» កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅ ដែលជាឈុតឆាកមួយមានការចូលរួមពីសំណាក់តារាសម្ដែងប្រមាណ ២០០នាក់ បង្ហាញពីកម្រិតភាពយន្ត ជាទម្រង់ផលិតមិនធម្មតាសម្រាប់ឧស្សាហកម្មភាពយន្តខ្មែរ។
តួអង្គដែលបានចូលរួមសម្តែងឈុតឆាកដ៏ធំនេះ មានទាំងតារាជាតិ និងតារាបរទេស ប្រមាណ ២០០នាក់ បានជួបជុំគ្នាថតខ្សែភាពយន្តនេះ ជាមួយឧបករណ៍ថតកម្រិតអន្តរជាតិ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ តួឯកស្រីរឿងនេះ គឺ កូនកាត់ខ្មែរ-បារាំង កញ្ញា Khemma Metayer (ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ) និង កំលោះសង្ហារមកពីប្រទេស Tajikistan លោក Ramazon Oev (រ៉ាម៉ាស្សូន អ៊ែយ) ដែលអ្នកទាំងពីរនឹងចូលរួមញ៉ាំងសាច់ងរឿងនេះឱ្យកាន់តែល្អមើលថែមមួយកម្រិតទៀត។
ខេម៉ា និង Ramazon ពេញចិត្តការថតភាពយន្តខ្នាតធំនេះខ្លាំងណាស់ ហើយអ្នកទាំងពីរទទួលបានបទពិសោធន៍ថ្មីៗជាច្រើនពីសាច់រឿងនេះ។ តួឯកប្រុសស្រីគូរនេះ ជឿជាក់ថា សាច់រឿង សូម៉ា ពិតជាថ្មីប្លែកសម្រាប់វិស័យភាពយន្តខ្មែរយើង ដែលពុំធ្លាប់មានផលិតកម្មណាថតពីមុនមកឡើយ។ ទៀតសោត រឿងនេះក៏មានការចូលរួមសម្តែងពីតារាសម្តែងមកពីកាណាដា កំលោះសាច់ដុំកង់ៗ លាវ វេងហួរ ម្ចាស់ជយលាភី Mister Friendship International 2024 និងតារាល្បីៗជាច្រើនរូបទៀតផងដែរ។
លោក សែម វិសាល អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងខ្នាតធំ «សូម៉ា» បានឱ្យដឹងថា ខ្សែភាពយន្ត «សូម៉ា» ចាប់ផ្ដើមថតតាំងពីខែមករា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន នឹងត្រៀមបញ្ចប់ការថតអំឡុងក្នុងខែកញ្ញានេះ។ ប៉ុន្តែ ចំពោះកាលបរិច្ឆេទបញ្ចាំងនៅមិនទាន់អាចកំណត់បាននៅឡើយ ព្រោះខ្សែភាពយន្តនេះ នៅត្រូវការពេលវេលាសម្រាប់ធ្វើ Post-Production ដូចជា ការផលិត 3D ក្រាហ្វិកកំព្យូទ័រ , ការកែពណ៌ ។ល។
តាមការបង្ហាញឈុតក្រៅឆាកតាមរយៈរូបភាព និងវីដេអូគេសង្កេតឃើញថា ផលិតកម្ម Wonder Film Entertainment ផ្ដោតលើគុណភាពជាចម្បងដែលឈុតក្រៅឆាកទាំងអស់មើលទៅពិតជាមានកម្រិតស្តង់ដារអន្តរជាតិ។ ផលិតកម្ម មានជំហរផលិតខ្សែភាពយន្តយ៉ាងហ្មត់ចត់ប្រកបដោយគុណភាព ដើម្បីចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ និងមិនចង់ឱ្យទស្សនិកជនខកបំណងក្នុងការចំណាយពេលទស្សនារឿងខ្មែរយើងឡើយ។
ក្រៅពីខ្សែភាពយន្តខ្នាតធំ «សូម៉ា» ផលិតកម្មក៏មានភាពយន្តបន្តបន្ទាប់សម្រាប់ទស្សនិកជនផងដែរ ហើយ «សូម៉ា» អាចជាខ្សែភាពយន្តខ្មែរមួយដែលនឹងបង្ហាញខ្លួនលើទីផ្សារអន្តរជាតិជាច្រើន។ នេះបើតាមការបញ្ជាក់ពីផលិតកម្ម ដោយសារតែបច្ចុប្បន្នផលិតកម្មមានទីផ្សារជាស្រេច តែក៏រក្សាជំហរក្នុងការផលិតភាពយន្តប្រកបដោយគុណភាពស្តង់ដារសម្រាប់អ្នកទស្សនា៕