១រោចភទ្របទកំណត់បិណ្ឌ១! នេះគឺជាមូលហេតុដែលបុណ្យភ្ជុំបិណ្ឌធ្វើឡើងក្នុងរនោចខែភទ្របទ

  • 2024-09-18 03:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។

បើតាមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។

គេតែងនិយមជ្រើសរើសចំថ្ងៃរនោចខែភទ្របទ ព្រោះពេលវេលានោះព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ព្រោះឱកាសនោះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះឱ្យមករស់នៅលាយឡំជាមួយមនុស្សចាំទទួលភោគផលដែលបងប្អូនញាតិសន្ដាន ដែលញាតិឧទ្ទិសឱ្យ ព្រោះពួកប្រេតខ្លាចពន្លឺណាស់។

ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់វត្ដពុំ មានឃើញបងប្អូនញាតិសន្ដានណាធ្វើបុណ្យបញ្ជូនកុសលទៅឱ្យទេ ពួកគេនឹងអត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរប្រទេចផ្ដាសាដល់បងប្អូនញាតិកាទាំងឡាយឱ្យហិនហោចទ្រព្យសម្បត្ដិ ព្រាត់ប្រាស់ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំងប្រាំពីរសន្ដាន។

នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។

នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។

ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲទៅជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឱកាសរួចផុតពីការជាប់ទារុណកម្មនៅនរក ខណៈដែលខ្លះទៀតត្រូវបានគេដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវត្រឡប់ទៅទទួលទុក្ខវេទនានៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិសក្នុងពិធីបុណ្យនេះផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន[ត្រូវការអំណះអំណាង] ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទពេញនិយម