សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ សម្រេច​យក​ទីតាំង​ស្ដាត​ចាស់​ធ្វើ​ជា​កន្លែង​ប្រកួត​កីឡា​ជាតិ​ លើក​ទី៤​

  • 2024-09-27 07:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ សម្រាប់​ទីតាំង​ដែល​នឹង​គ្រោង​រៀបចំ​ការ​ប្រកួត​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៤​ នេះ​គឺ​កំណត់​យក សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុង​ស្តាតចាស់។​

ឯកឧត្ដម​ ខូវ​ ឆាយ​

ឯកឧត្ដម​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៤​ នេះ​បើ​តាម​ផែនការ​ប្រភេទ​ប្រដាល់​គុន​ខ្មែរ​គឺ​នឹង​ត្រូវ​ប្រកួត​នៅ​ទីតាំង​សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់​ ក្នុង​ស្តាត​ចាស់​ចាប់​ពី​ថ្ងៃ​ទី២​ ដល់​ ៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។​

ការប្រកួតក្នុងសាលកីឡាសម្ដេចពិជ័យសេនាកន្លង​ទៅ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​កីឡា​ជាតិ​លើក​នេះ​ឯកឧត្ដម​ចង់​ឲ្យ​ព្រឹត្តិការណ៍​​នេះ​កាន់តែ​ធំ​ និង​ប្រសើរ​ជាង​លើក​មុនៗ​ទៅ​ទៀត​ ដូច្នេះ​ហើយ​សហព័ន្ធ​កំពុង​ធ្វើ​ផែនការ​ជំរុញ​ការ​ចូលរួម​ពី​សំណាក់​កីឡាករ​ខ្លាំងៗ​ឲ្យ​បាន​ច្រើន​ និង​ស្វែងរក​ដៃគូ​សហការ​ដើម្បី​រក​ថវិកា​ឧបត្ថម្ភ​គាំទ្រ​បាន​កាន់តែ​ច្រើន​ពិសេស​ផ្ដល់​លើ​ប្រាក់​រង្វាន់។​

ការប្រកួតក្នុងសាលកីឡាសម្ដេចពិជ័យសេនាកន្លង​ទៅ

បញ្ជាក់​ដែរ​ថា​ ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៤​ និង​កីឡា​ជាតិ​ជន​ពិការ​ លើក​ទី២ ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៩​ ខែ​តុលា​ ដល់​ ៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។​ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៤​ នេះ​នឹង​មាន​ ៣៦​ប្រភេទ​កីឡា​ និង​កីឡា​ជាតិ​ជន​ពិការ​ លើក​ទី២​ មាន​ ៦ប្រភេទ​កីឡា។​ ចំពោះ​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​បើ​តាម​ផែនការ​កំណត់​គឺ​នឹង​ប្រកួត​រយៈពេល​ ៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២​ ដល់​ ៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ស្តាត​ចាស់៕​

អត្ថបទ៖ នួន ស៊ីណា​