ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជ្រុល ពិសេសលើកផឹកលើឆាកនានា លែងមានទៀតហើយ

  • 2024-10-10 07:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងចំនួន ៧ ក្រោមការដឹកនាំ របស់ឯកឧត្តម នេត្រ សុភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ហៅកាត់ថា ក.គ.ផ.ស បានសម្រេចដាក់ចេញដើម្បីអនុវត្តគោលការណ៍ "ឆន្ទៈល្អ" ស្ដីពីការកំណត់បែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅថ្ងៃទី ១០ តុលា ២០២៤។

មុនលម្អិតពីគោលការណ៍ចំនួន ១៧ ចំណុច លោកនេត្រ សុភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ហៅកាត់ថា ក.គ.ផ.ស មានលើកឡើងថា "ការផ្សព្វផ្សាយគ្រឿងស្រវឹងជ្រុល បែបដាក់សម្ពាធ របស់ក្រុមហ៊ុនស្រាបៀរ ទៅស្ថាប័នផ្សព្វផ្សាយ មានអនឡាញ មានទូរទស្សន៍ តាមរយៈយកទស្សនិកជន ទៅទទួលទានលើឆាក អត់មានទៀតទេ...ត្រូវរឹតត្បិត មិនឲ្យមានទៀតទេ ព្រោះដោយប្រយោលសកម្មភាពអស់នេះវាបានអូសទាញនិតិជន មិនទាន់គ្រប់អាយុ"។

ប្រធានក្រុមការងារ ក.គ.ផ.ស អំពាវនាវគ្រប់ភាគីទាំងអស់រួមមាន ក្រសួងមន្ទីរ ក្រុមហ៊ុនគ្រឿងស្រវឹងទាំងក្នុងស្រុក និងនាំចូល ប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម សិល្បៈករសិល្បៈការិនី បងប្អូនបង្កើតមាតិការឯករាជ្យនៅតាមបណ្ដាញសង្គមនានា ឲ្យចូលរួម លើគោលការណ៍ខាងក្រោម ដើម្បីប្រសិទ្ធិភាព សុខសុត្ថិភាព សុខភាព និងប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល។

ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ត្រូវគោរពតាមគោលការណ៍ ដូចខាងក្រោម៖

១. មិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានភ្ជាប់សេចក្ដីបរិយាយបំផ្លើសខុសពីការពិត។

២. មិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានលក្ខខណៈអូសទាញ ដូចជាការប្រើប្រាស់រូបភាពទទួលទានគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សមត្ថភាពផ្លូវភេទ ឬភាពទាក់ទាញនាំទៅរកទំនាក់ទំនងផ្លូវភេទ ជាដើម។

៣. មិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្ម ឃោសនា និងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដោយយកទស្សនិកជនឲ្យទទួលទានគ្រឿងស្រវឹង នៅលើឆាកកម្មវិធីនានា។

៤. មិនអនុញ្ញាតឲ្យពិធីករ ពិធីការិនីបរិយាយ ឬបង្ហាញសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ឬការផ្សព្វផ្សាយលក់ផលិតផលគ្រឿងស្រវឹងតាមរយៈមធ្យោបាយជំរុញ និងលើកទឹកចិត្តឲ្យទទួលទានគ្រឿងស្រវឹងនៅតាមឆាកកម្មវិធីនានា។

៥. មិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងផ្ដោតលើគោលដៅ អនីតិជន និង/ឬយកអនិតិជនផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។

៦. មិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ឬការផ្សព្វផ្សាយលក់ផលិតផលគ្រឿងស្រវឹងនៅចន្លោះម៉ោង ១៨:០០នាទី ដល់ម៉ោង ២០:០០នាទី តាមស្ថានីយទូរទស្សន៍និងស្ថានីយវិទ្យុគ្រប់ប្រភេទ លើកលែងតែការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការផ្សព្វផ្សាយលក់ផលិតផលគ្រឿងស្រវឹងនោះ ដោយគ្រាន់តែបង្ហាញរូបសញ្ញា ឬឈ្មោះផលិតផល ឬមានឈ្មោះផលិតផលគ្រឿងស្រវឹងតែបណ្ណោះ។

៧. មិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្មផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង គ្រប់ប្រភេទតាមគ្រប់ទម្រង់ និងគ្រប់មធ្យោបាយផ្សព្វផ្សាយចម្ងាយតិចជាង ២០០ម៉ែត្រ នៅជុំវិញបរិវេណទីតាំងមួយចំនួន ជាអាទិ៍គ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមនីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងអាកាសយានដ្ឋានអន្តរជាតិ។

៨. ជៀសវាងការប្រើប្រាស់រូបភាពហិង្សា អាសអាភាស ឬអាក្រាតកាយដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

៩. ត្រូវដាក់សារអប់រំលើរាល់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយ គ្រប់ទម្រង់ និងគ្រប់ប្រភេទ ជាអាទិ៍ "ពិសាគ្រឿងគ្រឿងសូមកុំបើកបរ" ឬ "ទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ" ដែលអាចអាន ឬមើលឃើញច្បាស់ មានទំហំ ១/៤ នៃទំហំផ្សាយពាណិជ្ជកម្ម។

១០. ហាមឃាត់ការប្រើវត្ថុ អត្តសញ្ញាណ និមិត្តសញ្ញា ម៉ាកផលិតផល ឧបករណ៍ ហ្គេម រចនាបទ រូបភាព ពណ៌ ភ្លេង និងតួអង្គ (ទោះជាការពិតក្ដី ឬប្រឌិតក្ដីរាប់បញ្ចូលទាំងរូបតុក្កតា ឬតារាល្បីៗជាដើម) ដែលមានគោលដៅជាចម្បងទាក់ទាញអនីតិជនឲ្យទទួលទានគ្រឿងស្រវឹង។

១១. ហាមឃាត់ការបង្ហាញពីការទទួលទានគ្រឿងស្រវឹងនៅមុនពេល ឬក្នុងពេលកំពុងបញ្ជារថយន្ត ឬយានយន្តគ្រប់ប្រភេទ។

១២. ហាមឃាត់ការបង្ហាញពីការទទួលទានគ្រឿងស្រវឹង គឺជាលក្ខខណ្ឌតម្រូវឲ្យសង្គមទទួលស្គាល់ ឬសម្រាប់ជោគ័យក្នុងសង្គម ឬមោទនភាពជាតិ។

១៣. ហាមឃាត់ការបង្ហាញពីការទទួលទានគ្រឿងស្រវឹង សំដៅទៅលើស្ត្រីមានផ្ទៃពោះ ឬស្ត្រី ដែលបំបៅដោះទា

១៤. ហាម​ឃាត់​ការ​បង្ហាញ​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង ឬ​គ្រឿង​ស្រវឹង​ម៉ាកជាក់លាក់​ណាមួយ​អាច​ជួយ​ក្នុង​ការ​ទប់​ស្កាត់ ឬ​ព្យាបាល​ជំងឺ ឬ​ស្ថានភាព​ណាមួយ​ឡើយ លើក​លែង​តែ​មាន​ច្បាប់​អនុញ្ញាត។

១៥. ត្រូវ​គោរព​ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​មាន​តំណម​ចំពោះ​ផលិតផល​គ្រឿង​ស្រវឹង រួមមាន អ្នក​កាន់​សាសនា វប្បធម៌ អ្នក​មាន​ជំងឺ ស្ត្រី​មាន​ផ្ទៃពោះ ជា​ដើម។

១៦. ហាម​ឃាត់​ការ​បង្ហាញ​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង តាម​ទម្រង់​អេឡិចត្រូនិក ឬ​ឌីជីថល ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម ត្រូវ​រចនា​ទំព័រ​ចែង​អំពី​សារ​ព្រមាន ហាម​អនីតជន​ចូល​ទស្សនា និង​ដើម្បី​ធានា​ថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មិនមែន​សម្រាប់​អនីតិជន។

១៧. ហាមឃាត់​ជា​ដាច់​ខាត​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ដែល​មិន​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញាត្តិ​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។