តើភាពយន្តខ្លីក្នុងស្រុកណាខ្លះ ដែលនឹងចាក់បង្ហាញក្នុងមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ ២០២៤ នេះ?

  • 2024-10-14 06:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឆ្នាំ២០២៤នេះ «មហោស្រពភាពយន្តខ្លីចតុមុខ» បានរើសភាពយន្តខ្លីចំនួន ប្រាំ ចំណងជើង សម្រាប់ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងចំណោមភាពយន្តខ្លីដែលបានដាក់ប្រកួតចំនួន ៦០ ចំណងជើង នេះបើយោងតាមការឲ្យដឹងរបស់ គណកម្មការរើសរឿងក្នុងស្រុក។ រឿងទាំង៥ មានចំណងជើងដូចតទៅ៖

ទីមួយ៖ Black Light ដឹកនាំរឿងដោយ ឈាន ពិសេន

ទីពីរ៖ Three Legs in the Evening ដឹកនាំរឿងដោយ ឃុន នីយ៉ាលិ

ទីបី៖ Golden Dragon ដឹកនាំរឿងដោយ ឈិត​ បូរិន

ទីបួន៖ ​ Help ដឹកនាំរឿងដោយ ផុន​ សុផាន់ណារិទ្ធ

ទីប្រាំ៖ After the Rain ដឹកនាំរឿងដោយ លី សុវណ្ណតារា អាសាគូរ៉ា អេរីកា និងហង់ យុត្តិវង្សចេមី

លោក អៀម ទិត្យសីហា ដែលជាអ្នករើសរឿងក្នុងស្រុកបានឲ្យដឹងថា៖ «ក្នុងចំណោម សាច់រឿង ដែលយើងបានជ្រើសរើសមកប្រកួត សមិទ្ធករ មានសន្ទុះ និងភាពក្លាហាន ក្នុងការស្វែងរក និង បង្ហាញអ្វីដែលថ្មី ប្លែក និងភាពច្នៃប្រឌិត ជាមួយនិងសាច់រឿងព្រមទាំងបច្ចេកទេសផងដែរ។» លើសពីនេះទៅទៀត លោកក៏បានថ្លែងយ៉ាងរំភើបថា៖ «ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ហើយសូមសសើរចំពោះពួកគាត់ ដែលប្រឹងប្រែងបង្កើតស្នាដៃ បង្កប់ដោយចំណេះដឹង និងគំនិត ប្លែកៗ ចូលរួមក្នុងមហោស្រពរបស់យើង។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនៅឆ្នាំនេះ យើងទទួលបាននូវស្នាដៃប្រភេទពញ្ញាក់ (Thrillers) ច្រើន។ នេះបញ្ជាក់ថាសមិទ្ធករកំពុងតែ ព្យាយាមស្វែងរក តាមរយៈការផលិតរឿងខ្លី នូវ សមត្ថភាពរបស់ខ្លួន ចំពោះប្រភេទរឿងតាម អារម្មណ៍ទស្សនិកជន (genre) ផ្សេងៗពិសេស គឺ Thrillers នេះ។»

គួរបញ្ជាក់ផងដែរថា រឿងទាំងប្រាំចំណងជើងនេះបានជ្រើសរើស សម្រាប់ការប្រកួតឆ្នាំនេះគឺ យើងសំរិតសំរាំងយកស្នាដៃ ដោយផ្អែកលើសមត្ថភាពក្នុងការផលិតភាពយន្ត ទៅតាមលក្ខខណ្ឌ ដូចខាងក្រោម៖

  • ការគ្រប់គ្រងសាច់រឿង ដើម្បីឲ្យអត្ថន័យរបស់វាធ្វើអ្នកទស្សនាអាចវិភាគ ឬទទួលយកបាន
  • ការគ្រប់គ្រង និងជ្រើសរើសបច្ចេកទេស ដែលមានគុណភាព និងសមជាមួយសាច់រឿង
  • ការជ្រើសរើសតួ ដែលសមនឹងសាច់រឿង​ ហើយនិងការដឹកនាំតួ សម្តែង
  • មានឆន្ទៈជាសិល្បករ បង្ហាញភាពច្នៃប្រឌិត សម្រាប់ស្នាដៃ របស់ខ្លួន នេះបើតាមការឲ្យដឹងរបស់គណកម្មការជ្រើសរើសភាពយន្តក្នុងស្រុកនៃមហោស្រពភាពយន្តខ្លី ចតុមុខ។

ស្របពេលជាមួយគ្នានេះដែរ លោក ផុន​ សុផាន់ណារិទ្ធ (ហៅក្រៅ​ Tobii) ជាម្ចាស់ស្នាដៃរឿង "HELP"​ជាអ្នកដឹកនាំ រឿងមួយក្នុងចំណោមរឿងផ្តាច់ព្រ័ត្រទាំងប្រាំ បានលើកឡើងថា៖ «​ខ្ញុំមាន អារម្មណ៍ថាសប្បាយចិត្ត នឹងមានមោទនភាពជាខ្លាំង ព្រោះ "HELP" ជារឿងទី១ដែលខ្ញុំបានផលិត នឹងដឹកនាំសម្តែង។ សូមថ្លែងអំណរគុណដល់ មហោស្រពភាពយន្តខ្លីចតុមុខ ដែលបានជ្រើសរើស រឿងដំបូងរបស់ ខ្ញុំ​ចូលរួមប្រកួតឆ្នាំនេះ។»

មហោស្រពភាពយន្តខ្លីចតុមុខរបស់យើង នឹងរៀបចំឡើងទៅ ពីថ្ងៃទី២៥ ដល់ទី២៨ ខែតុលាឆ្នាំនេះ រយៈពេលសរុបមានចំនួន ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានកម្មវិធីបើកនិងបិទមហោស្រពផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្តយុវសមិទ្ធករ និងចង់មានចូលចិត្តភាពយន្តខ្មែរក៏ដូចជាបរទេស អាចសាធារណៈជនអាចមកចូលរួមទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់ នៅតាមរោង ភាពយន្ត ដូចជា Legend Cinema - Olympia Mall, Major Cineplex - Sorya, Fable Cinema, Cine Hub, និង Workspace 2/Factory Phnom Penh។

អ្វីដែលប្លែកនៅក្នុងឆ្នាំ២០២៤​ នេះ CSFF ត្រូវបានគាំទ្រជាផ្លូវការពីបណ្តាស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាច្រើនរួមមាន៖

  • ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ជាស្ថាប័នគាំទ្រ
  • ក្រសួងព័ត៍មាន​ ជាស្ថាប័នគាំទ្រ
  • អង្គការមូលនិធិកុមារអន្តរជាតិ ជាស្ថាប័នផ្តល់មូលនិធិ
  • មូលនិធិជប៉ុន ប្រចាំប្រទេសកម្ពុជា ជាស្ថាប័នផ្តល់មូលនិធិ
  • រោងភាពយន្តដៃគូធំ Legend Cinema
  • រោងភាពយន្តដៃគូ FABLE CINEMA និង Major Cineplex
  • ដៃគូផលិត សាលាភាពយន្តរបស់អង្គការ PSE,
  • ដៃគូបច្ចេកទេស Camera Hut
  • និងដៃគូផ្សព្វផ្សាយរួមមាន Sabay និង ទូរទស្សន៍បុស្តិ៍លេខ 5 ជាភាសាខ្មែរ, Kiripost Media, Cinemata និងEAC News ជាភាសាអង់គ្លេស
  • ដៃគូសហគមន៍របស់យើងគឺ ​Factory Phnom Penh, Cine Hub, Cambodia Film Commission, Neeson Cripps Academy, អង្គការសកម្មភាពសិល្បៈ, «មហោស្រពភាពវីដេអូសម្រាប់កុមារ អាស៊ីអាគ្នយ៍», សាលាសិល្បៈសម្តែង
  • ដៃគូផ្គត់ផ្គង់រួមមាន ហាងកាហេ្វ11:11, ហាងនំ«នាទ្បិ» និង Coca-Cola។

ជាមួយគ្នានេះដែរមហោស្រពភាពយន្តខ្លីចតុមុខCSFFក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិកជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង។ ដូច្នេះការបរិច្ចាគអាចផ្ញើទៅកាន់ គណនេយ្យ ABA លេខ 000 877 929 ឬក៏ស្គេនតាម QR Code ខាងក្រោម។

អំពី «ក្រុមភាពយន្តឈូករ័ត្ន»

ក្រុមភាពយន្តឈូករ័ត្ន ឬ Sunflower Film​ ​Alliance គឺជាក្រុមមួយដែលបានបង្កើតឡើង ដោយអង្គការភាពយន្ត ឈូករ័ត្ន - Sunflower Film Organization - SFO ។ ក្រុមភាពយន្តឈូករ័ត្ន មានសមាជិកចូលរួមដោយ អ្នកស្ម័គ្រចិត្តជាច្រើនរូបទូទាំង ប្រទេសកម្ពុជាដែលពួកគាត់សុទ្ធតែមាន ចំណង់ចំណូលចិត្ត ទៅលើជំនាញ ផលិតភាពយ​ន្ត ដែលមានអាយុ​ចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ អង្គការភាពយន្តឈូករ័ត្នបានចុះឈ្មោះ ជាផ្លូវការ នៅក្រសួងមហាផ្ទៃ ជាអង្គការមិនរក ប្រាក់ចំណញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាសលេខ ១៣៩៤ ប្រ.ក។

លើសពីនេះក្រុមភាពយន្តឈូករ័ត្នក៏បានផលិតគម្រោងខ្លួនឯង និងសហផលិត តាំងពីចុងឆ្នាំ ២០១៧ ដែល រួមមានកម្មវិធី«កុនខ្ញុំ» សម្រាប់ទូរទស្សន៍ ជាតិ​កម្ពុជា (ទទក) កម្រងរឿងពី«គ្រួសារ» និងភាពយន្តខ្លីៗដូច ជារឿង “akumu”និងរឿងខ្លីៗមួយ​ចំនួន ទៀត។ តាំងពីឆ្នាំ ២០១៩ ក្រុមនេះក៏ បានរៀបចំកម្មវិធី«តស់ ថត ឯកសារនៅកម្ពុជា» (Let’s Document Cambodia) ដោយបាន បណ្តុះបណ្តាល យុវជននៅភ្នំពេញ និងតាម ខេត្តនានាបានមិនតិចជាង២០០នាក់ទេ។ ក្រុមភាពយន្តឈូករ័ត្ន មានគោលដៅដ៏ចម្បង គឺចង់ឱ្យមាន ការ​យល់ដឹង កាន់តែទូលំទូលាយ អំពីការផលិត ភាពយន្ត ដើម្បីកសាងឧស្សាហកម្ម ភាពយន្តកម្ពុជាឱ្យ រឹងមានដោយរៀបចំវគ្គ បណ្តុះបណ្តាលខ្លីៗ និង ចាក់បង្ហាញស្នាដៃ តាមប្រព័ន្ធផ្សព្វផ្សាយនានា និង រោងភាពយន្ត ឬមហោស្រពនានា ជាមួយ​សម្ព័ន្ធមិត្តតាមបណ្តាខេត្តនៅកម្ពុជា ក៏ដូចជា ដៃគូនៅ ក្រៅស្រុក ដើម្បីនាំស្នាដៃយុវជនខ្មែរ ឱ្យមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង កញ្ញា វ៉ានឌី ដេណសុភាលាភ ទទួលបន្ទុកផ្នែកទំនាក់ទំនងព័ត៌មាន

  • លេខទំនាក់ទំនង: +855 69 288 169
  • អុីមែល: com@csff.co
អត្ថបទថ្មី