កម្មវិធីបើក៖ កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម ២០២៤

  • 2024-10-14 07:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងក្នុងឱកាសពិធីបើកកម្មវិធីនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា ៖ គោលបំណងនៃកម្មវិធី យុវជនឆ្ពោះទៅអាជីវកម្ម ឆ្នាំ២០២៤ នេះគឺ ដើម្បីបង្កើតជាឱកាសសម្រាប់យុវជនកម្ពុជាទទួលបាននូវចំណេះដឹង ក៏ដូចជាដំណោះស្រាយនានា ក្នុងនោះរួមមានទាំងការរៀបចំការប្រកួតប្រជែងគំនិតបង្កើតផែនការអាជីវកម្មថ្មីៗ ដើម្បីជួយលើកកម្ពស់ការយល់ដឹងបន្ថែមទៀតរបស់យុវជនដែលពាក់ព័ន្ធទៅលើការប្រកបមុខរបរអាជីវកម្ម ភាពជាសហគ្រិន និងការត្រៀមខ្លួនទុក មុននឹងចាប់ផ្ដើមអាជីវកម្ម។ ព្រមទាំងជាឱកាសក្នុងការជួយជម្រុញយុវជនរបស់យើងឲ្យមានភាពក្លាហាន មានភាពសកម្មក្នុងការបញ្ចេញមតិ និងភាពក្លាហានក្នុងការការពារគម្រោងនៃផែនការអាជីវកម្មរបស់ខ្លួន ថែមទាំងរៀនចេះចែករំលែកនូវចំណេះដឹងរបស់ខ្លួនដែលមានតាមរយៈការសិក្សា និងការស្រាវជ្រាវ។ ជាពិសេសគឺ ការធ្វើការងារជាក្រុម ដើម្បីអោយផែនការអាជីវកម្មទាំងអស់របស់ពួកគេអាចចូលរួមជាចំណែកក្នុងការជួយដោះស្រាយនូវបញ្ហាសង្គមក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគតផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា នេះជាចំណុចមួយដ៏សំខាន់ សម្រាប់គ្រប់អាជីវកម្មទាំងអស់ ជាទូទៅ យើងតែងតែផ្តោតទៅលើតែផលចំណេញ ចង់រកប្រាក់ចំណេញ ប៉ុន្តែបច្ចុប្បន្ននេះ ក៏ដូចជាអ្វីដែលយើងកំពុងតែត្រូវការ ក្រៅពីផលចំណេញ គឺត្រូវគិតពីផែនការអាជីវកម្មរបស់យើងថាតើអាជីវកម្មរបស់យើង មុខរបររបស់យើង បានរួមចំណែកអ្វីខ្លះក្នុងការដោះស្រាយបញ្ហាសង្គម បញ្ហាការងារ បញ្ហាបរិស្ថាន និងបញ្ហាផ្សេងៗទៀត។ល។ អាជីវកម្មមិនមែនត្រូវបានបង្កើតឡើង ដើម្បីបំផ្លាញបរិស្ថាន ឬក៏បំផ្លាញសុខភាពសាធារណៈនោះទេ។ នេះជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ ឯការបណ្ដុះគំនិតសហគ្រិនដល់យុវជននេះ ក៏ជួយជំរុញដល់សេដ្ឋកិច្ចថែមទាំងជួយគាំទ្រយុវជនកម្ពុជារបស់យើងឲ្យចេះអភិវឌ្ឍន៍នូវជំនាញផ្សេងៗដែលយើងនិយាយបានថាជា " បំណិនសតវត្សរ៍ទី២១" ។

ជាមួយគ្នានេះ ឯកឧត្តម សេរី ជំនះ ក៏បានផ្តល់ការអធិប្បាយយ៉ាងលម្អិតអំពីអត្ថន័យនៃឃ្លា "បំណិនសតវត្សរ៍ទី២១"។ ដោយឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា "បំណិនសតវត្សរ៍ទី២១" ជាមូលដ្ឋានគ្រឹះក្នុងការឲ្យយើងជោគជ័យនៅក្នុងអាជីពក៏ដូចជាមុខរបរការងារ ដែលក្នុងនោះមានបំណិនដោះស្រាយបញ្ហា។ បំណិននេះមានគោលបំណង បណ្ដុះយុវជនឲ្យចេះប្រើប្រាស់នូវវប្បធម៌នៃការសន្ទនា តាមរយៈការបណ្ដុះបណ្ដាល និងការប្រកួតប្រជែងផែនការអាជីវកម្ម ដែលជាចំណែកមួយចូលរួមក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលយើងធ្លាប់បានជួបប្រទះ។ បន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ទាក់ទងនឹង ជំនាញទន់ដែលសិស្សានុសិស្សគួរមានដូចជា ការពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការគិតឲ្យបានម៉ត់ចត់ស៊ីជម្រៅ ការវិភាគឲ្យបានត្រឹមត្រូវ និងការចេះវិនិច្ឆ័យមុននឹងធ្វើការសម្រេចចិត្ត។ ការបង្កើនសមត្ថភាពនៃការសិក្សាស្រាវជ្រាវ ការបង្កើតសមត្ថភាពក្នុងការច្នៃប្រឌិត ជំនាញទំនាក់ទំនង និងការចេះធ្វើការងារជាក្រុម រួមទាំងសមត្ថភាពនៃភាពជាអ្នកដឹកនាំ។ ជាពិសេសសិស្សានុសិស្សដែលជាយុវជនជំនាន់ក្រោយគប្បីប្រកាន់ខ្ជាប់នូវសីលសម្បទា។

តាមរយៈការថ្លែងក្នុងឱកាសពិធីបើកកម្មវិធីនេះ ឯកឧត្តម សេរី ជំនះ ក៏បានលើកឡើងបន្ថែមទៀតថា កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្មនេះ ជាផែនទីមួយជួយតម្រេតម្រង់យុវជនយើង មុននឹងចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន កុំឲ្យប្រថុយប្រថានខ្លាំងពេក យ៉ាងហោចណាស់ក៏យល់ថាអ្វីទៅជាសហគ្រិនភាព និង អ្វីទៅជាការរៀបចំផែនការអាជីវកម្មផងដែរ។

មុននឹងឈានទៅដល់សេចក្តីបញ្ចប់ ឯកឧត្តម សេរី ជំនះក៏បានក្រើនរំលឹកថា «ខ្ញុំជឿជាក់ថាកម្មវិធីនេះ នឹងជួយបំពេញបន្ថែម ក៏ដូចជាកសាងនូវសមត្ថភាពសម្រាប់ប្អូនៗដែលជាយុវជន ដើម្បីផ្ដល់ជាទុនក្នុងការរៀបចំផែនការអាជីវកម្មរបស់ខ្លួន និងការដោះស្រាយបញ្ហាផ្សេងៗ រួមបញ្ចូលទាំងបញ្ហាសហគមន៍ បញ្ហាគ្រួសារ ជាពិសេសគឺការចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើងទាំងមូល តាមរយៈគ្រប់រូបភាពទាំងអស់ ដែលយើងអាចធ្វើបាន និងតាមរយៈរូបភាពជាសហគ្រិនរបស់យើង»។