ជំងឺបេះដូង ជា “ឃាតកលាក់មុខ” អាចឆក់យកអាយុជីវិតមនុស្សភ្លាមៗ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា

  • 2024-10-25 10:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺបេះដូង ឬការស្ទះសរសៃឈាមបេះដូង ត្រូវបានគេចាត់ទុកថា ជាឃាតកលាក់មុខ ដែលអាចឆក់យកអាយុជីវិតមនុស្សបានភ្លាមៗ ប្រសិនបើអ្នកជំងឺនោះពុំទទួលបានការសង្គ្រោះ និងព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។ តួយ៉ាង បើតាមទិន្នន័យពីអង្គការ សុខភាពពិភពលោក ជំងឺបេះដូង ឬការស្ទះសរសៃឈាមបេះដូង គឺជាប្រភេទជំងឺ ដែលអាចសម្លាប់ជីវិតមនុស្សច្រើនជាងគេ បើធៀបនឹងជំងឺផ្សេងៗទៀត។

កត្តាអ្វីខ្លះបង្កឲ្យមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ហើយនរណាខ្លះដែលប្រឈមនឹងកើតជំងឺនេះខ្លាំងជាងគេ? លោកវេជ្ជបណ្ឌិត Paul Ong ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបេះដូង នៃមន្ទីរពេទ្យ Mount Elizabeth Novena បានអះអាងថា បេះដូង គឺជាសរីរាង្គ ដែលមានតួនាទីច្របាច់បញ្ជូនឈាម ដើម្បីចិញ្ចឹមសរីរាង្គផ្សេងៗនៅក្នុងរាងកាយ ប៉ុន្ដែ ប្រសិនបើ បេះដូងមានបញ្ហា ឬមានការកកស្ទះសរសៃឈាម បេះដូង នោះវានឹងមិនអាចបញ្ជូនឈាម និងអុកស៊ីហ្សែនបានគ្រប់គ្រាន់ទៅចិញ្ចឹមសាច់ដុំបេះដូង និងសរីរាងផ្សេងទៀតបានឡើយ។ បញ្ហាស្ទះសរសៃឈាមបេះដូងនេះ តែងកើតឡើងដោយសារតែការកើនឡើង នៃសារធាតុខ្លាញ់ ឬហៅថា Cholesterol។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ទៀតថា ជាទូទៅ អ្នកដែលប្រឈមនឹងការកើតមាននូវជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើន គឺជាអ្នកជក់បារី, អ្នកមានជំងឺប្រចាំកាយរ៉ាំរៃដូចជា ទឹកនោមផ្អែម លើសឈាម និងបញ្ហាលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមជាដើម។ ចំពោះអាការៈ ដែលច្រើនកើតមានលើអ្នកជំងឺស្ទះសរសៃឈាមបេះដូង រួមមាន ឈឺទ្រូង, តឹងណែនក្នុងទ្រូង, ពិបាកដកដង្ហើម និងបែកញើសស្អិតត្រជាក់ខ្លួនខុសធម្មតា។ អាការៈទាំងអស់នេះ តែងបង្ហាញឲ្យឃើញនៅពេលដែលអ្នកជំងឺ ធ្វើការហាត់ប្រាណ និងការដើរ ច្រើន ឬរត់ជាដើម។

តើមានវិធីអ្វីខ្លះ ដើម្បីធ្វើរោគវិនិច្ឆយ ជំងឺបេះដូង? ដើម្បីអាចដឹងប្រាកដថា អ្នកជំងឺមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ឬក៏អត់ លោកវេជបណ្ឌិត Paul Ong បានណែនាំឲ្យតាមដានត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ និងស្វែងរកការប្រឹក្សាយោបល់ និងធ្វើតេស្ដរោគវិនិច្ឆយ ជាមួយវេជ្ជបណ្ឌិតជំនាញ តាមរយៈការធ្វើតេស្ដឈាម តាមដានលើសារជាតិកូលេស្តេរ៉ល់ និងការពិនិត្យតាមដានទៅលើជំងឺទឹកនោមផ្អែមផងដែរ។ ក្នុងករណីសង្ស័យថា មានអាការៈជំងឺបេះដូង វេជ្ជបណ្ឌិតជំនាញ នឹងផ្ដល់អនុសាសន៍ឲ្យអ្នកជំងឺធ្វើការវាស់ចង្វាក់បេះដូង (ECG), ការឆ្លុះអេកូ និងការប្រើឧបករណ៍ដើម្បីពិនិត្យរកមើលសរសៃឈាមតូចៗដែលកកស្ទះ (CT coronary angiogram)ជាដើម។

តើគេអាចព្យាបាលជំងឺបេះដូងដោយវិធីសាស្ត្រណាខ្លះ? បើទោះបីជា ជំងឺបេះដូង អាចមានឱកាសឆក់យកជីវិតមនុស្សបានភ្លាមៗក្ដី ប៉ុន្ដែ ស្របតាមការជឿនលឿននៅក្នុងវិស័យវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន គេអាចព្យាបាលជំងឺនេះ បានដោយជោគជ័យ តាមរយៈវិធីសាស្ត្រផ្សេងគ្នា។ បើតាមវេជ្ជបណ្ឌិត Paul Ong វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និង សរសៃឈាមបេះដូង នៃមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth Novena Hospital បានលើកឡើងថា ការព្យាបាលជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ជាដំបូងគេ គឺអ្នកជំងឺខ្លួនឯង ត្រូវផ្លាស់ប្ដូរររបៀបរបបនៃការរស់នៅរបស់ខ្លួនជាងមុនសិន ដូចជា ធ្វើការហាត់ប្រាណឲ្យបានញឹកញាប់, ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ ដូចជាថ្នាំទប់សម្ពាធឈាម និងបញ្ចុះសារធាតុខ្លាញ់។ វិធីសាស្ត្រផ្សេងទៀត ក្នុងករណី ដែលអ្នកជំងឺមានបញ្ហាស្ទះសរសៃឈាមធ្ងន់ធ្ងរ វេជ្ជបណ្ឌិតនឹងធ្វើការដាក់ stent ឬ Balloon ដើម្បី កុំឲ្យសរសៃឈាមនោះ បន្ដស្ទះតទៅទៀត។ ប៉ុន្ដែ ប្រសិនបើ ការស្ទះសរសៃឈាមនោះ មានច្រើនកន្លែងពេក វេជ្ជបណ្ឌិត អាចនឹងតម្រូវឲ្យអ្នកជំងឺត្រូវធ្វើការវះកាត់តាមវិធីសាស្ត្រ bypass operation ប៉ុន្ដែ មានអ្នកជំងឺភាគតិចណាស់ ដែលត្រូវឆ្លងកាត់ការព្យាបាលតាមរយៈការវះកាត់នេះ។

បើតាមលោកវេជ្ជបណ្ឌិត Paul Ong សម្រាប់ការព្យាបាលជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូងនៅមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth Novena គឺជាជម្រើសដ៏ល្អមួយ ដ្បិតកេរ្ដិ៍ឈ្មោះមន្ទីរពេទ្យដ៏ល្បីរបស់សិង្ហបុរីមួយនេះ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ មន្ទីរពេទ្យ Mount Elizabeth Novena មានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗចុងក្រោយ ដែលមានសមត្ថភាពខ្ពស់សម្រាប់ការព្យាបាលអ្នកជំងឺ រួមផ្សំជាមួយនឹងក្រុមវេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកា ដែលមានជំនាញច្បាស់លាស់ បទពិសោធន៍យូរឆ្នាំ និងមានក្រមសីលធម៌វិជ្ជជីវៈខ្ពស់។ កត្តាទាំងនេះ បានធ្វើឲ្យមន្ទីរពេទ្យ Mount Elizabeth Novena មានឱកាស និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីព្យាបាល ថែទាំសុខភាពអ្នកជំងឺទទួលបានលទ្ធផលយ៉ាងល្អបំផុត៕