គម្រោង "ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី" សម្ពោធជាផ្លូវការ លើផ្ទៃដី ៥​ ហិកតារ ដើម្បីលើកស្ទួយ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ

  • 2024-11-04 07:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី០២ ខែវិច្ឆិកាកន្លងទៅនេះ អាជ្ញាធរជាតិអប្សរា និងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ដែលជាគម្រោងដាំ និងថែទាំកូនឈើចំនួន ៥ពាន់ដើម លើផ្ទៃដីប្រមាណ ៥ហិកតារ ខាងកើតប្រាសាទប្រី នៃតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។

ពិធីផ្លូវការនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតី ដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា និងលោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ព្រមទាំងភ្ញៀវកិត្តិយស បុគ្គលិកស្ថានទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា និងបុគ្គលិករបស់ធនាគារ CIMB ប្រមាណ ៥០០នាក់ផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខមួយ ក្នុងប្រទេសកម្ពុជា និងស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានសហការរៀបចំកម្មវិធីដាំកូនឈើ ក្នុងគោលបំណងរួមចំណែកគាំទ្រ ដល់យុទ្ធនាការដើមឈើមួយលានដើម របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាបរិស្ថាន លើកកម្ពស់និរន្តរភាព ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយសោភណ្ឌភាព នៃតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងផ្សព្វផ្សាយវិស័យទេសចរណ៍ទាំងមូល ក្នុងខេត្តសៀមរាប ដែលជាទិសដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏មានវិសាលភាព។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហុង ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា៖ «អាជ្ញាធរជាតិអប្សរា ពិតជាមានកិត្តិយសក្រៃលែង ដែលមិនត្រឹមតែមានដៃគូរបស់យើង គឺធនាគារ CIMB ដែលចុះមកធ្វើការជាលើកទី៣ ក្នុងការជួយដាំកូនឈើ និងការពារប្រាសាទរបស់យើងប៉ុណ្ណោះទេ គឺមានការចូលរួម ពីឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីទៀតផង ដែលនេះគឺជាកិច្ចសហការយ៉ាងល្អប្រពៃផងដែរ»។

មិនតែប៉ុណ្ណោះ ឯកឧត្តម ហុង ពៅ បានបញ្ជាក់ផងដែរថា៖ គម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ីនេះ គឺស្ថិតលើទីតាំងប្រវត្តិសាស្រ្ត ទំនប់បុរាណ ដែលត្រូវបានសាងសង ក្នុងសតវត្សទី១២ និងត្រូវបានប្រើប្រាស់ រហូតដល់ពេលបច្ចុប្បន្ន ក្នុងការជួយនាំទឹក ទៅកាន់តែតំបន់អង្គរ និងជួយរំដោះទឹកជំនន់ ក្នុងខេត្តសៀមរាបទាំងមូលផងដែរ។ ចាប់តាំងពីឆ្នាំ២០០៤ អាជ្ញាធរជាតិអប្សរា បានដាក់ចេញគម្រោងដាំកូនឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយការពារ និងរក្សានូវភាពរឹងមាំ នៃតួប្រាសាទ ពីខ្យល់កន្ត្រាក់នានា និងទាក់ទាញទឹកភ្លៀង ដែលរក្សាបរិមាណទឹក ក្នុងការជួយការពារប្រាសាទ ដែលមានខ្សាច់ជាគ្រឹះ ហើយត្រូវការទឹកជាប្រចាំ។

​​ជាមួយគ្នានេះ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា​ បានមានប្រសាសន៍ផងដែរថា៖ «តាងនាមឲ្យស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ខ្ញុំពិតជាមានកិត្តិយសក្រៃលែង ដែលបានរួមចំណែក ក្នុងកម្មវិធីដាំកូនឈើដ៏មានគុណតម្លៃ និងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា នៃការសម្ពោធជាផ្លូវការ គម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ក្រោមកិច្ចសហការ រវាងធនាគារ CIMB និងស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីអាជ្ញាធរជាតិអប្សរា។

គម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ីនេះ គឺជាការកត់សម្គាល់ នៃការរួមចំណែករបស់ធនាគារ CIMB ក្នុងការជួយថែរក្សា និងអភិរក្សអច្ឆរិយវត្ថុ ដែលជាមោទនភាពជាតិមិនអាចកាត់ថ្លៃបាន នៃប្រទេសកម្ពុជា និងប្រជាជនម្ពុជា គឺតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ ស្ថានទូតម៉ាឡេស៊ី ពិតជាមានកិត្តិយសក្រៃលែង ដែលបានក្លាយជាផ្នែកមួយ នៃការប្តេជ្ញាចិត្ត ក្នុងការជួយអភិរក្សសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះ ហើយនេះក៏ជាការពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅ នៃមិត្តភាពរឹងមាំ រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក៏ដូចជារវាងប្រជាជនកម្ពុជា និងប្រជាជនម៉ាឡេស៊ីផងដែរ។​»

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ ក្នុងពិធីសម្ពោធនេះថា៖ «ធនាគារ CIMB បានរួមចំណែក ការដាំដើមឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួនពីរលើកមកហើយ ដោយលើកទីបីនេះ ធនាគារ បានសហការនឹងស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ក្នុងគម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ក្នុងទំហំផ្ទៃដីប្រមាណ ៥ហិចតា សម្រាប់រយៈពេលវែង លើការដាំដើមឈើ ព្រមទាំងថែរក្សាការលូតលាស់របស់កូនឈើដែលបានដាំហើយ ដោយមានការគាំទ្រពីអាជ្ញាធរជាតិអប្សរា។

តាមរយៈកិច្ចខិតខំអភិរក្សទាំងនេះ យើងអាចពង្រីកផ្ទៃដីបៃតង ដែនជម្រកធម្មជាតិ និងសោភណ្ឌភាពបរិស្ថាន នៃតំបន់រមណីយដ្ឋានអង្គរ។ ការសម្ពោធឧទ្យានអង្គរ-ស៊ីអាយអិមប៊ីនេះ គឺជានិមិត្តរូប នៃការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការពង្រីកវត្តមានរបស់ខ្លួន ក្នុងប្រទេសកម្ពុជា។ ដូចគ្នាទៅនឹងដើមឈើ ដែលចាក់ឬសគល់ និងលូតលាស់រឹងមាំ ធនាគារ CIMB នឹងបន្តភាពរីកចម្រើន ហើយសម្រេចសមិទ្ធផលសំខាន់ៗជាច្រើនទៀត សម្រាប់សហគមន៍ ភាគហ៊ុនិក បុគ្គលិក និងអតិថិជនផងដែរ។»

ក្នុងរយៈពេល១៤ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតដល់ ៦សែនដុល្លារអាមរិក ទៅលើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងបរិស្ថាន។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៤.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់។

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់ លោក ស្រេង ភារុណ ប្រធាន​ ទីផ្សារ​ និងទំនាក់ទំនង ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥ ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩ អ៊ីមែល៖ phearun.sreng@cimb.com.kh

អត្ថបទ៖ Chin Sopheak

អត្ថបទថ្មី