ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ដើម្បីពង្រីកសេវាកម្មធនាគារ ឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជន
- 2024-12-12 04:44:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ដើម្បីពង្រីកសេវាកម្មធនាគារ ឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជន
ចន្លោះមិនឃើញ
ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បីពង្រីកបេសកកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្តល់នូវដំណោះស្រាយធនាគារដែលមានភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងពោធិ៍សាត់ ដែលផ្តល់នូវសេវាកម្មធនាគារពេញលេញដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុទៅដល់អតិថិជនទូទៅ ម្ចាស់អាជីវកម្ម និងប្រជាជនក្នុងសហគមន៍ទាំងមូលតែម្តង។
ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមវត្តមានឥស្សរជនជាច្រើនរូបរួមមាន៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក សេង ផល្លា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាជាប្រធានសមាគមសិល្បះករខ្មែរ ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
លោក Dmytro Kolechko តំណាងធនាគារ វីង បានលើកឡើងថា៖ “នៅធនាគារ វីង យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរសាខាខេត្តពោធិ៍សាត់ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបេ្តជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ងាយស្រួលប្រើប្រាស់ដែលជួយអតិថិជនមិនថាអតិថិជនម្នាក់ៗ ម្ចាស់អាជីវកម្ម ព្រមទាំងសហគមន៍មូលដា្ឋនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។”
ដោយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ហើយមានចម្ងាយប្រហែល១៥០ម៉ែត្រប៉ុណ្ណោះពីស្ពានថ្មពោធិ៍សាត់ សាខាថ្មីនេះគឺជាការិយាល័យទី២៣ហើយរបស់ធនាគារ វីង ដែល ជាការពង្រីក សេវាកម្មធនាគារបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះនឹងជួយបំពេញបន្ថែមលើបណ្តាញភ្នាក់ងារដ៏ធំទូលាយរបស់ធនាគារ វីង ដែលមានស្រាប់ជាង ១១.០០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយបង្កើតបាននូវមធ្យោបាយដ៏រឹងមាំក្នុងការផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជន។ តាមរយៈការរួមបញ្ចូលសាខាថ្មីនេះជាមួយនឹងបណ្តាញភ្នាក់ងារដ៏ទូលំទូលាយ ធនាគារ វីង ជឿជាក់យ៉ាងមុតមាំថាសេវាកម្មរបស់ខ្លួននឹងផ្តល់នូវភាពស្រួលទៅដល់សហគមន៍ ទោះស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ។
លោក Dmytro Kolechko បានបន្តថា៖ “សាខាខេត្តពោធិ៍សាត់ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យបានកាន់តែប្រសើរថែមទៀតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការនាំយកសេវាកម្ម ក៏ដូចជាដំណោះស្រាយឌីជីថលខិតទៅកាន់តែជិតសហគមន៍ យើងខ្ញុំនឹងអាចជួយឱ្យអតិថិជនគ្រប់រូប ក៏ដូចជាម្ចាស់អាជីវកម្មរីកលូតលាស់កាន់តែខ្លាំងនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។”
ការពង្រីកខ្លួននៅក្នុងខេត្តពោធិ៍សាត់របស់ធនាគារ វីង បង្ហាញពីគោលជំហរបស់ខ្លួនក្នុងនាមជាធនាគារនាំមុខគេនៅក្នុងវិស័យធនាគារឌីជីថលក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះ ដែលមានគាំទ្រដោយបណ្តាញភ្នាក់ងារវីងដ៏ទូលំទូលាយ នឹងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដែលជួយឱ្យអតិថិជនទូទៅ និងអាជីវកម្ម អាចសម្រេចគោលដៅហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោក Dmytro Kolechko បានបញ្ជាក់ថា៖ “យើងខ្ញុំពិតជាមានក្តីរំភើបរីករាយក្នុងការបម្រើជូនសហគមន៍ខេត្តពោធិ៍សាត់ នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែរលូន។ ជាមួយវត្តមានសាខាថ្មីនេះ យើងខ្ញុំកាន់តែពង្រឹងគោលជំហរដើម្បីដើរតួជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្ត សំដៅជំរុញការអភិវឌ្ឍអនាគតវិស័យធនាគារនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងជាលំដាប់៕