AirAsia Cambodia ជួបសម្តែងការគួរសម ចំពោះអគ្គលេខាធិការអាស៊ាន និង ជំរុញការតភ្ជាប់ជើងហោះហើរ រវាង ព្រះរាជាណាចក្រកម្ពុជា និង ប្រទេសនានាក្នុងតំបន់
- 2025-02-11 07:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AirAsia Cambodia ជួបសម្តែងការគួរសម ចំពោះអគ្គលេខាធិការអាស៊ាន និង ជំរុញការតភ្ជាប់ជើងហោះហើរ រវាង ព្រះរាជាណាចក្រកម្ពុជា និង ប្រទេសនានាក្នុងតំបន់
ចន្លោះមិនឃើញ
រដ្ឋធានីហ្សាកាតា ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ – AirAsia Cambodia បានបញ្ជាក់សារជាថ្មីអំពី ការប្តេជ្ញាចិត្តចំពោះការតភ្ជាប់ជើងហោះហើរក្នុងតំបន់ ដែលមានតម្លៃសមរម្យ និងចូលរួមចំណែកក្នុងការពង្រឹងវិស័យអាកាសចរណ៍របស់អាស៊ាន នៅក្នុងជំនួបសម្តែងការគួរសមជាព្រឹត្តិការណ៍ដ៏សំខាន់រវាង ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ AirAsia Cambodia នៅរដ្ឋធានីហ្សាកាតានាថ្ងៃនេះ។ នេះជាលើកដំបូងហើយដែលក្រុមហ៊ុនអាកាសចរណ៍កម្ពុជាទទួលបានជំនួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំអាស៊ាន ដោយបានគូសបញ្ជាក់ពីចក្ខុវិស័យរួមសម្រាប់ការជំរុញកំណើនផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងសមាហរណកម្មក្នុងតំបន់តាមរយៈការធ្វើដំណើរតាមផ្លូវអាកាស។
នៅក្នុងជំនួបសម្តែងការគួរសមដ៏វិសេសវិសាលនេះ អង្គប្រជុំបានលើកឡើងអំពីការពង្រឹងតួនាទីក្នុងវិស័យអាកាសចរណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសមាហរណកម្មក្នុងតំបន់។ បន្ថែមពីនេះទៅទៀត អង្គប្រជុំទាំងមួល ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តស្វែងរកឱកាសចំពោះការជួយជ្រោមជ្រែងរវាងគ្នាទៅវិញទៅមក ក្នុងការហោះហើរឆ្លងកាត់ដែនអាកាសនៃបណ្តាប្រទេសនានា ប្រកបដោយតម្លៃសមរម្យ ដោយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ក្នុងតំបន់ផ្សេងទៀត រួមទាំងកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលក្នុងការជំរុញការអភិវឌ្ឍ និងអនុវត្តគោលនយោបាយបើកចំហរជើងមេឃក្នុងវិស័យអាកាសចរណ៍ក្នុងតំបន់អាស៊ាន។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបង្ហាញពីលទ្ធភាពរបស់អាស៊ានក្នុងការពង្រឹងការតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងការអភិវឌ្ឍបន្ថែមទៀតក្រោមគោលនយោបាយបើកចំហរជើងមេឃក្នុងវិស័យអាកាសចរណ៍ (Open Skies Policy) ដោយបង្ហាញពីតួនាទីរបស់ខ្លួនក្នុងការធ្វើឱ្យមានភាពស៊ីជម្រៅទៅលើសមាហរណកម្មក្នុងតំបន់ និងការបើកឱកាសថ្មីៗសម្រាប់វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏មានប្រសាសន៍បញ្ជាក់បន្ថែមថា “ការតភ្ជាប់ជើងហោះហើរកាន់តែច្រើននឹងមានសារៈសំខាន់សម្រាប់បន្តភាពរីកចម្រើនជាបន្តរបស់អាស៊ាន ហើយនេះក៏ជាការលើកទឹកចិត្តដល់ AirAsia Cambodia ដែលបានដើរតួដ៏សំខាន់ក្នុងការពង្រឹងបណ្តាញក្នុងតំបន់យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន AirAsia Group ហើយបង្កើនការតភ្ជាប់ជើងហោះហើរទៅ-មកពីព្រះរាជាណាចក្រកម្ពុជា”។ “ការពង្រឹងការតភ្ជាប់ជើងហោះហើររវាងប្រទេសអាស៊ាន នឹងធានាថានឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សម្រួលផ្នែកពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ហើយនាំប្រទេសជាតិរបស់យើងឱ្យកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា” ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Cambodia មានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍មួយដែលបានប្តេជ្ញាចិត្តក្នុងការផ្ដល់ជូននូវការតភ្ជាប់ជើងហោះហើរជាមួយតម្លៃដ៏សមរម្យ AirAsia Cambodia មានមោទនភាពចំពោះឱកាសដែលបានចូលរួមនៅក្នុងកិច្ចជំនួបពិភាក្សាដ៏មានអត្ថន័យបែបនេះ អំពីគោលបំណងពង្រីកបណ្ដាញហោះហើរចូលទៅក្នុងតំបន់។
ការពង្រឹងការតភ្ជាប់បណ្ដាញផ្លូវអាកាស គឺជាគន្លឹះដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញវិស័យទេសចរណ៍ និងពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ាន។ ស្របពេលគ្នានេះដែរ បណ្តាញហោះហើររបស់ AirAsia Group ក៏បានលាតសន្ធឹងឆ្ពោះទៅកាន់ជាង ១៣១ គោលដៅ នៅទូទាំងអាស៊ី អូស្ត្រាលី និងគោលដៅដ៏ទៃជាច្រើនទៀត។ យើងក៏បានឃើញពីសក្តានុពលដ៏អស្ចារ្យក្នុងការសហការជាមួយតំបន់អាស៊ាន ដើម្បីធ្វើសេរីភាវូបនីយកម្មលើការហោះហើរតាមផ្លូវអាកាសបន្ថែមទៀត ក្រោមគោលនយោបាយបើកចំហរជើងមេឃក្នុងវិស័យអាកាសចរណ៍ (Open Skies Policy) ដោយធានាឱ្យបាននូវការធ្វើដំណើរយ៉ាងរលូន និងតម្លៃដ៏សមរម្យនៅទូទាំងតំបន់។
ស្របពេលជាមួយគ្នាដែរ តំបន់អាស៊ាន កំពុងដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារអាកាសចរណ៍ពិភពលោក តាមរយៈជំនួបមួយនេះ នឹងក្លាយជាជំហានមួយដ៏សំខាន់ ក្នុងការពង្រីកនូវបណ្តាញហោះហើរ និង ភាពរីកចម្រើនដ៌សម្បូរបែបចំពោះផ្នែកសេដ្ឋកិច្ច និងតួនាទីដ៏រឹងមាំនៃវិស័យអាកាសចរណ៍នាពេលអនាគតរបស់អាស៊ាន។
អំពី AirAsia Cambodia
AirAsia Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ AirAsia Group ដែលផ្តល់ជូនការធ្វើដំណើរតាមផ្លូវអាកាសជាមួយនឹងតម្លៃដ៏សមរម្យ និងមានគុណភាពខ្ពស់ ដោយធ្វើដំណើរ ទៅមកពីប្រទេសកម្ពុជា។ AirAsia Cambodia កំពុងបន្តពង្រីកបណ្តាញរបស់ខ្លួន ដោយបង្កើនការតភ្ជាប់ជើងហោះហើរនៅទូទាំងតំបន់អាស៊ាន និងជំរុញការហោះហើរ ឱ្យកាន់តែមានតម្លៃសមរម្យ និងមានភាពបត់បែនប្រកបដោយភាពល្អប្រសើរជាងពេលមុន។