អាមេរិក ត្រៀមទិញ យក តំបន់ហ្គាហ្សា ខណៈមានពលរដ្ឋ ប៉ាឡេស្ទីន ជាង ២ លាននាក់ កំពុងរស់នៅ
- 2025-02-11 09:19:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ត្រៀមទិញ យក តំបន់ហ្គាហ្សា ខណៈមានពលរដ្ឋ ប៉ាឡេស្ទីន ជាង ២ លាននាក់ កំពុងរស់នៅ
ចន្លោះមិនឃើញ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ជនជាតិប៉ាឡេស្ទីនចំនួន ២ លាននាក់ដែលនឹងត្រូវផ្លាស់ទៅរស់នៅប្រទេសជិតខាងក្រោមផែនការរបស់លោកក្នុងការកាន់កាប់ និងកសាងតំបន់ហ្គាហ្សាឡើងវិញ នឹងមិនមានសិទ្ធិត្រឡប់មកវិញទេ។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីនូវចេតនារបស់លោកដែលចង់ឱ្យសហរដ្ឋអាមេរិក "ទិញ និងកាន់កាប់" តំបន់ហ្គាហ្សា ដោយចាត់ទុកតំបន់ដែលហែកហួរដោយសង្គ្រាមនេះជា "ឱកាសសម្រាប់វិស័យអចលនទ្រព្យដ៏ធំ"។ ប្រធានាធិបតីអាមេរិករូបនេះ បានស្នើថា ប្រទេសនៅមជ្ឈិមបូព៌ា អាចជួយកសាងតំបន់នេះឡើងវិញក្រោមការណែនាំ របស់ សហរដ្ឋអាមេរិក ដោយធានាថា ក្រុមហាម៉ាស នឹងមិនត្រឡប់មកវិញទេ។
ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ឡើងវិញ លោក ត្រាំ ចង់ឱ្យសហរដ្ឋអាមេរិកត្រួតត្រា លើការអភិវឌ្ឍតំបន់ហ្គាហ្សា ឡើងវិញ សម្អាតកម្ទេចកម្ទី និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការងារ និងលំនៅឋាន។ លោកជឿជាក់ថា នឹងការពារតំបន់នេះពីការវិលទៅរកជម្លោះវិញ។ ពាក់ព័ន្ធជាមួយការផ្លាស់ប្តូរទីលំនៅ របស់ ជនជាតិប៉ាឡេស្ទីន លោក ត្រាំ ស្នើឱ្យផ្លាស់ប្តូរទីលំនៅអ្នកស្រុកប៉ាឡេស្ទីនទៅប្រទេសជិតខាង ដូចជា អេហ្ស៊ីប និងហ្សកដានី ដើម្បីផ្តល់លក្ខខណ្ឌរស់នៅប្រកបដោយសុវត្ថិភាពជាងមុន។ លោក បានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីននឹងមិនត្រឡប់ទៅតំបន់ហ្គាហ្សាវិញទេ ព្រោះថា "ពួកគេនឹងមានផ្ទះសម្បែងល្អប្រសើរជាងមុន និង កន្លែងស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ពួកគេ"។
ការចូលរួមពីមជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិករូបនេះ បានស្នើឱ្យបែងចែកផ្នែកខ្លះ នៃតំបន់ ហ្គាហ្សា ទៅឱ្យរដ្ឋ នៅមជ្ឈិមបូព៌ាផ្សេងទៀត ដើម្បីកសាងឡើងវិញក្រោមការណែនាំរបស់សហរដ្ឋអាមេរិក។
ក្រុមហាម៉ាស បានចាត់ទុកគំនិត របស់លោក ត្រាំ ថា "គួរឱ្យអស់សំណើច" ដោយអះអាងថា តំបន់ហ្គាហ្សា មិនមែនជាទំនិញទេ។ ផ្ទុយពីក្រុមហាម៉ាស នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសរសើរការផ្តួចផ្តើមរបស់អាមេរិកនេះថា ពោលពេញទៅដោយគំនិតច្នៃប្រឌិត។ ក្រសួងការបរទេសនៃអាជ្ញាធរប៉ាឡេស្ទីន បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា “សិទ្ធិរបស់ប្រជាជនយើង ទឹកដីរបស់យើង មិនមែនសម្រាប់លក់ ដោះដូរ ឬចរចាទេ"។
ចំពោះទស្សនៈរបស់ប៉ាឡេស្ទីន ដែលរួមមាន ក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីន បានច្រានចោលសំណើរបស់លោក ត្រាំ ដោយសង្កត់ធ្ងន់ថា ទឹកដីប៉ាឡេស្ទីន មិនមែនសម្រាប់លក់ ឬចរចាទេ ហើយតំបន់ហ្គាហ្សា ជារបស់ប្រជាជនខ្លួន។
ក្នុងនោះ ប្រទេសជិតខាងដូចជា អេហ្ស៊ីប និង ហ្សកដានី ធ្លាប់បានបដិសេធការស្នើឡើង ដើម្បីទទួលយកជនភៀសខ្លួន ប៉ាឡេស្ទីន។ ចំណែកជំហរ របស់អង្គការលើកលែងទោសអន្តរជាតិ ហៅការអះអាងរបស់លោក ត្រាំ ថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សា និងបណ្តេញជនជាតិប៉ាឡេស្ទីនដោយបង្ខំថា "គួរឱ្យតក់ស្លុត និងខុសច្បាប់"៕