សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល រៀបចំរាត្រីស្រមោសរ គាំទ្រ Tiny Toones ក្នុងបុព្វហេតុជួយកុមារកម្ពុជា
- 2025-02-24 04:22:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល រៀបចំរាត្រីស្រមោសរ គាំទ្រ Tiny Toones ក្នុងបុព្វហេតុជួយកុមារកម្ពុជា
ចន្លោះមិនឃើញ
សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល (CICC) បានរៀបចំដោយជោគជ័យនូវរាត្រីស្រមោសរ ជាកិត្តិយសមួយដើម្បីគាំទ្រ Tiny Toones ដែលជាសាលាដែលមានមូលដ្ឋាននៅភ្នំពេញ ផ្តល់ការអប់រំដោយឥតគិតថ្លៃ ការណែនាំ និងវេទិកាបញ្ចេញមតិច្នៃប្រឌិតដល់កុមារដែលមានហានិភ័យ។ ព្រឹត្តិការណ៍ រាត្រីសមោសរ ដែលបានធ្វើឡើង បានប្រមូលផ្តុំឥស្សរជន VIP អ្នកមានឥទ្ធិពល និងមន្ត្រីរាជការដែលប្តេជ្ញាចិត្តធានាអនាគតរបស់សាលា។
ការគាំទ្រជាផ្លូវការ
ឯកឧត្តមបណ្ឌិត សោម រតនា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងទៅកាន់មហាជនដែលបានអញ្ជើញចូលរួម និងបានសម្តែងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះ Tiny Toones និងគំនិតផ្តួចផ្តើមដែលដឹកនាំដោយ CICC ដើម្បីទ្រទ្រង់សាលា។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសិល្បៈជាមធ្យោបាយនៃការបញ្ចេញមតិ និងការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាលចំពោះគម្រោងណាមួយដែលដាក់ចេញនូវការវិនិយោគលើធនធានមនុស្ស និងការអភិវឌ្ឍបច្ចេកវិទ្យា។
ព្រឹត្តិការណ៍រាត្រីសមោសរ ត្រូវបានធ្វើឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឧកញ៉ា ស៊ូ វីរៈ ដែលទើបតែងតាំងជាកុងស៊ុលកិត្តិយសរបស់អ៊ីស្រាអែល បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ ក្នុងការគាំទ្រការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីសរសេរកូដ និងមនុស្សយន្តដោយឥតគិតថ្លៃរបស់ CICC សម្រាប់កុមារក្រីក្រដែលបានចាប់ផ្តើមសហការជាមួយសាលា Westline របស់ឧកញ៉ា ពេជ្រ បូឡែន។
ការដេញថ្លៃផ្ទាល់នៃការប្រកួតប្រជែងសិល្បៈ "I Am Great"
ចំណុចសំខាន់មួយនៃរាត្រីសមោសរ នេះគឺការដេញថ្លៃសប្បុរសធម៌ ដែលជាដំណាក់កាលចុងក្រោយនៃការប្រកួតប្រជែងសិល្បៈ "I Am Great" ដែលជាគំនិតផ្តួចផ្តើមតែមួយគត់ដែលប្រារព្ធភាពច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជាដែលមានហានិភ័យពីអង្គការក្រៅរដ្ឋាភិបាល ជាដៃគូចំនួន 5 (Tiny Toones, ISF Cambodia, Ptea Clara, Aokas និង COLT) និងសិល្បករអាជីព។ ការប្រកួតប្រជែងនេះបានបង្ហាញនូវការប្រមូលផ្តុំសិល្បៈដែលប្រាប់ពីរឿងរ៉ាវនៃការជួបគ្នានេះ ដោយការដេញថ្លៃចុងក្រោយបានលក់អស់ចំនួន 18 ក្នុងចំណោម 22 នៃស្នាដៃសិល្បៈ ដោយរៃអង្គាសប្រាក់បានជិត 9,000 ដុល្លារអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីគាំទ្រ និងទ្រទ្រង់ Tiny Toones ។
អ្នកឈ្នះនៃការប្រកួតប្រជែង "I Am Great" ត្រូវបានប្រកាសក្នុងអំឡុងរាត្រីសមោសរ ៖
• ជ័យលាភីរង្វាន់ធំ៖ វ៉ាន់ វ៉ាត ជាមួយនឹងស្នាដៃ "ជីវិតធម្មជាតិ" របស់លោក ។
• ជ័យលាភីរង៖ មុន្នីនាថ ពុន្ធ ជាមួយនឹងរូបចម្លាក់ “I am Great” របស់នាង
• ជ័យលាភីរង្វាន់ទេពកោសល្យវ័យក្មេង៖ ស្រីយ៉ា ឈិន ជាមួយនឹងគំនូរ oil painting របស់នាង “Charlotte the Artist”
កុមារ និងសិល្បករដែលមានទេពកោសល្យទាំងនេះ បានបង្ហាញជាសារដ៏ខ្លាំងក្លាមួយ នៃភាពធន់ និងការច្នៃប្រឌិត ដោយពង្រឹងសារៈសំខាន់នៃការអប់រំ និងការបញ្ចេញមតិដោយខ្លួនឯងសម្រាប់យុវជន។
យុទ្ធនាការរៃអង្គាសប្រាក់ "We Are Tiny Toones"
រាត្រីសមោសរ បានសម្ពោធនូវការចាប់ផ្តើមជាផ្លូវការនៃយុទ្ធនាការរៃអង្គាសប្រាក់ “We Are Tiny Toones” ដែលមានគោលបំណងរៃអង្គាសថវិកាសរុបចំនួន 50,000 ដុល្លារអាមេរិក ដើម្បីជួយធ្វើកំណែទម្រង់ និងទ្រទ្រង់អង្គការ Tiny Toones។ ថវិកាទាំងនេះនឹងអនុញ្ញាតឱ្យយើងធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលរបស់សាលា កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអនុវត្តគំរូប្រកបដោយនិរន្តរភាព ដែលនឹងធានាឱ្យសាលាអាចដំណើរការបានយូរអង្វែង។
យុទ្ធនាការនេះនឹងមានរយៈពេល 4 ខែ ហើយនឹងរួមបញ្ចូលសកម្មភាពលើបណ្តាញសង្គម ក៏ដូចជាព្រឹត្តិការណ៍ពិសេសៗ ដែលធ្វើឡើងជាសាធារណៈ ដើម្បីចូលរួមជាមួយសហគមន៍ ក្នុងការជួយសង្គ្រោះសាលាមួយក្នុងចំណោមសាលាដែលមានភាពល្បីល្បាញបំផុតនៅទីក្រុងភ្នំពេញ និងជាសាលាតែមួយគត់ដែលផ្តល់នូវវេទិកាដ៏ទូលំទូលាយ សម្រាប់ការបញ្ចេញមតិសិល្បៈ សម្រាប់កូនៗរបស់អ្នក។
លោក Moran Hadad ប្រធាន CICC និងជាសហគ្រិនមួយរូប បានថ្លែងថា "ការជួយសង្គ្រោះអង្គការ Tiny Toones មិនមែនជាកិច្ចការរបស់បុគ្គលណាម្នាក់នោះទេ ហើយក៏មិនមែនជាទំនួលខុសត្រូវរបស់យើង ក្នុងនាមជា CICC នោះដែរ។ វាគឺជាទំនួលខុសត្រូវរបស់ប្រជាជនកម្ពុជាទាំងអស់។ យើងត្រូវរួបរួមគ្នាជាសហគមន៍ ដើម្បីគាំទ្រការងារដ៏អស្ចារ្យដែលធ្វើឡើងដោយក្រុមអ្នកគ្រប់គ្រងសាលា គាំទ្រកុមារដែលខ្វះខាត និងផ្តល់ឱ្យពួកគេនូវប្រព័ន្ធគាំទ្រសម្រាប់ការលូតលាស់ និងជោគជ័យ។ កុមារទាំងនេះត្រូវបានមើលរំលង ដោយសង្គមរបស់យើង ដូច្នេះហើយវាគឺជាទំនួលខុសត្រូវរួមគ្នារបស់យើង ក្នុងការធានាថាពួកគេមានឱកាសសមរម្យសម្រាប់កសាងអនាគតដ៏ល្អ"។
Tiny Toones: សាលាដែលកំពុងប្រឈមនឹងហានិភ័យ
បង្កើតឡើងក្នុងឆ្នាំ 2005 អង្គការ Tiny Toones បានទទួលយកកុមារជាង 10,000 នាក់ ដើម្បីថែទាំ និងផ្តល់ការអប់រំ និងការណែនាំដោយឥតគិតថ្លៃ ដោយផ្តោតលើការអត់ឱន និងការបញ្ចេញមតិដោយខ្លួនឯង តាមរយៈសិល្បៈ ការរាំ និងតន្ត្រី។ បច្ចុប្បន្ន សាលាគាំទ្រសិស្សប្រមាណ 150 នាក់ជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបានធ្វើឱ្យអនាគតរបស់សាលាស្ថិតក្នុងហានិភ័យ ដែលធ្វើឱ្យយុទ្ធនាការនេះមានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតរបស់សាលា។
លោក Leap Pheakna ប្រធានគម្រោងនៅ Born for Greatness បានថ្លែងថា "ដោយមានកុមារប្រហែល 80% ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធសាលារៀនថ្នាក់ជាតិវិញ អង្គការ Tiny Toones ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់កុមារជាច្រើន ដោយផ្តល់ជូនមិនត្រឹមតែការអប់រំប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសុវត្ថិភាព និងផ្តល់ជាប្រព័ន្ធគាំទ្រផងដែរ" ។ "យុទ្ធនាការនេះគឺនិយាយអំពីការធានាអនាគតរបស់សាលា និងធានាថាកុមារទាំងនេះបន្តមានឱកាសសម្រាប់ការរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួន។ ក្នុងករណីជម្រើសផ្សេងទៀត គឺ កុមារទាំងនេះត្រអាចនឹងឡប់ទៅតាមដងផ្លូវវិញ ដែលជាអ្វីមួយដែលយើងមិនចង់ឃើញនោះទេ"។
ការថ្លែងអំណរគុណអស់ពីដួងចិត្ត
ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ និងការចាប់ផ្តើមយុទ្ធនាការ “We Are Tiny Toones” នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានសេចក្តីសប្បុរស និងការគាំទ្រពីភ្ញៀវកិត្តិយស ឥស្សរជន VIP អ្នកមានឥទ្ធិពល និងមន្ត្រីរាជការ ដែលបានឆ្លើយតបតាមការអំពាវនាវ ហើយបានរួមគ្នា និងបានបង្ហាញជំហរដ៏សំខាន់មួយ ដោយបង្ហាញថាពួកគេយកចិត្តទុកដាក់ចំពោះកុមារកម្ពុជាគ្រប់រូប ហើយមានឆន្ទៈក្នុងការគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះដោយសេចក្តីសប្បុរស។
យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសិល្បករដែលបានលះបង់ពេលវេលា និងស្នាដៃរបស់ពួកគេ ហើយសំខាន់បំផុត កុមារនៃអង្គការ Tiny Toones ដែលមានកម្លាំង ទេពកោសល្យ និងសេចក្តីប្រាថ្នា ផ្តល់អត្ថន័យពិតប្រាកដដល់គំនិតផ្តួចផ្តើមនេះ។ យុទ្ធនាការនេះគឺផ្តោតសំខាន់លើពួកគេ អនាគតរបស់ពួកគេ និងឱកាសដែលពួកគេសមនឹងទទួលបាន។
ជាចុងក្រោយ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះដៃគូសហការ និងម្ចាស់ឧបត្ថម្ភរបស់យើង៖ Sra'Art Gallery, CashewNotes Cambodia, AZ-Group, Vireak Buntham (VET), Three Corner Coffee, Samai Rum Distellery, Céliers d’Asie, Kado Khcambo, Station 350, Hanuman Beer, Bodia Spa, និង Seekers Spirits, Simple Cambodia ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យរាត្រីស្រមោសរ នេះក្លាយជាការពិត។
វិធីគាំទ្រ
យុទ្ធនាការនេះនឹងបន្តលើសពីរាត្រីស្រមោសរ ដោយនឹងផ្តល់ឱកាសសម្រាប់បុគ្គល និងអង្គការនានា ក្នុងការចូលរួមចំណែកតាមគ្រប់មធ្យោបាយ។ ការបរិច្ចាគអាចធ្វើឡើងដោយផ្ទាល់ តាមរយៈវេទិកាបរិច្ចាគផ្លូវការរបស់យុទ្ធនាការ ឬតាមរយៈតំណភ្ជាប់ខាងក្រោម https://link.payway.com.kh/ABAPAYlQ337973X ។
រាល់ការចូលរួមគាំទ្រ តាមមធ្យោបាយផ្សេងទៀតក៏ត្រូវបានស្វាគមន៍ផងដែរ សូមចុះឈ្មោះចូលរួមតាមដានគម្រោងនៅលើបណ្តាញសង្គម និងចែករំលែក ដើម្បីជួយផ្សព្វផ្សាយ និងពង្រីកសហគមន៍គាំទ្រអង្គការ Tiny Toones។ យើងរួមគ្នា ដើម្បីធ្វើឱ្យកុមារ Tiny Toones មានស្នាមញញឹមជាថ្មីម្តងទៀត។
អំពីអង្គការ Tiny Toones
អង្គការ Tiny Toones កម្ពុជា ផ្តល់នូវបរិយាកាសសុវត្ថិភាព ថែទាំ និងផ្តល់គំនិតច្នៃប្រឌិត សម្រាប់កុមារដែលមានហានិភ័យនៅទីក្រុងភ្នំពេញ ដោយផ្តល់ឱ្យពួកគេនូវការសិក្សាដោយឥតគិតថ្លៃ និងលើកទឹកចិត្តពួកគេឱ្យស្វែងយល់ពីសក្តានុពលរបស់ពួកគេ និងអភិវឌ្ឍជំនាញមូលដ្ឋានដ៏សំខាន់ ដែលនឹងជួយឱ្យពួកគេធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងក្លាយជាកាតាលីករសម្រាប់ការកែលម្អលក្ខខណ្ឌសង្គម និងសេដ្ឋកិច្ចនៃគ្រួសារ និងសហគមន៍។ អង្គការ Tiny Toones អនុវត្តតាមកម្មវិធីសិក្សាថ្នាក់ជាតិ និងផ្តល់ជូននូវថ្នាក់តន្ត្រី និងរបាំបន្ថែម ដែលលើកទឹកចិត្តដល់ការច្នៃប្រឌិត និងទំនុកចិត្តលើខ្លួនឯងក្នុងចំណោមសិស្សានុសិស្ស។
អំពីសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល (CICC)
សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល (CICC) ប្តេជ្ញាលើកកម្ពស់កំណើនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការអភិវឌ្ឍគំនិតផ្តួចផ្តើមដែលផ្តោតលើ ដំណោះស្រាយនៃផលប៉ះពាល់ ដែលមានគោលបំណងដោះស្រាយឧបសគ្គដែលជួបប្រទះជាទូទៅ ជាពិសេសផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា និងកសិកម្ម។ តាមរយៈការតស៊ូមតិសម្រាប់ការអប់រំ ភាពច្នៃប្រឌិត និងការចូលរួមរបស់សហគមន៍ CICC មានគោលបំណងជំរុញការច្នៃប្រឌិត និងពង្រឹងជំនាញក្នុងស្រុកបន្ថែមទៀត ដើម្បីបង្កើតផលវិជ្ជមានយូរអង្វែង។
Contact Information:
Pheakna Leap
+855 11 99 15 80 (phone/telegram)
Follow us to get the latest updates
Telegram: https://t.me/bornforgreatnesskh
Facebook: https://facebook.com/bornforgreatnesskh
LinkedIn: https://linkedin.com/company/bornforgreatnesskh
Website: https://www.israelichamber.com
#CambodiaIsrael #TinyToones