អ្នកជំនាញជាតិ និងអន្តរជាតិ ចូលរួមប្រជុំ ដើម្បីពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គ បន្ទាប់ពីយុទ្ធនាការហែលទឹកទន្លេមេគង្គ
- 2025-03-25 02:09:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញជាតិ និងអន្តរជាតិ ចូលរួមប្រជុំ ដើម្បីពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គ បន្ទាប់ពីយុទ្ធនាការហែលទឹកទន្លេមេគង្គ
ចន្លោះមិនឃើញ
ប្រទេសកម្ពុជា ខេត្តក្រចេះ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ – មន្ត្រីរដ្ឋាភិបាល អ្នកជំនាញការអភិរក្សជាតិ អន្តរជាតិ និងដៃគូអភិរក្ស បានចូលរួមក្នុងសិក្ខាសាលា «ការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ» ដែលមានរយៈពេលពីរថ្ងៃពី ២៤ ដល់២៥ មីនា ឆ្នាំ២០២៥។ សិក្ខាសាលានាពេលនេះ គឺជាយន្តការដ៏សំខាន់មួយក្នុងការការពារចំនួនសត្វផ្សោត ដែលកំពុងរងគ្រោះមួយរបស់ពិភពលោក។
ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែទទួលរងនូវការគំរាមកំហែងនៅឡើយ ដែលបច្ចុប្បន្ននេះចំនួនសត្វផ្សោត ពេញវ័យមានតិចជាង ១០០ក្បាល កំពុងរស់នៅក្នុងទន្លេមេគង្គ។ ទោះបីជាមានការខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់ក៏ដោយ ក៏ការគំរាមកំហែងសំខាន់ៗដូចជា ការជាប់ម៉ងនេសាទខុសច្បាប់ និងការបាត់បង់ទីជម្រកបន្តធ្វើឱ្យអនាគតរបស់សត្វផ្សោតទាមទារឱ្យមានការយកចិត្តទុកដាក់ និងបន្តការគាំទ្រផ្នែកអភិរក្ស។
តាមរយៈកិច្ចសហការរវាងដៃគូរដ្ឋាភិបាល និងអង្គការដៃគូ អង្គការ WWF-កម្ពុជា បានកៀរគរឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះ តាមរយៈយុទ្ធនាហែលទឹកទន្លេកាលពីសប្តាហ៍មុន មានចម្ងាយ ១២០ គីឡូម៉ែត្រ តាមដងទន្លេមេគង្គ ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តក្រចេះ ចន្លោះថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥។ ក្រុមអភិរក្សរបស់យើងរួមមានអ្នកហែលទឹកអន្តរជាតិចំនួន ៥ នាក់ និងអ្នកអ៊ុំទូកកាយ៉ាកចំនួន ២ នាក់ អស់រយៈពេល ៤ ថ្ងៃ។ ការកត់ត្រា និងការមើលសត្វផ្សោត ព្រមទាំងការជួបពិក្សាជាមួយសហគមន៍ ដើម្បីជំរុញសកម្មភាព ការពារសត្វផ្សោត ព្រមទាំងគំនិតផ្តួចផ្តើមនៃយុទ្ធនាការហែលទឹកទន្លេមេគង្គនេះ បានរៃអង្គាសថវិកាបានជាង ២០,000 ដុល្លារអាមេរិកពីម្ចាស់ជំនួយទូទាំងពិភពលោក ដើម្បីគាំទ្រកម្មវិធីឆ្មាំទន្លេរបស់ អង្គការ WWF-កម្ពុជា និងកម្មវិធីស្រាវជ្រាវ។
ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា៖ «កាលពីសប្តាហ៍មុន យុទ្ធនាការហែលទឹកទន្លេមេគង្គ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សសត្វផ្សោត។ ជាមួយគ្នានេះដែរកិច្ចពិភាក្សាក្នុងសិក្ខាសាលានាថ្ងៃនេះផ្តល់នូវអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិរក្សសត្វផ្សោត ដែលត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា និងជានិមិត្តរូបនៃទន្លេមេគង្គ»។
អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលអង្គការ WWF-កម្ពុជា សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងសហគមន៍មូលដ្ឋាន បានខិតខំប្រឹងប្រែងចំពោះការការពារសត្វផ្សោតទាំងនេះ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សរួមមានការការពារទីជម្រក ការអនុវត្តច្បាប់ ការកសាងសមត្ថភាពសម្រាប់ឆ្មាំទន្លេ និងការចូលរួមសហគមន៍ ដើម្បីលើកកម្ពស់ការអនុវត្តនេសាទប្រកបដោយនិរន្តរភាព។
លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ការអភិរក្សដែលផ្អែកលើ វិទ្យាសាស្រ្តថា «កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងតាមដានរបស់យើង រួមទាំងការរាប់ចំនួនសត្វផ្សោត និងការសិក្សាអំពីឥរិយាបទ ការផ្តល់ទិន្នន័យសំខាន់ៗ គាំទ្រទៅដល់យុទ្ធសាស្ត្រ ដើម្បីការងារអភិរក្ស ជាមួយនឹងកិច្ចសហការ អន្តរជាតិ យើងអាចអនុវត្តដំណោះស្រាយតាមបែបវិទ្យាសាស្ត្រកាន់តែរឹងមាំ ក្នុងការការពារសត្វផ្សោតមេគង្គសម្រាប់មនុស្សជំនាន់ក្រោយ»។
តាមរយៈសិក្ខាសាលានាពេលនេះ យើងមានការចូលរួមពីអ្នកជំនាញមកពីស្ថាប័នសំខាន់ៗ មកពីគណៈកម្មការថនិកសត្វសមុទ្រ កម្មវិធីស្រាវជ្រាវសត្វផ្សោត Sarasota វិទ្យាស្ថាន Hydrobiology នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប្រទេសចិន និងផ្សេងៗទៀត។ កិច្ចពិភាក្សានាពេលនេះនឹងផ្តោតលើគោលបំណងសំខាន់ៗចំនួនបួន៖
ក្រុមហ៊ុន Lenovo Group ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងនៃបច្ចេកវិទ្យា AI សម្រាប់ការអភិរក្សសត្វផ្សោតឥតព្រុសខ្នងក្នុងទន្លេ Yangtze ដោយប្រកាសពីភាពជាដៃគូជាមួយមូលនិធិអភិរក្សសត្វផ្សោត Baiji ក្នុងក្រុង Wuhan។ ដោយមានការដឹកនៃអ្នកជំនាញមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រប្រទេសចិន កិច្ចសហប្រតិបត្តិការស្នើសុំឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ការស្រាវជ្រាវថនិកសត្វទឹកដែលមានទំហំតូច។ បច្ចេកវិទ្យាដែលបង្កើតសម្រាប់ការអភិរក្សសត្វផ្សោតឥតព្រុសខ្នង ឥឡូវនេះកំពុងត្រូវបានកែសម្រួល និងប្រើប្រាស់សម្រាប់ការពារផ្សោតទន្លេមេគង្គរបស់កម្ពុជា។
លោកស្រីបណ្ឌិត Frances Gulland ប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិក មានប្រសាសន៍ថា «យើងត្រូវធ្វើការរួមគ្នាដើម្បីគាំទ្រ និងសហការជាមួយសហគមន៍មូលដ្ឋានក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការចូលរួម ដើម្បីការពារធម្មជាតិ និងអភិរក្សសត្វព្រៃ។ ដូចដែលយើងបានដឹងរួចហើយពីបញ្ហាប្រឈមមួយចំនួន ប៉ុន្តែបញ្ហាខ្លះទៀតនៅតែមិនប្រាកដ។ ការស្លាប់របស់សត្វផ្សោត គឺជាកង្វល់ដែលទាមទារការយកចិត្តទុកដាក់បន្ថែម។ យើងសង្ឃឹមថានឹងចូលរួមទាំងអស់គ្នាក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង តាមរយៈការសហការគ្នាជាបន្តបន្ទាប់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការគាំទ្រផ្នែកបច្ចេកទេស ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយរយៈពេលវែង»។
លទ្ធផលនៃសិក្ខាសាលានេះនឹងជួយរៀបចំយុទ្ធសាស្ត្រអភិរក្សផ្សោតទន្លេមេគង្គរយៈពេលវែងរបស់កម្ពុជា។ តាមរយៈការបន្តការដឹកនាំរបស់រដ្ឋាភិបាល ជំនាញវិទ្យាសាស្ត្រ និងការចូលរួមសហគមន៍ យើងមានក្តីសង្ឃឹមពិតប្រាសកដសម្រាប់អនាគតដែលសត្វផ្សោតទន្លេមេគង្គអាចលូតលាស់បានយ៉ាងប្រសើរ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក ឆេង សំបូរ ប្រធានផ្នែកកិច្ចការសាធារណៈ ចំណេះដឹង និងព័ត៌មាន
Email: sambo.chheng@wwf.org.kh
Tel: +855 89 832 842