ក្រុម​ចម្រៀង B.A.P នាំ​គ្នា​ប្ដឹង​ផលិតកម្ម​ថា​ប្រើ​ពួក​គេ​ដូច​ទាសករ និង​សុំ​បញ្ចប់​កុង​ត្រា

  • 2014-11-27 22:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ទាំង ៦នាក់​របស់​ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង B.A.P បាន​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​តុលាការ​ទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ដើម្បី​សុំ​រំលាយ​កុងត្រា​ជាមួយ​ផលិតកម្ម TS Entertainment ដោយ​បាន​ចោទ​ប្រកាន់​ថា​កុងត្រា​ទាំង​នោះ​ផ្ដល់​ផលប្រយោជន៍​តែ​ខាង​ផលិតកម្ម​តែ​ប៉ុណ្ណោះ។

 

 

របាយការណ៍​របស់​សារព័ត៌មាន Xsports News បាន​ឲ្យ​ដឹង​ថា សមាជិក​ទាំង​អស់​របស់​ក្រុម B.A.P បាន​សម្រេច​ចិត្ត​ប្ដឹង​ផលិតកម្ម​របស់​ពួក​គេ ដោយ​អះអាង​ថា​លក្ខខណ្ឌ​ក្នុង​កុងត្រា​ភាគ​ច្រើន​ផ្ដល់​​​ផល​ចំណេញ​តែ​ខាង​ផលិតកម្ម។ សមាជិក​ក្រុម​ B.A.P និយាយ​ថា​រយៈ​ពេល ៣ឆ្នាំ​កន្លង​មក​នេះ ពួក​គេ​ម្នាក់​ៗ​អាច​រក​ចំណូល​បាន​ត្រឹម​តែ ១៨លាន​វុន (ប្រហែល ១៦០០០ដុល្លារ) ​ប៉ុណ្ណោះ បើ​ទោះ​ជា​​​ពួក​គេ​ប្រឹងប្រែង​ធ្វើ​ការ​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក​យ៉ាង​ណា​ក្ដី។

 

បើ​ទោះ​ជា​ទទួល​បាន​លក្ខខណ្ឌ​មិន​សម​ប្រកប​បែប​នេះ​ក្ដី ប៉ុន្តែ​រយៈ​ពេល ៣ឆ្នាំ​មក​នេះ ក្រុម B.A.P បាន​ចេញ​បទ​ចម្រៀង​ចំនួន ១១អាល់ប៊ុម និង​បាន​ចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​មិន​ឈប់ឈរ​នៅ​ជុំវិញ​ពិភពលោក រហូត​ដល់​ពេល​នេះ​ពួក​គេ​មួយ​ចំនួន​ចាប់​ផ្ដើម​មាន​បញ្ហា​សុខភាព។

 

ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ ផលិតកម្ម TS Entertainment បាន​និយាយ​ថា​បច្ចុប្បន្ន​ពួក​គេ​កំពុង​តែ​ព្យាយាម​រក​មូលហេតុ​​ពិត​នៅ​ពី​ក្រោយ​បញ្ហា​នេះ។ ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​​ផលិតកម្ម TS អះអាង​ថា​ពួក​គេ​មិន​​បាន​ប្រើ "កុងត្រា​ទាសករ" ឬ​ ប្រើ​លក្ខខណ្ឌ​មិន​សម​ស្រប​ក្នុង​កុងត្រា​នោះ​ទេ ហើយ​ក៏​មិន​ដែល​កេង​ចំណេញ​ពី​តារា​របស់​ខ្លួន​ដែរ។

 

ក្រុម​ចម្រៀង B.A.P ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១ ដោយ​មាន​សមាជិក ៦​នាក់​រួម​មាន Yong Guk, Him Chan, Dae Hyun, Young Jae, Jong Up និងZelo។ បទ​ចម្រៀង​ល្បី​ៗ​របស់​ពួក​គេ​មាន​ដូច​ជា​បទ "One Shot”, “Warrior”, "No Mercy”, … ៕

 

តើ​ក្រុម​ចម្រៀង B.A.P នឹង​ត្រូវ​រំសាយ​ចោល​ឬ​យ៉ាង​ណា? សូម​រង់ចាំ​តាម​ដាន​ជាមួយ Sabay បន្ដ​ទៀត។

 

 អានអត្ថបទ៖ EXO និង B.A.P ត្រូវ​អ្នក​គាំទ្រ​គប់​ខោ​អាវ​ក្នុង​ពេញ​ឆាក ពេល​សម្ដែង​នៅ​ម៉ិកស៊ីកូ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop