ម៉ារី ណែត ប្រាប់ថា រឿង"ដុំហ្វ៊ីលចុងក្រោយ" ពិបាកសម្ដែង
- 2014-12-05 21:39:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារី ណែត ប្រាប់ថា រឿង"ដុំហ្វ៊ីលចុងក្រោយ" ពិបាកសម្ដែង
ចន្លោះមិនឃើញ
តារាញញឹមស្រស់ ម៉ារី ណែត បង្ហើបប្រាប់ថា ភាពយន្តរឿង "ដុំហ្វ៊ីលចុងក្រោយ" ពិបាកសម្ដែងណាស់ បើប្រៀបធៀបជាមួយរឿងផ្សេងៗទៀត ដែលធ្លាប់បានសម្ដែងនាពេលកន្លងមក។
នាងបានប្រាប់Sabayថា៖" ប្រសិនបើឈុតត្រូវជក់បារីអញ្ចឹងទៅ ខ្ញុំត្រូវចំណាយពេលរៀនជក់មុនពេលថតចាប់ផ្ដើមថត ហើយនៅតែឈ្លក់ម្ដងម្កាលទៀត ទម្រាំចប់មួយឈុតមិនមែនជារឿងងាយទេ"។ ម្យ៉ាងទៀត នាងអះអាងថា ឈុតមួយចំនួនមិនមែនជាមនោសញ្ចេតនាធម្មតានោះទេ តែជាមនោសញ្ចេតនាក្នុងរបបខ្មែរក្រហម។
នាងក៏ត្រូវស្វែងយល់បន្ថែមទៀត តាមរយៈឯកសារមួយចំនួន ទាក់ទងទៅនឹងសម័យវាលពិឃាដខាងលើ ដើម្បីឲ្យការសម្ដែងកាន់តែល្អចូលតួ និងងាយស្រួលបញ្ចូលមនោសញ្ចេតនាតាមរយៈឈុតឆាកនីមួយៗ សមស្របតាមសម័យកាលមួយពោរពេញដោយទុក្ខព្រួយ និងការនិរាស។
ម៉ារីណែត បញ្ជាក់ថា៖" ឈុតដែលងាយស្រួលសម្ដែងជាងគេ មានតែឈុតកម្សត់ ហើយយំយែកប៉ុណ្ណោះ ព្រោះជាជំនាញរបស់ខ្ញុំស្រាប់ហើយ"។ ព្រោះនោះជាឈុតដដែលៗ ធ្លាប់ឆ្លងកាត់ប្រមាណជិត២០រឿង ក្នុងអាជីពសម្ដែង៣ឆ្នាំមកនេះ។
ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ទៅបំផុតនាងអាចធ្វើបាន ព្រោះមានការលើកទឹកចិត្ត និងផ្ដល់ជាដំបូន្មានពីអ្នកស្រី សុទ្ធោ គុល្លិការ អ្នកដឹកនាំភាពយន្តនេះ រហូតសម្រេចបានជោគជ័យ ដោយជាប់ពានរង្វាន់"ដួងព្រលឹងនៅអាស៊ី" ពីប្រទេសជប៉ុនទៀតផង។ តាមរយៈអ្នកដឹកនាំភាពយន្តខាងលើនេះ ធ្វើឲ្យនាងបានទទួលបទពិសោធន៍សម្ដែងមួយចំនួនបន្ថែមទៀត។
ម៉ារី ណែត ក៏មានជំនឿដែរថា "ដុំហ្វ៊ីលចុងក្រោយ" នឹងទទួលបានការគាំទ្រពីទស្សនិកជនជាតិ និងអន្តរជាតិ ដែលទៅចូលរួមក្នុងទស្សនា ក្នុងឱកាសបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាល្ងាចនេះ នៅរោងភាពយន្ត Major Cineplex by Cellcard ផ្សារទំនើប EAON។ នេះជាការបញ្ចាំងលើកដំបូងបំផុតនៅកម្ពុជា ចំពេលនៃការរៀបចំមហោស្រពភាពយន្តដ៏ធំ ដែលមានភាពយន្តប្រមាណ៨០ចំណងជើង មកពី២៦ប្រទេសចូលរួម៕
http://youtu.be/UqjFquDcHzQ
អានអត្ថបទ៖ "ដុំហ្វ៊ីលចុងក្រោយ" ចាក់បញ្ចាំងល្ងាចនេះ!
អានអត្ថបទ៖ វណ្ណ ម៉ូនិច ទទួលស្គាល់រឿងធ្លាយរូបស្រាតលើ Facebook
អត្ថបទ៖ សំ ជំនាញ