វេស្ទើន​កាន់​តែ​​យ៉ាប់ពេល​ប្រកួត​បង្គ្រប់​កិច្ច​នឹង​ឡាវ​ រសៀល​នេះ​

  • 2014-12-12 16:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សាកល​វិទ្យាល័យ​វេស្ទើន​​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​នឹង​ក្រុម​សាកល​វិទ្យាល័យ​មក​ពី​ប្រទេស​ឡាវ​ ​នៅ​ក្នុង​ពូល B ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​នេះ។

  ការ​ប្រកួត​បញ្ចប់​ភារកិច្ច​នេះ​ ក្រុម​វេស្ទើន​ទោះ​ជា​ឈ្នះ​ក៏​គ្មាន​ឱកាស​ឡើង​ទៅ​ជុំ​បន្ទាប់​ ក្រោយ​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​ក្នុង​នោះ​ចាញ់​មីយ៉ាន់ម៉ា ៤-១ និង​បន្ត​ចាញ់​ឥណ្ឌូណេស៊ី​៣-០។ ផ្ទុយ​ទៅ​វិញ ក្រុម​ឡាវ​កាន់​តែ​មាន​ទំនុក​ចិត្ត​ដោយសារ​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​ឡើយ​ក្រោយ​ពីរ​ប្រកួត​កន្លង​មក​គឺ​ស្មើ​ឥណ្ឌូណេស៊ី ២-២ និង​បំបាក់​ក្រុម​មីយ៉ាន់ម៉ា ៣-១។

 

 

មុន​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​ចាប់​ផ្តើម ក្រុម​វេស្ទើន​ត្រូវ​បាន​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​៣​នាក់​ចូល​រួម​ទេ​ដោយ​សារ​ពួក​គេ​មាន​អាយុ​លើស ខណៈ​លក្ខណ​កំណត់​អាយុ​ពី​១៨​ទៅ​២៨​ឆ្នាំ។

 

សម្រាប់​ការ​ប្រកួត​នេះ​ក្រុម​វេស្ទើន​កាន់​តែ​យ៉ាប់​យឺន​ខ្លាំង​ជាង​កាល​ប្រកួត​ពីរ​លើក​មុន​ទៀត។ អ្នក​ចាត់​ការ​ក្រុម​វេស្ទើន លោក ឡៃ សុធា បាន​ប្រាប់​ថា ក្រុម​របស់​លោក​កាន់​តែ​ធ្វើ​ការ​ងារ​ធ្ងន់​ជាង​មុន​ដោយ​សារ​សមាជិក​ក្រុម​កាន់​តែ​នៅ​សល់​តិច​ជាង​មុន។

 

 

លោក​បាន​និយាយ​ថា ៖«យើង​នៅ​គ្នា​តែ​១៥​នាក់ ហើយ​ពេល​នេះ​កីឡាករ​ពីរ​នាក់​របួស និង​កាត​ក្រហម​ម្នាក់​ទៀត អីចឹង​មាន​តែ​១២​នាក់​ទេ​ ហើយ​អ្នក​របួស​ពីរ​នាក់​ហ្នឹង​មិន​ដឹង​ថា​អាច​លេង​បាន​អត់»។ ទោះ​ជា​យ៉ាង​ណា​លោក​បាន​ប្ដេជ្ញា​ថា ក្រុម​របស់​លោក​នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​សម្រាប់​ការ​ប្រកួត​បញ្ចប់​នេះ។

 

ទន្ទឹម​ជា​មួយ​នេះ លោក ឡៃ សុធា បាន​សុំ​ទោស​ដល់​អ្នក​គាំទ្រ និង​ប្រជា​ជន​កម្ពុជា​ដែល​ក្រុម​របស់​លោក​ធ្វើ​មិន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ។ លោក​បាន​និយាយ​ថា ៖«ខ្ញុំ​សុំ​ទោស​ចំពោះ​ប្រជា​ជន​កម្ពុជា​ទាំង​អស់​គ្នា​ក្នុង​នាម​ជា​យើង​ជា​អ្នក​ដឹក​នាំ ហើយ​យើង​ខ្ញុំ​សុំទោស​ចំពោះ​ជាតិ​របស់​យើង​ដែល​ធ្វើ​មិន​បាន​ល្អ ហើយ​សូម​គាំទ្រ​បន្ត។ យើង​ខ្ញុំ​សន្យាថា យើង​នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ»។

 

ស្ថិត​នៅ​ក្នុង​ពូល B មាន​តែ​ក្រុម​៣​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រជែង​គ្នា​​ទៅ​កាន់​វគ្គ​បន្ត​គឺ ​ឥណ្ឌូណេស៊ី​ ​មីយ៉ាន់ម៉ា និង​ឡាវ ខណៈ​ក្រុម​វេស្ទើន​អស់​ឱកាស​ហើយ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា