លទ្ធផល​កម្ពុជា​​​​ ​​ប្រកួត​នៅ​​​សាកល​វិទ្យាល័យ​​​អាស៊ាន​ ​​ស្ងាត់​​ដូច​​ចោរ​​លួច​​សេះ​

  • 2014-12-15 19:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំយុវជន​និង​កីឡា​ បាន​សម្រេច​បញ្ជូន​កីឡា​ចំនួន ៥ ប្រភេទ​មាន​កីឡា​បាល់​ទាត់​, កីឡា​តេក្វាន់ដូ, កីឡា​​វាយ​កូន​ឃ្លី​លើ​តុ, កីឡា​ប៉េតង់​ និង​កីឡា​គុន​ដាវ ដែល​សុទ្ធ​ជា​ជម្រើស​ជើង​ខ្លាំង​តាម​សកល​វិទ្យាល័យ​ក្នុង​ស្រុក​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​សាកល​វិទ្យាល័យ​អាស៊ាន (17th ASEAN University Games) កំពុង​តែ​រៀបចំ​នៅ​​ទីក្រុង​​​ Palembang ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​ដំណឹង​​ចាញ់ ឬ ឈ្នះ​មេដាយ ស្ថិត​ក្នុង​សភាព​ស្ងាត់​ជ្រងំ​នៅ​ឡើយ។

ក្រុម​កម្ពុជា ក្នុ​ង​ពិធី​បើក​កាល​ពី​ថ្ងៃ​ទី ៩ ធ្នូ (រូបថត៖ Western Uni)

 

ដំណើរ​ចេញ​ទៅ​​ប្រកួត​ក្រៅ​ប្រទេស​ចុង​ឆ្នាំ ២០១៤ នេះ​ហាក់​នៅ​ឆ្ងាយ​ពី​សំណេរ​​​​អ្នក​សារព័ត៌មាន​​ជាតិ លើក​លែង​តែ​ដំណឹង​របស់​ក្រុម​បាល់ទាត់​​ប៉ុណ្ណោះ ទោះ​ជា​ចាញ់​យ៉ាង​ណា​ក៏​អ្នក​ចាត់ការ​ក្រុម​វេស្ទើន លោក ឡៃ សុធា បង្ហើប​ឱ្យ​​អ្នក​គាំទ្រ​​បាន​ដឹង​តាម​រយៈ Facebook ជា​បន្ត​បន្ទាប់។

 

ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​និង​ជា​​មន្ត្រី​តំណាង​ក្រសួង, លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក​​កីឡា, លោក ព្រំ ប៊ុណ្ណយី អគ្គនាយរង​កីឡា និង ជា​នាយ​បេសកកម្ម រួម​ទាំង​លោក ដួង មាសចំរើន នាយរង​នាយ​បេសកកម្ម សុទ្ធ​តែ​បាន​ចេញ​ដំណើរ​ក្នុង​នាម​ជា​ក្បាល​ម៉ាស៊ីន នាំ​ក្រុម​កីឡាករ កីឡា​ការិនី, គ្រូ​បង្វឹក និង អាជ្ញាកណ្ដាល ជាតិ​ខ្មែរ ប្រមាណ​ជិត ៥០ នាក់​ទៅ​ប្រកួត​នៅ​​ប្រទេស​លើក​នេះ។

 

ប្រជាជន​​រស់​នៅ​ក្នុង​ស្រុក​ជា​ច្រើន​​ហាក់​មិន​បាន​ដឹង​ថា តើ​ក្នុង​ចំណោម​​ក្រុម​កីឡា​ទាំង ៥ ប្រភេទ​​របស់​​កម្ពុជា នៅ​សល់​កីឡា​ចំនួន​ប៉ុន្មាន​ប្រភេទ​ដែល​មិន​ទាន់​ប្រកួត​នោះ​ទេ ខណៈ​ពិធី​បើក​ធ្វើ​ឡើង​តាំង​​ពី​ថ្ងៃ​ទី ៩ ធ្នូ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី ១៩ ធ្នូ ខាង​មុខ។

យោង​តាម​វេបសាយ​ផ្លូវការ​ aug17indonesia គិត​ត្រឹម​ម៉ោង ១០ យប់​ថ្ងៃ​ទី​១៤ ធ្នូ ម្សិលមិញ​​ក្រុម​កម្ពុជា នៅ​មិន​ទាន់​ស្គាល់​រសជាតិ​មេដាយ​សូម្បី​តែ​មួយ​គ្រឿង​នៅ​ឡើយ​នោះ​ទេ ស្រប​ពេល​ក្រុម​ថៃ​កំពុង​នាំ​មុខ​ក្នុង​តារាង​អ្នក​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ ពោល​គឺ​​ឈ្នះ​មេដាយ​សរុប ៣៩ គ្រឿង ក្នុង​នោះ​មេដាយ​មាស ២៣ ប្រាក់ ៩ និង សំរឹទ្ធ​៧ គ្រឿង។ វេបសាយ​មួយ​នេះ​ក៏​មិន​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ និង ​កែប្រែ​លទ្ធផល​បាន​រហ័ស​ នោះ​ទេ។

 

តារាង​អ្នក​ឈ្នះ​មេដាយ​គិត​ត្រឹម​យប់​ម្សិលមិញ

ព្រឹត្តិការណ៍​នេះ​​រៀបចំ​រៀងរាល់ ២ ឆ្នាំ​ម្ដង ហើយ​គេ​នៅ​ចាំ​ថា​កាល​ព្រឹត្តិការណ៍​លើក​ទី​16th ASEAN University Games នៅ​ប្រទេស​ឡាវ​ឆ្នាំ​២០១២ ​កន្លង​ទៅ កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៥ ប្រភេទ​ទៅ​ចូលរួម​ប្រកួត​គឺ អត្តពលកម្ម, ​ប៉េតង់, ​តេ​ក្វាន់​ដូ​, យូ​ដូ និង វាយ​កូន​បាល់។ កាលនោះ​កម្ពុជា​ ត្រឡប់​មក​វិញ​អម​ដោយ​​មេដាយសំរិទ្ធ​ចំនួន​៨ គ្រឿង​​ ក្នុង​នោះប៉េតង់​ដណ្ដើម​​បាន ៣ គ្រឿង តេ​ក្វាន់​ដូ ២ គ្រឿង យូ​ដូ ២ គ្រឿង និង​វាយ​កូន​បាល់​បាន ១ គ្រឿង៕

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី