រឿង "ខ្មោចអាសង្ហា " រង​ការ​ចោទ​យក​បទ​ចម្រៀង​របស់​គ្រិស្ទៀន​មក​ប្រើ​គ្មាន​ការ​អនុញ្ញាត

  • 2014-12-17 17:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ​រឿង "ខ្មោច​អា​សង្ហា" របស់​ផលិតកម្ម ភូមិ​ពេជ្រ​ភាពយន្ត​បាន​រង​ការ​ចោទ​ប្រកាន់​ពី​អ្នក​និពន្ធ​ដែល​ស្ថិត​ក្នុង​ក្រុម​គ្រិស្ទៀន ថា បាន​យក​ចម្រៀង Original Song របស់​​ពួក​គេ "ក្ដី​ស្នេហ៍​អស្ចារ្យ" ទៅ​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត។

 

"នៅ​ក្នុង​ខែ​នេះ​សហគមន៍​គ្រីស្ទ​បរិស័ទ​ទូទាំង​ប្រទេស​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​វីដេអូ​រឿង "ខ្មោច​អា​សង្ហារ" របស់​ផលិតកម្ម​ភូមិ​ពេជ្រ​បាន​លួច​យក original song របស់​គ្រីស្ទាន យក​ទៅ​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត។ ក្នុង​នាម​យើង​ខ្ញុំ​ជា​សហគមន៍​គ្រីស្ទ​បរិស័ទ​កម្ពុជា សូម​សំដែង​ការ​មិន​ពេញ​ចិត្ត និង​ប្រកាស​ជា​សាធារណ​ថា បទ​ភ្លេង និង​ការ​សម្រួល​តន្ត្រី​នេះ​បាន​លួច​ពី​សហគមន៍​គ្រីស្ទ​បរិស័ទ​យើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ទេ។ ម្ចាស់​ផលិតកម្ម​សុទ្ឋ​រស់​នៅ​ក្រៅ​ស្រុក ល្មម​ស្គាល់​ពី​ច្បាប់​ផង។"

 

 

លោក ស៊ីវ សុខឿន ដែល​អះអាង​ថា​ជា​បុគ្គល​នៅ​ក្នុង​ក្រុម​អ្នក​និពន្ធ​បទ​ចម្រៀង​សម្រាប់​គ្រឹស្ទ​បរិស័ទ បាន​សរសេរ​លើ Facebook រួម​ទាំង​លើ​គេហទំព័រhttp://sskpromotion.com របស់​លោក​ផង។ យ៉ាង​ណា​លោក​បាន​អះអាង​ថា លោក​មិន​មែន​ជា​និពន្ធ​បទ​នេះ​ផ្ទាល់​ទេ អ្នក​និពន្ធ​ផ្ទាល់​គឺ​លោក លោក ពេជ្រ ច័ន្ទ​បុរី។

 

ងាក​មក​អ្នក​និពន្ធ​ផ្ទាល់​វិញ បាន​ឆ្លើយ​ប្រាប់ Sabay ព្រឹក​នេះ​ទៀត​ថា ជា​រឿង​ពិត​ដែល​ថា បទ​ចម្រៀង​ស្នាដៃ​ថ្មី​សុទ្ធ​សាធ​របស់​លោក​ធ្វើ​សម្រាប់​ក្រុម​គ្រិស្ដ​បរិស័ទ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​ភាពយន្ត​ខាង​លើ​ដោយ​គ្មាន​ការ​អនុញ្ញាត។ "ខ្ញុំ​បាន​ទទួល​ដំណឹង​តាំង​ពី​ភាពយន្ត​នេះ​តាំង​ពី​ដំបូង ហើយ​ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ភាគី​ខាង​ភាពយន្ត ប៉ុន្តែ​កូន​ចៅ​គាត់​បាន​ពង្វាង​ខ្ញុំ​មិន​ជួប​ជាមួយ​ថ្នាក់​លើ​របស់​ពួក​គេ​ទេ"។

 

លោក បុរី បន្ត​ថា​បទ "ក្ដី​ស្នេហ៍​អស្ចារ្យ" លោក​បាន​និពន្ធ​ថ្មី​សុទ្ធ​សាធ​ទាំង​ទំនុក និង​ទំនុក​ភ្លេង​តាំង​ពី​ឆ្នាំ ២០០៦​សម្រាប់​ក្រុម​គ្រិស្ដ​បរិស័ទ​ច្រៀង។ ក្នុង​ករណី​នេះ អ្នកនិពន្ធ​រូប​នេះ បញ្ជាក់​ថា ការ​ព្យាយាម​ភ្ជាប់​ទំនាក់​ទំនង​របស់​លោក ទៅ​កាន់​ភាគី​ខាង​ភាពយន្ត គ្រាន់​តែ​ជា​ការ​សាក​សួរ​ព័ត៌មាន​ប៉ុណ្ណោះ។ "គ្រាន់​តែ​ចង់​សួរ​ថា គាត់​បាន​បទ​នេះ​ពី​ណា មាន​គេ​យក​ទៅ​លក់​ឲ្យ ឬ​ក៏​គាត់​យក​ពី Youtube ប៉ុណ្ណោះ គិត​ថា​មិន​បាច់​វែង​ឆ្ងាយ​អី​ទេ និង​សុំ​ថា​លើក​ក្រោយ​កុំ​ធ្វើ​អីចឹង​ទៀត!"។

 

វិល​មក​ចាងហ្វាង​ផលិតកម្ម ភូមិ​ពេជ្រ​ភាពយន្ត​ម្ចាស់​ផលិត​រឿង "ខ្មោច​អា​សង្ហា" លោក ដើង ពុទ្ធពណ៌​វិញ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​ជុំ​វិញ​ករណី​ខាង​លើ តាំង​ពី​រសៀល​ម្សិលមិញ​រហូត​ដល់​ព្រឹក​នេះ ក្នុង​នោះ​ទូរសព្ទ​របស់​លោក​ទទួល​ការ​ហៅ​ចូល ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

 

បើ​ទោះ​ជា​ម្ចាស់​និពន្ធ​ផ្ទាល់ អះអាង​ថា មិន​ចង់​វែង​ឆ្ងាយ​ក្ដី ប៉ុន្តែ​លោក ស៊ីវ សុខឿន តំណាង​គ្រិស្ដ​បរិស័ទ បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​មាន​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌​ចូល​អន្តរាគមន៍​ផង។ ពាក់​ព័ន្ធ​ករណី​នេះ ឯកឧត្តម ជា ច័ន្ទ​បូរិបូរណ៍ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន ប្រាប់​ថា​នេះ​មិន​មែន​ជា​សមត្ថកិច្ច​របស់​ក្រសួង​ព័ត៌មាន​ទេ។

 

http://youtu.be/kzd_J_xNhrU

 

"មិន​មែន​ជា​សមត្ថកិច្ច​របស់​ក្រសួង​ព័ត៌មាន​ទេ បើ​រឿង​ហ្នឹង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ទើប​ជា​សមត្ថកិច្ច​របស់​ក្រសួង បើ​ត្រឹម​បញ្ចាំង​នៅ​រោង​កុន មិន​មែន​ជា​សមត្ថកិច្ច​ក្រសួង​ទេ"។ ឯកឧត្តម ថ្លែង​ថា ការ​សុំ​សិទ្ធិ​ចេញ​ថត​របស់​ផលិតករ​លើ​រឿង​ណា​មួយ គឺ​សុំ​ពី​ក្រសួង​វប្បធម៌ ដូច្នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​នេះ។

 

យ៉ាង​ណា​ក៏​ដោយ លោក ស៊ិន ច័ន្ទ​សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​ព្រឹក​នេះ ដោយ​ទូរសព្ទ​របស់​លោក​ទទួល​ការ​ហៅ​ចូល ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប។

 

ដំណោះ​ស្រាយ​លើ​ករណី​នេះ ឯកឧត្តម ជា ច័ន្ទ​បូរិបូរណ៍ ថ្លែង​ថា មាន​តែ​ផ្លូវ​ពីរ​ប៉ុណ្ណោះ ទី​១​ភាគី​ទាំង​ពីរ​ស្វែង​រក​ការ​សម្រុះ​សម្រួល​ទ្វេ​ភាគី និង​ទី​២​ស្ថាប័ន​តុលាការ ប្រសិន​បើ​ភាគី​ខាង​ដើម​ចោទ​ពិត​ជា​ចង់​បាន​សំណង​តាម​រូប​ភាព​ណា​មួយ​នោះ។ ឯកឧត្តម បាន​ហៅ​ករណី​នេះ​ថា ជា​ករណី​ដំបូង និង​ជា​សញ្ញា​ល្អ​មួយ​ដែល​ថា សិល្បៈ​តន្ត្រី​របស់​យើង​កាន់​ត្រូវ​ការ​បទ​ចម្រៀង Original Song៕

  ទើប​​រក​​ឃើញ…ភាពយន្ត​​ក្នុង​​អតីតកាល​មួយ​​រឿង​​បាន​​បំបែក​​... អត្ថបទ​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង​ភាពយន្ត​ជាតិ សូម​ចុច​ទី​នេះ!!!

អត្ថបទ៖ ទារិកា