Khan លក់ខោខ្លី យកលុយជិត៥ម៉ឺនដុល្លារជួយក្មេងនៅប៉ាគីស្ថាន
- 2014-12-19 17:00:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Khan លក់ខោខ្លី យកលុយជិត៥ម៉ឺនដុល្លារជួយក្មេងនៅប៉ាគីស្ថាន
ចន្លោះមិនឃើញ
អ្នកប្រដាល់ Amir Khan របស់អង់គ្លេស បានបរិច្ចាគប្រាក់ជិត៥ម៉ឺនដុល្លារដែលបានមកពីកាលក់ខោខ្លីរបស់ខ្លួន ទៅជួយសាងសង់សាលារៀនឡើងវិញនៅប្រទេសប៉ាគីស្ថាន ដែលរងការខូចខាតដោយពួកតាលីប៉ង់មកបាញ់សម្លាប់ក្មេងៗអស់១៣២នាក់កាលពីថ្មីៗនេះ។
Khan បាននិយាយប្រាប់ BBC ពីអារម្មណ៍របស់គេដែលដឹងដំណឹងថាមានក្មេងស្លាប់ដល់១៣២នាក់នៅប៉ាគីស្ថានថា៖ “វាពិតជារឿងសោកសៅណាស់ពេលដឹងថាមានក្មេងស្លាប់ដល់ទៅជាង១០០នាក់យ៉ាងនេះ។ ខ្ញុំអាចស្រមៃដល់អារម្មណ៍របស់ឪពុកម្ដាយរបស់ក្មេងៗទាំងនោះបាន។ ខ្ញុំនឹងបរិច្ចាគប្រាក់ទាំងអស់ដែលបានមកពីការលក់ខោជើងខ្លីទាំងពីរនេះទៅទីនោះដើម្បីកសាងសាលារៀននោះឡើងវិញ និងដើម្បីសុវត្ថិភាពនៅតំបន់នោះផងដែរ”។
លើសពីនេះទៅទៀតអ្នកប្រដាល់វ័យ២៨ឆ្នាំរូបនេះក៏បានបន្តទៀតថា៖ “យើងសំណាងណាស់ដែលបាននៅអង់គ្លេសជាទីដែលមានសុវត្ថិភាព។ ខ្ញុំបញ្ជូនកូនស្រីរបស់ខ្ញុំទៅសាលាហើយខ្ញុំដឹងច្បាស់ថាគេនឹងវិលមកផ្ទះវិញដោយសុវត្ថិភាព ប៉ុន្តែនៅប៉ាគីស្ថានគឺមិនមែនអីចឹងនោះទេ។ ពួកគេបញ្ជួនកូនៗរបស់គេទៅសាលារៀនដែរ តែមិនប្រាកដថាអាចវិលមកផ្ទះវិញយ៉ាងណានោះទេ”។
Khan ជាអ្នកប្រដាល់សញ្ជាតិអង់គ្លេសដែលធ្លាប់បានប្រកួត៣៣ដង ឈ្នះ៣០ និងចាញ់៣ដង។ ដោយឡែកព្រឹត្តិការណ៍ដ៍រន្ធត់នៅប៉ាគីស្ថានកាលពីអាទិត្យមុននោះគឺមានពួកសកម្មប្រយុទ្ធតាលីប៉ង់មួយក្រុមបានបាញ់រះទៅកាន់សាលារៀនមួយកន្លែង និងបានសម្លាប់ក្មេងៗអស់១៣២នាក់៕
ចុចអាន៖កូរ៉េខាងជើងចង់ហៅ Lionel Messi ទៅលេង
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ mirror