ប៉េតង់ នាំ​​កាដូ​មេដាយ​ប្រាក់ ៣ គ្រឿង​​មុន​ឆ្នាំ​ថ្មី​​ពី​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន

  • 2014-12-21 22:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ក្នុង​ចំណោម​កីឡា ៥ ប្រភេទ​​ដែល​កម្ពុជា​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន ឆ្នាំ ២០១៤ (2014 ASEAN University Games) ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មាន​តែ​កីឡា​ប៉េតង់​ទេ​ដែល​ដណ្ដើម​បាន​មេដាយ​ពោល​គឺ​មេដាយ​ប្រាក់ ៣ គ្រឿង​ម្នាក់​ឯង។

 

តាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​ប្រកួត លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​នារី កម្ពុជា ដណ្ដើម​បាន​មេដាយ​ប្រាក់ ក្រោយ​ចាញ់​ម្ចាស់​ផ្ទះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ស្រប​ពេល​លេខ ៣ បាន​ទៅ​កីឡា​ការិនី របស់​ម៉ាឡេស៊ី។ ចំណែក​មេដាយ​ប្រាក់ ១ គ្រឿង​ទៀត កម្ពុជា​ដណ្ដើម​បាន​លើ​វិញ្ញាសា​វាយ​គូ​នារី ក្រោយ​ចាញ់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​លេខ ៣ បាន​ទៅ​ក្រុម​មក​ពី​ប្រទេស​ឡាវ។ មេដាយ​​ប្រាក់​ចុង​ក្រោយ​កម្ពុជា​ដណ្ដើម​បាន​លើ​វិញ្ញាសា វាយ​គូ​ចម្រុះ ក្រោយ​ចាញ់ ក្រុម​មក​ពី​ប្រទេស​ឡាវ ហើយ​មេដាយ​សំរឹទ្ធ​បាន​ទៅ​ក្រុម​មក​ពី​ប្រទេស​ថៃ។

 
 

ចំនួន​មេដាយ គិត​ត្រឹម​យប់​ម្សិលមិញ

 

ក្រសួង​អប់រំយុវជន​និង​កីឡា​ បាន​សម្រេច​បញ្ជូន​កីឡា​ចំនួន ៥ ប្រភេទ​មាន​កីឡា​បាល់​ទាត់​, កីឡា​តេក្វាន់ដូ, កីឡា​​វាយ​កូន​ឃ្លី​លើ​តុ, កីឡា​ប៉េតង់​ និង ​កីឡា​គុន​ដាវ ទៅ​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ ដោយ​មាន​​​ថ្នាក់ដឹកនាំ, កីឡាករ កីឡា​ការិនី, គ្រូ​បង្វឹក និង អាជ្ញាកណ្ដាល ជាតិ​ខ្មែរ ប្រមាណ​ជិត ៥០ នាក់។

 

ពាន​រង្វាន់​នេះ​រៀបចំ​នៅ​​រៀបចំ​នៅ​​ទីក្រុង​​​ Palembang ប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃ​ទី ១១ ដល់ ២១ ខែ ធ្នូ ឆ្នាំ ២០១៤ ស្រប​ពេល​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី កំពុង​នាំ​មុខ​លើ​បញ្ជី​អ្នក​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ ​ដោយ​សរុប​ទាំង​អស់​ចំនួន ១៨៧ ក្នុង​នោះ​មេដាយ​មាស ៦៤ មេដាយ​ប្រាក់ ៧៧ និង មេដាយ​សំរឹទ្ធ ៤៦ គ្រឿង។ នេះ​បើ​យោង​តាម​វេបសាយ​ផ្លូវការ​​ត្រឹម​យប់​ម្សិលមិញ។

 

កីឡា​ចំនួន ២០ លើ​ប្រភេទ​វិញ្ញាសា ២២៥ ផ្សេង​គ្នា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ក្រុម​កីឡា​មក​ពី​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ប្រកួត​ប្រជែង។ នៅ​​យប់​ថ្ងៃ​ទី ២១ ធ្នូ ឆ្នាំ ២០១៤ នេះ​គេ​នឹង​រៀបចំ​ពិធី​បិទ​ជា​ផ្លូវការ​លើ​កីឡដ្ឋាន Jakabaring Stadium៕

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទពេញនិយម