នេះនែ!...យុវវ័យជា​អ្នក​​បញ្ចូល​សំឡេង​ដ៏​កម្រ ​បាន​ប៊ូតុង​មាស​ពី Cambodia's Got Talent យប់​មិញ!

  • 2014-12-23 13:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អេ ឋានរិទ្ធ និង​ កញ្ញា ឈុន ម៉ារីណែត បាន​ធ្វើ​ឲ្យ​គណៈកម្មការ Cambodia's Got Talent មានការ​ផ្អើល និង ​ពោល​សរសើរ​ក្ដែងៗ ចំពោះ​សមត្ថភាព​សម្ដែង​រឿង​ឥត​ព្រាង​ទុក រហូត​ផ្ដល់​ប៊ូតុង​មាស​ដល់​ពូក​គេ​ទៀត​ផង។

 

ទោះ​បី​ជា​យ៉ាង​ណា កញ្ញា ឈុន ម៉ារីណែត បាន​ប្រាប់​ Sabay ​ថា ពូក​គេ​បាន​ចាប់​ដៃគូ​សម្ដែង​រយៈ​ពេល​ ៣ ​ឆ្នាំ ​មក​ហើយ តាំង​ពី​ដំបូង ​នៃ​ការ​បំពេញ​ការងារ​ជា​​បុគ្គលិក​វិទ្យុ​វាយោ​អេហ្វអឹម ស្រប​ពេល​រៀន​មហា​វិទ្យាល័យ​ច្បាប់​ជាមួយ​គ្នា​ផង​ដែរ។

 

កញ្ញា​អះអាង​ថា អាជីព​បញ្ចូល​សំឡេង កើត​ចេញ​ពី​ការ​ព្យាយាម​ហាត់​រៀន​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ មិន​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ពី​នរណា​ឡើយ។ ម៉ារីណែត និយាយ​ថា៖ "ខុស​ត្រូវ​យ៉ាង​ណា​យើង​ជួយ​កែ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​មិន​មាន​នរណា​ផ្សេង​ជួយ​បង្រៀន​នោះ​ទេ យូរ​ទៅ​ក៏​ធ្វើ​បាន"។

 

អ្នក​ផលិត​កម្ម​វិធី​វិទ្យុ​រូប​នេះ​បន្ត​ថា ដោយ​ការ​ខិត​ប្រឹងប្រែង​ជា​បន្តបន្ទាប់ និង​ អនុវត្តន៍​ជា​ប្រចាំ​ក្នុង​កម្មវិធី​ផ្សាយ​នៅ​តាម​ស្ថានីយ​វិទ្យុ នាំ​ឲ្យ​អ្នក​ទាំង​ពីរ​សម្រេច​បាន​លទ្ធផល​ដូច​សព្វ​ថ្ងៃ។ ក្នុង​នោះ​ម្នាក់ៗ​អាច​ធ្វើ​ជា​សំឡេង​បាន​ចំនួន​​ ១០ ​ឯណោះ ​រួម​មាន ចាស់ ក្មេង យុវវ័យ និង​ តួ​ឯក ឬ​តួ​រង​ជា​ដើម។

 

 

ម៉ារីណែត បញ្ជាក់​ថា៖ “ ការ​សម្ដែង​ជា​សំឡេង​មនុស្ស​ចាស់​ពិបាក​ជាង​គេ ពូក​យើង​ចំណាយ​ពេល​ហ្វឹកហាត់​ច្រើន​ដង ព្រោះ​សំឡេង​មិន​ទាន់​មូល​ល្អ​ទេ"។ ម៉ារីណែត ​បន្ត​ថា មាន​ផល​លំបាក​មួយ​ចំនួន​សម្រាប់​នាង នោះ​ជា​ការ​ញែក​សំឡេង​ឲ្យ​ដាច់​ចេញ​ពី​គ្នា និង ​កត្តា​វ័យ​នៅ​ក្មេង​ផង​ដែរ។

 

អាន​អត្ថបទ៖ ចេញ​មុខ​មាត់​ប្រុស​សង្ហា​អនាគត​ប្ដី​ ឆៃ លីដាឡែន

 

ស្រី​ស្អាត​ជា​អ្នក​ផលិតកម្ម​វិធី​វិទ្យុ​ខាង​លើ​យល់​ថា អាជីព​ជា​អ្នក​បញ្ចូល​សំឡេង​បែប​នេះ មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ទូទៅ​នោះ​ទេ។ កញ្ញា​រំពឹង​ថា អាជីព​នេះ ​អាច​រក​​លុយ​បាន​ច្រើន​នៅ​ពេល​អនាគត​មិន​ខាន។ ចំពោះ​លទ្ធផល​ប៊ូតុង​មាស​ក្នុង​កម្មវិធី Cambodia's Got Talent កាល​ពី​យប់​មិញ​នេះ ពូក​គេ​ចាត់​ទុក​ថា ជា​ការ​វាស់​ស្ទង់​សមត្ថភាព នៅ​ក្នុង​រយៈ​ពេល​ នៃ​ការ​ចាប់​ដៃ​គូ​សម្ដែង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ អាច​និយាយ​បាន​ថា ជា​ការ​ចាប់​ផ្ដើម​ទទួល​យក​ព័ត៌មាន​ត្រលប់​មក​វិញ។

 

“ដំបូង​ឡើយ ពូក​យើង​មិន​រំពឹង​ថា បាន​ទទួល​លទ្ធផល​ដូច្នេះ​ទេ គ្រាន់​តែ​មាន​ការ​តាំង​ចិត្ត​មួយ​ថា ធ្វើ​វា​ឲ្យ​បាន​ប៉ុណ្ណោះ"។ នាង​​ឲ្យ​ដឹង​បន្ថែម​ថា  នឹង​ឡើង​បង្ហាញ​សមត្ថភាព​ក្នុង​វគ្គ​ Live Show នៃ​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះ នៅ​ពាក់​កណ្ដាល​ខែ​មករា​២០១៥​ខាង​មុខ​។

 

អាន​អត្ថបទ៖ អ៊ិន សុទ្ធា ថា​មាន​អ្នក​ចិញ្ចឹម​មែន ប៉ុន្តែ​មិន​មែន​វ័យ​៤០​ឆ្នាំ​ទេ​ គឺ​៦០​ឆ្នាំ​ឯ​ណោះ!

ប៉ុន្តែ​តួ​បញ្ចូល​សំឡេង​ស្រី​រូប​នេះ មិន​ទាន់​ដឹង​​លទ្ធផល​​យ៉ាង​ណា​ចំពោះ​ការ​ប្រកួត​លើក​ក្រោយ​នោះ​ទេ ព្រោះ​ដៃ​គូ អេ ឋានរិទ្ធ ត្រូវ​ត្រឡប់​ទៅ​រស់​នៅ​ឯ​ខេត្ត​បាត់ដំបង​វិញ ដើម្បី​បំពេញ​តួ​នារី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ។ ដូច្នេះ​ ពូក​គេ​មាន​ពេល​វេលា​តិចតួច ដើម្បី​ហាត់​សម​ប៉ុណ្ណោះ នៅ​មុន​ពេល​ការ​ប្រកួត​មក​ដល់៕

 

 

http://youtu.be/BR6tqmEFfQE

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី