នារី​វាយ​កូន​បាល់​កម្ពុជា​ទី​មួយ​ បំបាក់​ចិន​ម្សិល​មិញ បន្ត​ប៉ះ​ជើង​ខ្លាំង​ចិន​ទៀត

  • 2014-12-24 15:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វាយ​កូន​បាល់​កម្ពុជា​តែ​ម្នាក់​គត់ និង​ទី​មួយ​ដែល​មាន​ឈ្មោះ​ប្រកួត​លក្ខណៈ​អន្តរជាតិ​កញ្ញា Andrea Ka បាន​យក​ឈ្នះ​ជើង​ខ្លាំង​ចិន​នាង Zhang ដែល​មាន​ចំណាត់​ថ្នាក់​ពិភព​លោក​ ៩០០​​សម្រាប់​ការ​ប្រកួត​ទោល​ក្នុង​ព្រឹត្តិការណ៍ ITF Woamen's Circuit Series កាល​ពី​ម្សិល​មិញ​​នៅ​ទី​ក្រុង​ហុងកុង។

 

សម្រាប់​ការ​យក​ឈ្នះ​​នេះ​ កីឡា​ការិនី​កម្ពុជា​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​បារាំង និង​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ Andrea Ka បាន​បំបាក់​កីឡា​ការិនី​ Zhang នៅ​ជុំ​ទី​មួយ​ដោយ​លទ្ធផល ៧-៥ និង ៦-៤។

សម្រាប់​ការ​ប្រកួត​ជុំ​ទី​ពីរ​ Andrea ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​របស់​ម្ចាស់​ផ្ទះ​ទៀត​គឺ​កីឡា​ការិនី​ Zhaoxuan Yang ​ដែល​មាន​ចំណាត់​ថ្នាក់​ពិភព​លោក ២៥២។ ដូច្នេះ​ច្បាស់​ណាស់​កីឡា​ការិនី​កម្ពុជា​នឹង​ធ្វើ​ការ​​ធ្ងន់​ហើយ​នៅ​វេលា​ម៉ោង​១១:៣០​នាទី​ព្រឹក​នេះ។

 

ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​នេះ Andrea បាន​ប្រាប់ Sabay ថា ៖«ខ្ញុំ​កំពុង​ផ្តោត​លើ​ការ​ប្រកួត។ ខ្ញុំ​បាន​ឈ្នះ​ជុំ​ទី​មួយ​ហើយ ហើយ​ព្រឹក​នេះ​ខ្ញុំ​ត្រូវ​ប្រកួត​នឹង​កីឡា​ការិនី​ចិន​ទៀត។ ខ្ញុំ​ពិត​ជា​រីក​រាយ ដែល​ទទួល​បាន​ឱកាស​នេះ អីចឹង​ខ្ញុំ​ត្រូវ​ប្រឹង​ប្រែង​ប្រកួត»។

 

កីឡា​ការិនី​កម្ពុជា​ដែល​មាន​ឪពុក​ម្តាយ​ជា​ខ្មែរ​បាន​បន្ត​ទៀត​ថា ៖«​ខ្ញុំ​ចង់​ប្រាប់​ដល់​ប្រជា​ជន​កម្ពុជា​ថា អ្វី​ៗ​អាច​កើត​មាន​ឡើង។ ក្តី​សង្ឃឹម និង​ការ​ជឿ​ជាក់​​គឺ​ជា​កូន​សោ​ឆ្ពោះ​ទៅ​រក​ភាព​​ជោគជ័យ។ ខ្ញុំ​​​តំណាង​ឲ្យ​កម្ពុជា​ ពី​ព្រោះ​ខ្ញុំ​ជា​​ជន​ជាតិ​​កម្ពុជា។ ឪពុក​ម្តាយ​ខ្ញុំ​កើត​នៅ​​កម្ពុជា។ ពិត​ណាស់ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យើង​ទទួល​បាន​ពិន្ទុ​កីឡា​វាយ​កូន​បាល់​ពិភព​លោក WTA។ វា​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​វត្តមាន​របស់​ខ្ញុំ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​សម្រាប់​ការ​ប្រកួត​ដ៏​ធំ​នេះ»។

 

ទោះ​បី​ជា​យ៉ាង​ណា​រហូត​ដល់​ពេល​នេះ កីឡា​ការិនី​កម្ពុជា​រូប​នេះ​មិន​ទាន់​មាន​ចំណាត់​ថ្នាក់​ពិភព​លោក​នៅ​ឡើយ​ទេ ខណៈ​នេះ​ជា​លើក​ទី​មួយ​ដែល​កញ្ញា​ទទួល​បាន​ឱកាស​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​​ការ​ស្វែង​រក​ពិន្ទុ និង​ចំណាត់​ថ្នាក់​ពិភព​លោក៕

 

អត្ថបទ៖ ជាន ចាន់រ៉ា