នារី​វាយ​កូន​បាល់​ខ្មែរ​នៅ​ San Francisco ប្ដេជ្ញា​មក​ជួយ​កម្ពុជា​នៅ​ស៊ីហ្គេម​២០១៥

  • 2015-02-03 16:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វាយ​កូន​បាល់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទី​មួយ​លើ​ឆាក​អន្តរជាតិ​កញ្ញា Andrea Ka ប្តេជ្ញា​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​មក​ជួយ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៥​នៅ​ប្រទេស​សិង្ហបុរី។

កីឡាការិនី Andrea Ka

ក្រោយ​ធ្លាក់​នៅ​ជុំ​ទី​ពីរ​ក្នុង​ព្រឹត្តិការណ៍​ ITF Women’s Futures នៅ​ទី​ក្រុង​ហុងកុង​ដើម​សប្តាហ៍​នេះ​ Andrea Ka បាន​ឲ្យ​ដឹង​ថា កញ្ញា​នឹង​វិល​ត្រឡប់​ទៅ​​សហរដ្ឋ​អាមេរិក​​ដើម្បី​​បន្ត​ការ​សិក្សាសម្រាប់​ឆមាស​ថ្មី​​​ និង​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជើង​ឯក​កីឡា​វាយ​កូន​បាល់​​សាកល​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក មុន​ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា​​​ចូល​រួម​ប្រកួត​​ស៊ីហ្គេម​២០១៥។

 

កញ្ញា​បាន​និយាយ​ថា ៖«ខ្ញុំ​ផ្ដោត​សំខាន់​លើ​​រឿង​ពីរ​សម្រាប់​ការ​វិល​ទៅ​អាមេរិក​នេះ ទី​មួយ​ខ្ញុំ​ចូល​រៀន​ និង​ទី​ពីរ​​ប្រឹង​ប្រែង​ប្រកួត។ រាល់​ចុង​សប្តាហ៍​ ខ្ញុំ​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​តាម​បណ្តា​សាកល​វិទ្យាល័យ​នានា​នៅ​អាមេរិក​ ព្រោះ​ខ្ញុំ​ជា​កីឡា​ការិនី​តំណាង​ឲ្យ​សាកល​វិទ្យាល័យ San Francisco»។

 

Andrea បាន​បញ្ជាក់​ថា ការ​ប្រកួត​ចាប់​ពី​ខែ​មករា​ដល់​ខែ​ឧសភា ឆ្នាំ​២០១៥ ​នៅ​សហរដ្ឋ​អាមេរិក​នេះ​ ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កញ្ញា​​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​នា​ពាក់​កណ្តាល​ឆ្នាំ​២០១៥​ខាង​មុខ។

 

កីឡាការិនី​អាយុ​២២​ឆ្នាំ ​​និយាយ​ពោរពេញ​ដោយ​អត្ថន័យ​ថា ៖«ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​​ដែល​​បាន​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​នាំ​មេដាយ​ជូន​ប្រទេស​កម្ពុជា»។

 

នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ Andrea Ka នឹង​មក​ប្រទេស​កម្ពុជា​មុន​ពេល​​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥។

 

កីឡា​ការិនី​កើត​នៅ​ប្រទេស​បារាំង​ដែល​មាន​ឪពុក​ម្តាយ​ជា​ខ្មែរ​​រៀន​ជំនាញ​ទី​ផ្សារ​នៅ​សាកល​ San Francisco ដែល​នឹង​ត្រូវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​របស់​នាង​នៅ​ខែ​ឧសភា ឆ្នាំ​២០១៦។

 

កញ្ញា​ធ្លាប់​បាន​ចូល​រួម​ជា​មួយ​ក្រុម​កីឡា​ជម្រើស​ជាតិ​កម្ពុជា​នៅ​ស៊ីហ្គេម​ប្រទេស​ឥណ្ឌូណេស៊ី និង​កីឡា​ទ្វីប​អាស៊ី​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ទោះ​ជា​មិន​ទទួល​បាន​មេដាយ ប៉ុន្តែ​កញ្ញា​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ៕

កីឡាការិនី Andrea Ka (ពី​ឆ្វេង​ទី​៤) និង​ក្រុម​កីឡា​កម្ពុជា​នៅ​​កីឡា​​ទ្វីប​អាស៊ី កូរ៉េ​ខាង​ត្បូង

អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ TFC