វណ្ណ ស៊ីដារ៉ូ នៅ​ក្មេង​សោះ ក្លាយ​ជា​អ្នក​ដឹក​នាំ​ថត ​MV​ នៅ​ហង្ស​មាស

  • 2015-01-05 22:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជយលាភី​ចំណាត់​ថ្នាក់​លេខ​ ២​ កម្មវិធី "ពេជ្រ​កំពុង​ច្នៃ" វណ្ណ ស៊ីដារ៉ូ កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​អ្នក​ដឹកនាំ​ថត​ MV នៅ​ក្នុង​ផលិតកម្ម​ហង្សមាស ក្រោយ​ពី​បាន​ចំណាយ​ពេល​លើ​វិស័យ​នេះ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

 

 

ដារ៉ូ បាន​ប្រាប់ ​Sabay មុន​នេះ​ថា រូប​គេ​កំពុង​ត្រៀម​ចូល​បំពេញ​ការងារ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ផលិតកម្ម​ចម្រៀង​ឈាន​មុខ​ខាង​លើ​ឆាប់ៗ។ ការ​សម្រេច​ចិត្ត​បែប​នេះ ក្រោយ​​ពី​បាន​​ចរចា​រួច​រាល់​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ជាមួយ​ថ្នាក់​ដឹក​នាំ​ផលិតកម្ម។ អ្នក​ដឹក​នាំ​ MV វ័យ​ក្មេង​រូប​នេះ ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ព្រោះ​រូប​គេ​មាន​វ័យ​ក្មេង​នៅ​ឡើយ បើ​ប្រៀបធៀប​ជាមួយ​អ្នក​រួម​ការងារ​ផ្សេង​ទៀត។

 

ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា ស៊ីដារ៉ូ បាន​អះអាង​ថា ធ្លាប់​បាន​សម្រេច​សមិទ្ធផល​ភាពយន្ត​ខ្នាត​ខ្លី​មួយ​​ចំនួន​កន្លង​មក​ដែរ ហើយ​ថែមទាំង​បាន​យក​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ផ្សេងៗ​​។ ជាក់​ស្ដែង​ថ្មីៗ​នេះ ស្នាដៃ​​កុន​ខ្លី​របស់​គេ​មាន​ចំណង​ជើង​ថា "ម្ចាស់​សូរ​តន្ត្រី" បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ នៃ​ការ​ប្រកួត ​"បាយ័ន Short Film”។

 

រូប​គេ​បន្ថែម​ថា ក្រោយ​ជាប់​ជយលាភី​ភ្លាម ខាង​ផលិតកម្ម​ហង្ស​មាស បាន​ហៅ​ទៅ​ចរចា​គ្នា និង ​ផ្ដល់​មុខ​តំណែង​មួយ​កន្លែង​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ថត​ចម្រៀង​ខារ៉ាអូខេ។ ដារ៉ូ ចាត់​ទុក​ថា ជា​សញ្ញា​វិជ្ជមាន និង​ជា​ឱកាស​មួយ​សម្រាប់​រូប​គេ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​ទៀត ក្រៅ​ពី​ការ​ដឹក​នាំ​កុន​ខ្លី​ទៅ​ហើយ ថែម​ទាំង​ក្លាយ​ជា​​អ្នក​ដឹក​នាំ​ថត​ចម្រៀង​ខារ៉ាអូខេ​បន្ថែម​ទៀត។

 

ទោះ​បី​ជា​យ៉ាង​ណា អតីត​ជយលាភី​កម្មវិធី "ពេជ្រ​កំពុង​ច្នៃ" ឆ្នាំ​២០១៣​រូប​នេះ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​ព្យាយាម​អស់​ពី​លទ្ធភាព ដើម្បី​ទទួល​បាន​លទ្ធផល​ស្នាដៃ​ល្អ​ប្រសើរ នៅ​ក្នុង​ការ​ចាប់​ផ្ដើម​ដំបូង​នេះ តាម​ការ​ខិតខំ​ប្រឹងប្រែង និង​ ការ​សហការ​ល្អ​នៅ​ក្នុង​ក្រុម៕

 

 

 

 

 

 

អាន​អត្ថបទ៖ តារាង​ចំណូល​ភាពយន្ត​ល្បីៗ​ប្រចាំ​សប្ដាហ៍

អាន​អត្ថបទ៖ ស្ងាត់​ពី​សិល្បៈ​មួយ​រយៈ​ធំ ស៊ឹម សុរាមភូមិ ចេញ​មុខ​បើក​ផលិតកម្ម​ភាពយន្ត​ខ្លួន​ឯង

 

 

អត្ថបទ៖ សំ ជំនាញ រូបថត​ផ្ដល់​ឲ្យ

អត្ថបទថ្មី