បងស្ម័គ្រអូនស្មោះ មានប្រឡោះ បងបញ្ចាំម៉ូតូអូនបាត់!
- 2014-10-02 17:20:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងស្ម័គ្រអូនស្មោះ មានប្រឡោះ បងបញ្ចាំម៉ូតូអូនបាត់!
ចន្លោះមិនឃើញ
“សង្សារ ខ្ញុំខ្ចីម៉ូតូបាត់ពេញមួយថ្ងៃ ស្រាប់តែឭថា យកម៉ូតូទៅបញ្ចាំបាត់”។ នេះជាការលើកឡើងរបស់កញ្ញាណារ៉ា ដែលជាឈ្មោះហៅក្រៅ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហារយៈពេល ៣ឆ្នាំហើយ ហើយជិតដល់ថ្ងៃចូលរោងទៀតផង ប៉ុន្តែនៅពេលកើតហេតុបែបនេះ ណារ៉ា ក៏បានផ្ដាច់ទំនាក់ទំនងតែម្ដងទៅ។
បងអើយ ខ្ញុំសំណាងណាស់ដែលមិនទាន់បានរៀបការ បើសិនជារៀបការវិញមិនដឹងថា ខ្ញុំបែកទ្រូងយ៉ាងណាទេ?”។ ទាំងនេះជាពាក្យសម្ដីដែលលើកឡើងដោយកញ្ញាណារ៉ា ប្រាប់អ្នកយកព័ត៌មាន Sabay។
រូបតំណាង
នាងរៀបរាប់បន្តថា៖ "ក្នុងអំឡុងពេលទំនាក់ទំនង៣ឆ្នាំ ខ្ញុំស្មានចិត្តគាត់មិនត្រូវទាល់តែសោះ។ គាត់ជាមនុស្សម្នាក់ដែលមិនសូវនិយាយស្ដី ហើយក៏មិននិយមចូលចិត្តផឹកស៊ីទៀត។ ដូច្នេះហើយគ្រប់សកម្មភាពខ្ញុំបានទុកចិត្តគាត់"។
ប៉ុន្តែថ្ងៃ មួយសង្សារខ្ញុំបានមកកន្លែងខ្ញុំធ្វើការដោយប្រាប់ថា ម៉ូតូរបស់គាត់ត្រូវគេខ្ចី ហើយមកខ្ចីម៉ូតូខ្ញុំម៉ាក Wave ពណ៌ក្រហម ដើម្បីទៅចូលរួមជប់លៀងជាមួយមិត្តភ័ក្ដិនៅតាខ្មៅ ខេត្តកណ្ដាល។ ខ្ញុំក៏បានហុចសោម៉ូតូឲ្យគាត់ ហើយគាត់ក៏បានទៅបាត់ទៅ។
រហូតដល់ម៉ោង៦ល្ងាចទៅហើយ គាត់ក៏មិនឃើញត្រឡប់មកយកខ្ញុំចេញពីកន្លែង ធ្វើការតាមការសន្យារបស់គាត់ឡើយ។ ដោយទ្រាំមិនបានក៏ទូរសព្ទទៅសង្សារ ហើយគាត់ក៏បានលើកទូរសព្ទ ដោយបាននិយាយថា៖ "បងសុំទោស ម៉ូតូអូនបញ្ចាំបាត់ហើយ ព្រោះបងចាញ់បាល់ ហើយជំពាក់លុយគេ ក៏ដាក់បញ្ចាំម៉ូតូសងគេទៅ”។ គ្រាន់តែឭដូច្នេះខ្ញុំធ្លាក់ថ្លើមក្ដុក ដោយមិននឹកស្មានថា គាត់ហ៊ានធ្វើដល់ថ្នាក់នេះ។
មួយ អាទិត្យក្រោយមកគាត់ក៏បានលោះម៉ូតូមកឲ្យខ្ញុំវិញ នៅពេលនោះក៏ជាពេលដែលខ្ញុំសម្រេចចិត្តផ្ដាច់ទំនាក់ទំនងជាមួយគាត់ បើទោះបីជាគាត់បានសុំទោស រួមទាំងអង្វរករ ជាច្រើនលើកច្រើនសារក៏ដោយ។ គាត់និយាយថា ៖”បងសុំទោស បងទើបតែលង់ម្ដងប៉ុណ្ណោះ ហើយសន្យាថា មិនមានជាលើកទី២នោះទេ ហើយបងសន្យាថា នឹងចូលស្ដីដណ្ដឹងអូនរៀបការតាមប្រពៃណី”។
ទោះ បីជាយ៉ាងណាក៏ដោយខ្ញុំមិនអាចជឿលើការអង្វរករនោះបានទៀតទេ ព្រោះទង្វើរបស់សង្សារខ្ញុំបានធ្វើឲ្យខ្ញុំខ្មាសគេផង បាត់បង់ជំនឿចិត្តលើគាត់ផង និងខ្លាចគាត់ធ្វើបាបខ្ញុំលើសនេះនៅពេលរៀបការហើយ។ តើការសម្រេចចិត្តរបស់ខ្ញុំនេះត្រូវទេ? តើជឿថា គាត់នឹងកែខ្លួនទេ ព្រោះគាត់ទើបមានកំហុសលើកទី១? ទាំងនេះជាសំណួររបស់ណារ៉ា៕
-ចង់ដឹងពីរឿងរ៉ាវស្នេហាផ្សេងទៀត ផ្ញើមកពីប្រិយមិត្តអ្នកអាន សូមចុចត្រង់នេះ
អត្ថបទ៖ វិបុត្រ ប្រសិនបើ ប្រិយមិត្ត មានបញ្ហាស្នេហាដែលចង់ចែករំលែកដល់មិត្តអ្នកអានបានជាបទ ពិសោធន៍ ឬជួយជាយោបល់ក្នុងការដោះស្រាយសូមផ្ញើអត្ថបទរឿងរ៉ាវពិតរបស់ អ្នកមកកាន់ may.soklim@cidc.com.kh។ ឬអ្នកអាចទូរស័ព្ទមកយើង ០១៦ ៧៩២ ១៥១។ Sabay នឹងចុះផ្សាយជូន។