គ្រាន់​តែ​បង​​រត់​តុ​ និង​ម៉ូតូឌុប​ក្រៅ​ម៉ោង​សិក្សា​ ម៉េច​អូន​​ធ្វើ​អីចឹង?

  • 2014-09-30 15:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​សូម​ប្រើ​ឈ្មោះ​ ព.ស ​ហើយ​នារី​ដែល​ជា​អតីត​សង្សារ​របស់​ខ្ញុំ​ឈ្មោះ​ ណ.រ ​ក្នុង​អត្ថបទ​នេះ​ទៅ​ចុះ។ បច្ចុប្បន្ន​​ នាង ​ណ.រ ​ជា​និស្សិត​ផ្នែក​គណិត​វិទ្យា​ នៅ​សាកល​វិទ្យាល័យ​រដ្ឋ​មួយ​​ ក្នុង​រាជ​ធានី​ភ្នំពេញ។

 

ខ្ញុំ​ជា​អ្នក​ខេត្ត​កំពង់ធំ​ អាយុ​២៣​ឆ្នាំ​ បច្ចុប្បន្ន​​ជា​និស្សិត​​ជំនាញ​វិស្វកម្ម​ ក្នុង​វិទ្យាស្ថាន​​ឯក​ជន​មួយ​ ក្នុង​​រាជធានី​ភ្នំពេញ​ដែរ។ ខ្ញុំ​សូម​សរសេរ​អត្ថបទ​មួយ​នេះ​ផ្ញើ​មក​​កាន់​ Sabay​ ដើម្បី​ឲ្យ​នារី​ៗ​​ទាំង​អស់​បាន​យល់​ពី​ចិត្ត​បុរស​ ដែល​ខិត​ខំ​ធ្វើ​ការ​ ដើម្បី​អនាគត​ដ៏​ភ្លឺស្វាង។

 

រូប​តំណាង​

 

ខ្ញុំបាន​ស្គាល់​នារី​ម្នាក់​ពេល​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា។ បើ​និយាយ​ពី​នារី​រូប​នោះ​ ដែល​ខ្ញុំ​ឲ្យ​ឈ្មោះ​ថា​ ណ.រ ​គឺ​ជា​មនុស្ស​ឆ្លាត ​​ពូកែ​ខាង​មុខ​វិជ្ជា​គណិតវិទ្យា។ និស្សិត​ស្រី​ដែល​មាន​ចរិត​ស្លូតបូត​ សុភាព​រាបសា​ រូបសម្បត្តិ​សមរម្យ​ និង​មកពី​ខេត្ត​ ចេះ​តស៊ូ​នឹង​ការ​រៀន​សូត្រ​គួរ​ឲ្យ​កត់​​សម្គាល់។

 

ចំណែក ​ខ្ញុំ​ក៏​ជា​សិស្ស​ម្នាក់​គ្រាន់​បើ​ដែរ​ កាល​រៀន​នៅ​វិទ្យាល័យ​ ដោយ​ចូល​ចិត្ត​ខាង​មុខវិជ្ជា​វិទ្យាសាស្ត្រ​ ដូចជា​គណិតវិទ្យា​ជាដើម។ ប៉ុន្តែ​នារី​រូប​នេះ​ឆ្លាត​ជាង​ខ្ញុំ។ នាង​ឆាប់​រក​​នូវ​ដំណោះ​ស្រាយ​លំហាត់​បាន​យ៉ាង​ឆាប់​រហ័ស​ ទោះ​លំហាត់​នោះ​យ៉ាប់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

 

ពេល​នៅ​វិទ្យាល័យ​ ពួក​យើង​បាន​បង្កើត​ក្លិប​សិក្សា​ (រៀន​តែ​គណិតវិទ្យា)​ ដែល​មាន​គ្នា​តែ​៤​ទៅ​៥​នាក់​ទេ​ នៅផ្ទះ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ម្នាក់​ ដោយ​ជួបជុំ​រៀង​រាល់​ថ្ងៃសៅរ៍​ អាទិត្យ​ ជាហេតុ​ធ្វើឲ្យ​ខ្ញុំ​កាន់​តែ​យល់​ចិត្ត​នាង​ស៊ី​ជម្រៅ​ឡើង។ តែ​ខ្ញុំ​មិន​ហ៊ាន​សារភាព​ស្នេហ៍​ចំពោះ​នាង​ឡើយ​ សុខចិត្ត​ស្រលាញ់​​តែមិន​ហ៊ាន​សារភាព។

 

ខ្ញុំ​បាន​រក្សា​ទុក​កូន​ចិត្ត​របស់ខ្ញុំ​ រហូត​ដល់​ពួក​យើង​បាន​បញ្ចប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ទាំង​អស់​ គ្នា។ នាងទទួល​បាន​លទ្ធផល​ល្អ​ជាង​ខ្ញុំ គឺ​រក​បាន​និទ្ទេស​ B ឯ​ខ្ញុំវិញ​បាន​ត្រឹមតែ​និទ្ទេស​ C ប៉ុណ្ណោះ។ ពួក​យើង​ក៏​បន្ត​មក​រៀន​ត្រៀម​ឯ​សាលា​ជ័យ​ថាវី​ នៅ​ភ្នំពេញ​ ដែល​ជា​កន្លែង​ខ្ញុំ​សម្រេច​ចិត្ត​​​សារភាព​ស្នេហ៍​ចំពោះ​នាង។ នាង​ក៏​យល់ព្រម​ ហើយ​បាន​សន្យា​នឹង​គ្នា​ថា​ រៀន​ឲ្យ​បាន​ពូកែ​ ព្រោះ​នាង​ចូល​ចិត្ត​អ្នក​រៀន​ខ្លាំង​ និង​មិនសូវ​សាំញ៉ាំ​ច្រើន។ បន្ទាប់​មក​នាង​ក៏​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​​ ឯ​ខ្ញុំ​វិញ​ក៏​ចូលរៀន​នូវ​វិទ្យាស្ថាន។

 

ក្នុង​ឆ្នាំ​ទី​មួយ​ ខ្ញុំ​ក៏​ជា​និស្សិត​ម្នាក់​ដែល​មាន​កម្រិត​ពិន្ទុ​ខ្ពស់​​​ ក្នុង​សាលា​របស់​​ខ្ញុំ​ គឺ​រក​បាន​​ពិន្ទុ​ ​GPA=3.0​ (សូម​បញ្ជាក់​ថា​ ក្នុង​សាលា​នេះ​មិន​ងាយ​យក​ពិន្ទុ​ដូច​សាលា​គេ​ទេ​ ព្រោះ​មុខវិជ្ជា​​សម្រាប់​​រៀន​ ​​ពិបាក​ខ្លាំង​ ដូច​ជា​រូបវិទ្យា​ និង​គណិតវិទ្យា​ជាដើម)។ ទំនាក់ទំនង​​របស់​យើង​គឺ​កាន់​តែ​​ល្អ​​ទៅ​ៗ។

 

តែ ​នៅ​ឆ្នាំទីពីរ​ និង​ទីបី​ ខ្ញុំ​មាន​បញ្ហា​ផ្នែក​ថវិកា​ ដូច្នេះ​ខ្ញុំ​ក៏​រក​ការងារ​ក្រៅ​ម៉ោង​ធ្វើ​ ដើម្បី​ទប់ទល់​នឹង​ការ​សិក្សា​របស់​ខ្ញុំ។ ការ​ងារ​ក្រៅ​ម៉ោង​នោះ​មាន​ដូច​ជា​ រត់​ភេសជ្ជៈ​តាម​រោងការ​ ឬ​រោង​បុណ្យ​ និង​​អ្នក​រត់​ម៉ូតូឌុប​មុខ​សណ្ឋាគារ​ណាហ្គាវើល​ ឬ​មុខ​ក្លឹប​កម្សាន្ត​ជាដើម​ ដែល​ជា​ដើមចម​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ខ្ញុំ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ គឺ​រក​ពិន្ទុ​បាន​ត្រឹម​តែ​ GPA=2.0 ​តែ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ទាំង​ពីរ​នេះ។

 

រូប​តំណាង​

 

ដោយសារ ​តែ​ពិន្ទុខ្ញុំ​ក្នុង​ឆ្នាំ​ទាំង​ពី​នេះ​ធ្លាក់​ចុះ​ ពួក​យើង​ក៏​ចាប់​ផ្ដើម​មាន​ភាព​រកាំរកូស​ ជាពិសេស​ទាស់​សម្ដី​គ្នា​បន្តិចបន្តួច។ រហូតដល់​ដើម​ឆ្នាំ​ទី​បួន​ នាង​បាន​សុំ​ខ្ញុំ​ចែក​ផ្លូវ​គ្នា។ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា ​ហេតុ​អ្វី​ទៅ​បាន​យើង​ត្រូវ​បែក​គ្នា? តែ​នាង​មិន​ឆ្លើយ​ពន្យល់​​អ្វី​ឡើយ ធ្វើ​ឲ្យ​ខ្ញុំ​ឃ្លាត​​ឆ្ងាយ​​ពី​​នាង​​ទាំង​​មិន​​អស់​​ចិត្ត។

 

ខ្ញុំ​គ្រាន់​តែ​​គិត​ថា​ ដោយសារ​ពិន្ទុ​របស់ខ្ញុំ​ហើយ​ បាន​ជា​​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ខ្ញុំ​ និង​នាង​ត្រូវ​ដល់​ផ្លូវ​បំបែក។ ខ្ញុំ​មាន​អារម្មណ៍​ខូច​ចិត្ត​យ៉ាង​ខ្លាំង​ ហើយ​​បាន​ស្តី​បន្ទោស​ខ្លួន​ឯង​​ចំពោះ​​កំហុស​ឆ្គង​នេះ ​តែ​យ៉ាងណា​ក៏ដោយ​ បញ្ហា​ដែល​កើត​ឡើង​នេះ​ គឺ​ដោយសារ​ខ្ញុំ​ជា​មនុស្ស​មិន​ពូកែ​ មិន​ឆ្លាត​ដូច​គេ។ ប៉ុន្តែ​ខ្ញុំ​នៅតែ​ស្រលាញ់​នាង​ ព្រោះ​នាង​ឧស្សាហ៍​ព្យាយាម​ឲ្យ​ដំបូន្មាន​ល្អ​ៗ​មក​ខ្ញុំ៕

 

ពី​ខ្ញុំ​ ព.ស ចុះ​ប្រិយមិត្ត​អ្នក​អាន​ ​​មាន​យោបល់​អ្វី​ណែនាំ​​ដល់​​លោក​ ព.ស​​ទេ?

 

-ចង់​ដឹង​ពី​រឿង​រ៉ាវ​ស្នេហា​ផ្សេង​ទៀត​ ផ្ញើ​មក​ពី​ប្រិយមិត្ត​អ្នក​អាន​ សូម​ចុច​ត្រង់​នេះ

 

ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជា​យោបល់​ក្នុង​ការ​ដោះ​ស្រាយ​ សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​អ្នក​មក​កាន់​ may.soklim@cidc.com.kh។ ឬ​អ្នក​​អាច​ទូរសព្ទ​មក​យើង ០១៦​ ៧៩២​ ១៥១។  Sabay នឹង​ចុះ​​ផ្សាយ​​ជូន។

 

 

អត្ថបទថ្មី